លោក ខៀវ កាញារីទ្ធ៖ មិនមែនដោយសារផ្សាយពាណិជ្ជកម្មស្រា បានមនុស្សផឹកទេ

ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងជាមួយអ្នកសារព័ត៌មាននៅពេលកន្លងទៅ។​

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ អះអាងថា មូលហេតុដែលនាំឱ្យមានអ្នកពិសាគ្រឿងស្រវឹងច្រើន ឬរហូតដល់ស្រវឹងជោកជាំនោះ មិនពាក់ព័ន្ធជាមួយការផ្សព្វផ្សាយពាណិជ្ជកម្មតាមរូបភាពផ្សេងៗនោះទេ ហើយម្យ៉ាងទៀតនៅកម្ពុជាបច្ចុប្បន្ន ក៏មិនទាន់មានច្បាប់ហាមការផ្សព្វផ្សាយគ្រឿងស្រវឹងដែរ។​

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ប្រាប់​ក្រុមអ្នកសារព័ត៌​មាន​ក្រោយសន្និសីទសារព័ត៌មានស្តីអំពីដំណើរធម្មយាត្រាក្នុងដែនដីប្រទេស ៥តាមដងទន្លេមេគង្គ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា នៅសណ្ឋា​គារមួយកន្លែងក្នុងរាជធានីភ្នំពេញភ្នំពេញ។

លោក ខៀវ កាញារីទ្ធ៖ «យើងត្រូវចាំថា មិនមែនដោយសារតែផ្សាយពាណិជ្ជកម្មគ្រឿងស្រា បានមនុ​ស្សផឹកទេ។ គឺខ្ញុំនិយាយចឹង តែគ្រឿងញៀនអត់មានអ្នកណាផ្សាយសោះ ចាប់ដាក់គុគទៀត ទប់មិនបាន។ យើងគិតមើល។ គឺវា​​បញ្ហាគ្រួសារ បញ្ហាសង្គម បញ្ហាការអប់រំចេះដឹង យើងមើលអ្នកដែលរៀនខ្ពស់ ដែលមានចំណេះរៀនសូត្រខ្ពស់ កម្រស្រវឹង មកផឹកទៅ​​ប្រកាច់​ប្រកិ​នដេ​កតាមផ្លូវណាស់។ ចឹងជូនកាលគាត់ ដោយសារគាត់គិតថា គាត់ក្រ គាត់លំបាក គាត់មិនដឹងធ្វើអី គាត់ផឹក ហើយដូចអ្នកគ្រឿងញៀនចឹងដែរ ជូនកាលគ្នាចឹង។ ចឹងអាបញ្ហាសង្គមដែលធំច្រើនៗដែលយើងត្រូវគិតរួម យ៉ាងណា​យើ​ងគិតតែមួយជ្រុងចឹងទៅអត់រួចទេ»។

លោកបន្ថែមថា កន្លងមកខាងក្រសួងក៏ជំរុញឱ្យកាត់បន្ថយការឃោសនាគ្រឿងស្រវឹង តាមប៉ុស្តិ៍ទូរ​ទស្សន៍ក្នុងស្រុក ដោយបានហាមមិនឱ្យផ្សាយនៅម៉ោងមាសជាម៉ោងដែលមានអ្នកទស្សនាច្រើនគឺម៉ោង ៧-៨ យប់ ។

ពាក់ព័ន្ធនឹងបញ្ហាដែលបង្កឡើងដោយគ្រឿងស្រវឹង លោក កាញ្ញារិទ្ធិ ប្រាប់ថា​ ពលរដ្ឋម្នាក់ៗដែលគោរពពុទ្ធសាសនា គួរតែមានភាពទទួលខុសត្រូវលើទង្វើខ្លួន ដែលដោយសារការសេពគ្រឿងស្រវឹង។

លោក ខៀវ កាញារីទ្ធ៖ «ម្នាក់ៗបើថាខ្លួនឯងកាន់ពុទ្ធសាសនាកុំផឹកទៅបានហើយ […] និយាយរួមម្នាក់ៗត្រូវយល់ខ្លួនឯង។ បើផឹកហើយស្រវឹងទៅវៃប្រពន្ធកូនវៃអីមានទោសហើយ ជាប់គុកហើយអាហ្នឹង។ បើកឡានបុកគេមានទោសហើយ ត្រូវដឹងខ្លួនឯងហើយតើ។ គេប្រាប់ថាផឹកត្រូវមានការទទួលខុសត្រូវ បើខ្លាចកុំផឹកហ្មង។ អត់មានពីណាបង្ខំទេ»។

ស្លាកផ្សព្វផ្សាយគ្រឿងពាណិជ្ជកម្មស្រាបៀ

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គមលោក ប៉ា ចន្ទរឿន លើកឡើងថា បច្ចុប្បន្នគ្រឿងស្រវឹងគឺជាមូលហេតុចំបងមួយដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យកើតអំពើហិង្សា និងប៉ះពាល់ដល់សុខភាពជាដើម។​​ លោកបន្តថា​ ទោះជាកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ប៉ុន្តែរដ្ឋាភិបាលគួរតែបង្កើនវិធានការកាត់បន្ថយផ្សព្វផ្សាយគ្រឿងស្រវឹង។​

សម្រាប់លោក ប៉ា ចន្ទរឿន យល់ថា ការផ្សព្វផ្សាយគ្រឿងស្រវឹងអាចជាមូលហេតុដែលជំរុញឱ្យមានការការទទួលទាន និងបានបង្កជាបញ្ហាផ្សេងៗ។​

លោក ប៉ា ចន្ទរឿន៖ «បើយើងនិយាយពីផលវិបាក ហើយកាត់បន្ថយការសេពគ្រឿងស្រវឹង និងបង្កើនការអប់រំពីផលវិបាកនៃការសេពគ្រឿងស្រវឹងក៏ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មតាមវិទ្យុតាមទូរទស្សន៍។ ជាពិសេសដកស្លាកផ្សព្វផ្សាយស្រាបៀរ និងគ្រឿងស្រវឹងដទៃទៀត នៅតាមដងផ្លូវនៅតាមទីប្រជុំជនខ្ញុំជឿថា អារម្មណ៍ពលរដ្ឋយើងនឹងឃ្លាតឆ្ងាយពីកែវ ដប ស្រា និងគ្រឿងស្រវឹងផ្សេងៗ»

របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៥ ខែមេសា សិក្សាពីអ្នកជំនាញនៅសាកលវិទ្យាល័យ Oxford របស់អង់គ្លេស និងសាកលវិទ្យាល័យ Peking របស់ចិន។​ ការសិក្សានេះបញ្ជាក់ថា អ្នកពិសាស្រាក្នុង១ថ្ងៃ ១ ឬ២កែវ (កែវតូច សំដៅលើស្រាក្រហម) ប្រឈមកើតជំងឺដាច់សរសៃឈាមខួរក្បាល១០ ទៅ១៥ភាគរយ ហើយបើពិសា៤កែវ អាចប្រឈមដាច់សរសៃឈាមខួរក្បាលដល់ទៅ៣៥ភាគរយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ