អាមេរិកបន្តជំរុញឱ្យដោះលែងលោក កឹម សុខា និងសកម្មជន

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ (រូបពីហ្វេសប៊ុក លោក កឹម សុខា)

សហរដ្ឋ​អាមេរិក ​បន្ត​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​ដោះលែង​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង ​លោក​ កឹម​ សុខា​ និង​ស​ក​ម្ម​​ជន​ដទៃ​ទៀតជាបន្ទាន់​ ដោយ​ថា ដើម្បីស្តារស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រ​ជា​ធិប​តេយ្យនៅ​កម្ពុជា។

អាមេរិក​ជំរុញ​បែប​នេះ​ចំ​ពេល​ដែល​អាជ្ញាធរ​កម្ពុជា​ ចាប់​ខ្លួន​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២៦​រូប​ ជា​បន្ត​បន្ទាប់ បន្ថែម​ទៅ​លើ​លោក កឹម សុខា ដែលស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះនៅឡើយនោះ។

ក្នុង​​វីដេអូ​​រយៈ​ពេល​ជិត ១​នាទី ​ដែល​បង្ហោះលើប​ណ្តា​ញសង្គម ​Twitter របស់​គាត់​នោះ​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ អាមេរិក​ អ្នកស្រី​ ម័​រហ្គេន​ អ័​រតាហ្គឹស​(Morgan​ Ortagus​) លើក​ឡើង​ថា អាមេរិកព្រួយបារម្ភ​ពីការគាបសង្កត់ផ្នែកនយោបាយទៅលើបក្សប្រឆាំង ដោយ​ថា ចំណាត់នេះ ជាការចាប់ឃុំខ្លួនមនុស្សតាមអំពើចិត្ត និងរារាំងដល់ដំណើរការប្រជាធិបតេយ្យដ៏ពិតប្រាកដមួយនៅកម្ពុជា។

អ្នកស្រី ម័រហ្គេន អ័រតាហ្គឹស ថ្លែង​ថា៖ «សហរដ្ឋ​អាមេរិក​ព្រួយបារម្ភ​អំពី​ស្ថានភាព​គាបសង្កត់​ខាងនយោបាយ​របស់​រដ្ឋា​ភិ​បា​លម្ពុ​ជា​ទៅលើ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​យើង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុបបំបាត់​ការ​រឹត​បន្តឹង​ខា​ង​ន​យោបាយ​នានា​លើ​បុគ្គល​គ្រប់រូប​ រួម​ទាំង​លោក​ កឹម​ សុខា​»

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ សម​ រង្ស៊ី​ លើកឡើង​លើ​ហ្វេ​សប៊ុ​ក​របស់​លោក​នា​ថ្ងៃនេះ​ដែរ​ថា​ មេដឹកនាំ​បក្ស​កាន់អំណាច​«លោក​ ហ៊ុន​ សែន​ ជា​អ្នកនាំ​គ្រោះ​ដល់​កម្ពុជា​» បើ​មិន​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ​មាន​គណបក្ស​ប្រឆាំង​ចូលរួម​ទេ​នោះ​។

លោក​ សម​ រង្ស៊ី​ សរសេរ​រៀបរាប់ថា​៖ «ហ៊ុន​ សែន​ បាន​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​ [..] ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​បែបនេះ​ នាំមក​នូវ​អស្ថេរ​ភាព​ និង​គ្រោះថ្នាក់​​ដល់​កម្ពុជា​ ពីព្រោះ​ប្រជា​រា​ស្ត្រ​ខ្មែរ​[…] រើបម្រះ​ដោយ​ងើបឈរ​ជា​ធ្លុងមួយ​ ដើម្បី​ផ្តួល​រំ​លំ​របប​ផ្តាច់​ការ​សព្វថ្ងៃ​»

អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផាន​ ក្នុង​សន្និសីទ​សារព័ត៌មាន​​នៅ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​នា​ថ្ងៃនេះ​ បាន​ច្រានចោល​ការ​លើកឡើង​ទាំងនោះ​។

អ្នកនាំ​ពាក្យ​រូប​នេះ នៅ​តែ​​អះអាង​ថា​ ការ​រំលាយ​គណបក្ស​ប្រឆាំង​ជា​វិធានការ​ច្បាប់​ ហើយ​ថា​ ការបោះឆ្នោត​ត្រូវ​ធ្វើ៥ឆ្នាំ​ម្ដ​ងតាម​ការ​កំណត់​។ លោក​ថា​ ការ​ដោះលែង​ជនជាប់ចោទ​ណាមួយ​ ជា​សិទ្ធិ​អំណាច​របស់​តុលាការ​ ។

លោក​ ផៃ ស៊ីផាន ថ្លែង​ថា​៖ «កម្ពុជា​មិន​ទទួលស្គាល់​សម​ជិ​កភាព​ហ្នឹង​ទេ​ [គណបក្សប្រឆាំង] ពីព្រោះ[បក្សនេះ]​ត្រូវ​បាន​រំលាយ​ហើយ​ ។រំលាយ​ទៅលើ​អង្គហេតុ​ និង​អង្គច្បាប់ ​ដែល​យើង​យល់ឃើញ​ថា​ ជា​ភាព​ត្រឹមត្រូវ​របស់​តុលាការ​កំពូល​។ ដូច្នេះ​ សូម​ជម្រាប​ដល់​អ្នកនាំពាក្យ​នៅ​វ៉ា​ស៊ិន​តុន​ឱ្យ​យល់​ពី​ជំ​ហរ​បស់​កម្ពុជា​»

លោក​ កឹម​ សុខា​ ត្រូវ​សមត្ថកិច្ច​​ឆ្មក់​ចាប់ខ្លួន​​ទាំង​មាន​អភ័យ​ឯកសិទ្ធិ​សភា​​កាលពីដើម​ខែ​កញ្ញា​ ​​ឆ្នាំ២០១៧​ ក្រោម​ការ​ចោទ​ថា ​ឃុបឃិតជាមួយ​សហរដ្ឋ​អាមេរិក​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​​របស់​លោក​ ហ៊ុន​ សែន​ ​ ខណៈ​លោក​កំពុង​ស្នាក់នៅ​ក្នុង​ផ្ទះ​ស្ថិតនៅ​ក្នុង​ខណ្ឌ​ទួល​គោល​ រាជធានី​ភ្នំពេញ​។

​ លោក​ កឹម​ សុខា​ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ត្រូវ​បាន​ឃុំខ្លួន​ជាង​ពីរ​ឆ្នាំ​មក​ហើយ​ គិត​ទាំង​ឃុំ​នៅក្នុង​ពន្ធនាគារ​ និង​ឃុំ​នៅក្នុង​ផ្ទះ​។

អ្នកវិភាគ​នយោបាយ ​លោក​ ឯម​ សុវណ្ណ​រ៉ា​ ប្រាប់​ថា​ សារ​អាមេរិក​នេះ ​ជា​សញ្ញា​ហានិភ័យ​របស់​កម្ពុជា​ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើ​ឱ្យ​​ដំណើរការ​ប្រជាធិបតេយ្យ​​ប្រសើ​ឡើងវិញទេនោះ​។

លោក ឯម សុវណ្ណរ៉ា ប្រាប់​ថា​៖ «សារ​ហ្នឹង​ វា​មិនមែន​ជា​រឿង​ចៃ​ដន្យ​ទេ​ វា​ជា​ការ​តាំងចិត្ត​ ដើម្បី​ពញ្ញាក់​ស្មារតី​គណបក្ស​កាន់អំណាច​ឱ្យ​គិត​ពី​ហានិភ័យ​ដែល​អាច​កើតឡើង​បើ​[រដ្ឋាភិបាល​]មិន​ឆ្លើយតបទៅនឹង​ការ​បើក​លំ​ហរ​សេរីភាព​នៃ​ការ​ដោះលែង​សកម្មជន​អ្នកនយោបាយ​បក្ស​ប្រឆាំង​ហ្នឹង​»

កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​ ក្រសួង​ការបរទេស​អាមេរិក​​ចេញ​សារ​ប្រហាក់​ប្រហែល​នេះ​ដែរ​ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ផ្សះផ្សា​ជាតិ​ឡើងវិញ​។

អាមេរិក​ចាត់ទុក​​ការ​ចាប់ខ្លួន​លោក​ កឹម​ សុខា​ ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ ការ​ដកហូត​ដំណែង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ជាប់ឆ្នោត​​ជាង ៥ពាន់​​អាសនៈ​របស់​បក្ស​ប្រឆាំង​ ជា​ទង្វើ​បំផ្លាញ​លទ្ធិ​ប្រជា​ធិប​តេយ្យ​សេរី​ពហុបក្ស​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា​។

មន្ត្រី​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ២៦រូប​ហើយ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ រង​ការ​ចោទ​ពី​បទ​ញុះញង់​ កៀរគរ​មហាជន​ឱ្យ​ទទួល​លោក​សម​ រង្ស៊ី​ ដែល​គ្រោង​វិលត្រឡប់​វិញ​នៅ​ថ្ងៃទី៩ ខែវិច្ឆិកា​ ។

អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោកស្រី​ រ៉ូ​ណា​ ស្មី​ត លើកឡើង​ក្នុង​របាយការណ៍​ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នា​កិច្ចប្រជុំ​លើក​ទី៤២ឆ្នាំនេះ​ថា​ រយៈពេល១ឆ្នាំ​ ចាប់ពី​ការបោះឆ្នោត​ជាតិ​ ឆ្នាំ២០១៨មក​ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ពោ​ពេញ​ទៅ​ដោយ​ការ​រឹតត្បិត​និង​គំរាមកំហែង​ដោយ​នយោបាយ​។

តាមរយៈ​របាយការណ៍​ដដែល​លោកស្រី​ រ៉ូ​ណា​ ស្មី​ត ​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ លោក​ កឹម​ សុខា​និង​បង្កើត​លម្ហ​សម្រាប់​សន្ទនា​នយោបាយ​ រវាង​រដ្ឋាភិបាល​និង​អ្នកនយោបាយ​ប្រឆាំង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ