អ្នកឃ្លាំមើល​បញ្ហាសង្គមមួយចំនួន​ថា​រដ្ឋធម្មនុញ្ញត្រូវ​អ្នកនយោ​បាយប្រើ​ជាប្រយោជន៍ផ្ទាល់ខ្លួន​

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ

អ្នកឃ្លាំមើល​មួយចំនួនលើកឡើង​ថា ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ​ត្រូវបាន​អ្នកនយោបាយ​ប្រើប្រាស់​សម្រាប់បម្រើ​មហិ​ច្ឆិ​តា​ និង​ជាផលប្រយោជន៍ផ្ទាល់​ខ្លួន​។

​ខួប២៦ឆ្នាំ​នៃ​ទិវា​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​នេះ​  ​អ្នកវិភាគ​នយោបាយ​ លោក​បណ្ឌិត​ ឡៅ​ ម៉ុង​ហៃ​ មានប្រសាស​ន៍​​​ថា​ រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​អ្នកនយោបាយ​ខ្មែរ​កែសម្រួល ដើម្បីបម្រើ​​អំណាចរបស់ខ្លួនតាំងពី​ឆ្នាំ២០០៤ ​អំឡុងជាប់​គាំង​នយោបាយមកម្លេះ​។ លោក បន្តថា ​រដ្ឋធម្មនុញ្ញបន្ថែម​នោះ ជាចំនុច​អាក្រក់របស់អ្នកនយោបាយខ្មែរ។

លោក​ថា​៖« គឺជា​ការ​ពត់​ច្បាប់​ ពត់​ឆន្ទះ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​តាម​ឆន្ទះ​ ឬការ​លោភលន់​អំណាច​របស់​ថ្នាក់ដឹក​នាំ​​។ដូច្នេះ​ជា​ជំហាន​មួយ​ឆ្ពោះទៅ​រក​ទិស​អាក្រក់​ ឥឡូវនេះ​យើង​បាន​ទទួលរង​គ្រោះ​ហើយ​»។

លោក​ ឡៅ​ ម៉ុង​ហៃ​ កត់សម្គាល់​ទៀត​ថា​ ២៦ឆ្នាំ​មកនេះ​  ​តុលាការ​នៅតែ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជាស្ថា​ប័ន​នាំមុ​ខ​ប​ម្រើ​ឱ្យ​ផលប្រយោជន៍​នយោបាយ​បើ​ទោះបី​រដ្ឋធម្មនុញ្ញ​ចែងថា​ជា​ស្ថាប័ន​ឯករាជ្យ​ក៏ដោយ​។

លោក ​ថា​៖ «ការ​បែង​ចែង​អំណាច​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ​ហ្នឹង​មិន​ច្បាស់លាស់​ទេ​ គឺ​ឡើង​ចុះ​ៗនៅតែ​ប្រមូល​ផ្តុំ​នៅ​​​កណ្តាប់​ដៃស​ម្ដេចតេ​ជោ​នាយក​រដ្ឋមន្ត្រី​អ៊ីចឹង​ទៅ​។ការពិត​ជាក់​ស្ដែងវា​អ៊ីចឹង​ ហើយ​សង្គម​ណា​អត់មាន​យុ​ត្តិធម៌​ សង្គម​នោះ​អត់​រស់នៅ​បាន​សុខសាន្ត​ទេ​»។

រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែ​លប្រ​សូត្រ​ចេញពី​កិច្ច​ព្រមព្រៀង​សន្តិភាពទី​ក្រុង​ប៉ា​រី​នោះ​ ត្រូវ​បាន​អតី​តព្រះ​មហា​ក្ស​ត្រ នរោ​ត្តម​ សី​ហនុ​ ប្រកាស​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី២៤ខែកញ្ញា​ឆ្នាំ១៩៩៣​ មកដល់​ឆ្នាំ២០១៩​ រដ្ឋសភា​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​កំ​ពូ​ឡនេះ​ចំនួន៨លើក​រួចមក​ហើយ​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ តាមរយៈ​សារលិខិត​មួយ​ក្នុង​ឱកាស​ទិវា​សន្តិភាព​ពិភពលោក​កាលពី​ថ្ងៃសៅរ៍​បាន​លើកឡើង​ថា​«សន្តិភាព​របស់​កម្ពុជា​កំពុងតែ​ផុយ​ស្រួយ​ ដោយសារតែ​ការ​ជ្រៀតជ្រែក​ពី​ប្រទេស​ខាងក្រៅ​ ពិសេស​ប្រទេស​លោកខាងលិច​»។

ប្រធាន​គ្រប់គ្រង់​ផ្នែក​អង្កេត​នៅ​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ មានប្រសាសន៍​ថា​ ការ​ធ្វើ​វិសោធនកម្ម​កន្លងទៅ​បាន​ធ្វើឡើង​ក្រោយពី​មានការ​ជាប់​គាំង​នយោបាយ​ ដែល​លោក​ថា​ធ្វើ​ឱ្យ​ច្បាប់​ថ្មី​ដែល​បាន​កែ​ប្រែក្លាយ​ជា​ឧបករណ៍​បង្រួម​សេរីភាព​បញ្ចេញមតិ​ និង​សិទ្ធិ​ចូលរួមក្នុង​ជីវភាព​នយោបាយ​ផ្ទុយ​ពី​ខ្លឹម​​សារ​ដើម​។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ​ កត់​សម្គាល់​ថា​ឥទ្ធិពល​នៃ​ច្បាប់​ទើប​វិសោធនកម្ម​នេះ​ វា​បាន​ជំរុញ​ឱ្យ​លំហ​ប្រជាធិបតេយ្យ​រួម​តូច​ មាន​ជម្លោះ​នយោបាយ​ និង​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ ។ លោក​បារម្ភ​ថា​ បើ​គ្មានអ្វី​ប្រែប្រួល​ទេ​កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​សង្គម​ទៅ​ថ្ងៃ​អនាគត​។

លោក លើក​ថា​៖«យើង​ឃើ​ញប​ណ្តើរ​ហើយ​ៗ ការដែល​យើង​មិនបាន​គោរព​ពេញលេញ​ទៅតាម​រដ្ឋធម្មនុញ្ញ​ហ្នឹង​ ឃើញថា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​[របស់​សហភាព​អឺរ៉ុប​] គេ​កំពុងតែ​ដំណើរ​ដក​ ឬក៏​ព្យួរ​ GSP​របស់​អាមេរិក​កំពុង​ពិចារណា​ច្បាប់​គេ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ អាហ្នឹង​សិទ្ធ​ជា​ផល​ប៉ះពាល់​ហើយ​»។

អ្នក​នាំពាក្យ​រដ្ឋសភា​លោក​ ឡេង​ ប៉េង​ឡុង​ ​ច្រានចោល​ការ​លើកឡើង​នេះ​ ដោយ​ថា​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កន្លង​មក​គឺ​​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ ។

លោក មានប្រសាសន៍​ថា​៖«ខ្ញុំ​ឃើញ​ការ​កែ​ទាំងប៉ុន្មាន​ហ្នឹង​ត្រឹមត្រូវ​ណាស់​ ឧទាហរ​ណ៍​ដូចជា​ ការដែល​យើង​ដាក់​ គ.ជ.ប​ ទៅ​ក្នុង​រដ្ឋធម្មនុ​ញ្ញ​​ក៏​ជា​ត្រឹមត្រូវ​។ ការ​កែប្រែ​ពី២ភាគ៣មក៥០បូក១ ក៏​ជា​ការត្រឹមត្រូវ​។ដូច្នេះ​គ្មាន​អី​អាក្រក់​ទេ​កា​រ​កែ​រដ្ឋធម្មនុញ្ញ​នេះ​»។

អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ លោក​ តាំង​ រតនា​ មិន​អាច​សុំ​ប្រតិកម្ម​បានទេ​ ដោយ​អះអាង​ថា​លោក​កំពុង​ជាប់រវល់​។

ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ លោក​ អ៉ឹម​ ឈុន​លឹម​ បាន​អះអាង​ប្រាប់​អ្នកចូលរួម​ថា​ ២៦ឆ្នាំ​កន្លងមក​នេះ​ ថ្នាក់ដឹកនាំ​រដ្ឋ​ គោរព​រដ្ឋធម្មនុញ្ញ​ បាន​យ៉ាង​ខ្ជាប់ខ្ជួន​ បើ​ទោះបី​ឆ្លងកាត់​ស្ថានភាព​នយោបាយ​យ៉ាង​លំបាក​ក៏ដោយ​។

យ៉ាងនេះក្ដី​ អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោកស្រី​ រ៉ូ​ណា​ ស្មី​ត បាន​លើកឡើង​ក្នុង​របាយការណ៍​ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​នា​កិច្ចប្រជុំ​លើក​ទី៤២ឆ្នាំនេះ​ថា​រយៈពេល១ឆ្នាំ​ចាប់ពី​កា​បោះឆ្នោត​ជាតិ​ថ្ងៃទី២៩កក្កដា​ឆ្នាំ២០១៨មក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុ​ជា​ពោរ​ពេញ​ទៅ​ដោយ​ការ​រឹតត្បិត​។

តាមរយៈ​របាយការណ៍​ដដែល​លោកស្រី​ រ៉ូ​ណា​ ស្មី​ត ​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ លោក​ កឹម​ សុខា​និង​បង្កើត​លំហរ​សម្រាប់​សន្ទនា​នយោបាយ​ រវាង​រដ្ឋាភិបាល​និង​អ្នកនយោបាយ​ប្រឆាំង​ ដើម្បី​ជំរុញ​យន្តការ​ប្រ​ជាធិបតេយ្យ​ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។

រដ្ឋធម្មនុញ្ញ​កម្ពុជា​មាត្រា៥១ថ្មី​ ចែងថា​ «ព្រះរាជាណាចក្រ​កម្ពុជា​ អនុវត្តន​យោ​បាយ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​។ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេសជាតិ​របស់​ខ្លួន​។ អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ