មេដឹកនាំសហជីពថា​សេចក្ដីព្រាងវិសោធនកម្មច្បាប់សហជីពកាន់​តែរឹតត្បិតសេរីភាពពួកគេ

នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នា២០១៩ កម្មកររោងចក្រW&D ហែក្បួនទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងរកដំណោះស្រាយជម្លោះការងាររបស់ពួកគេ។ រូបភាព៖ ឃុត សុគន្ធ

តំណាងសហជីពមួយចំនួនអះអាងថា សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់សហជីព នៅតែបង្ហាញពីការរឹតត្បិតសេរីភាពរបស់​ពូកគេ។

ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ បានសម្រេចបិទបញ្ចប់កិច្ចពិភាក្សាពីសេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់សហជីពកាលពីដើមខែកញ្ញាកន្លងទៅនេះ។

សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីសហជីព ត្រូវបានក្រសួងការងារចងក្រងគឺមានបំណងធ្វើវិសោធនកម្មឬកែប្រែលើមាត្រាចំនួន១០មាត្រារួមមាន មាត្រា៣,១៧,២០,២១  ២៧,២៨,២៩,៥៤,៥៥, និង៥៩។ សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់សហជីពនេះត្រូវបានអ្នកនាំពាក្យក្រសួងការងារប្រាប់អ្នកសារព័ត៌មានថា នឹងបញ្ជូនទៅកាន់គណៈរដ្ឋមន្ត្រីនៅពេលឆាប់ៗខាងមុខនេះបន្ទាប់ពីឆ្លងយោបល់ពិភាក្សាពីក្រុមប្រឹក្សាពិគ្រោះយោបល់កាលពីសប្ដាហ៍មុន។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា សេចក្ដីព្រាងវិសោធនកម្មច្បាប់សហជីព មិនបម្រើឱ្យផលប្រយោជន៍កម្មកទេនិងថែមទាំងមានចរិតរឹតបន្តឹងសេរីភាពសហជីពទៀតផង។ លោកបន្តថា ការធ្វើវិសោធនកម្មនេះបានកែដែរតែកែតិចតួចប៉ុណ្ណោះ ខណៈច្បាប់ថ្មីនេះបានបង្ករឱ្យកម្មករពិបាកបង្កើតសហជីព កម្មករពិបាករកអ្នកតំណាងពេលតវ៉ាផ្សេងៗ ពិសេសកម្មករពិបាកក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន។

លោក អាត់ ធន់ មានប្រសាសន៍៖ «អ៊ីចឹងកាលបើមានការកែប្រែតិចតួចឬមិនកែប្រែសោះ វាធ្វើឱ្យនិយោជកហ្នឹងបានដៃក្នុងការរំលោភសិទ្ធិកម្មករកាន់តែខ្ពស់ ហើយមន្ត្រីខិលខូចមួយចំនួនក៏អាចយកច្បាប់ហ្នឹងទៅគាបសហជីព​និង​កម្មករ។ ​វានឹងធ្វើឱ្យសិទ្ធិកម្មករត្រូវធ្លាក់ចុះ ហើយការកេងប្រវ័ញ្ចលើកម្មករហ្នឹងកាន់តែខ្ពស់ទៅៗ ដូច្នេះវាអត់មានយុត្តិធម៌ក្នុងវិស័យការងារហ្នឹងទេ។»

លោកអាត់ ធន់ លើកឡើងថា ច្បាប់ស្ដីពីវិសោធនកម្មច្បាប់សហជីព ដែលនាំឱ្យសហជីពបារម្ភខ្លាំងនោះរួមមាន មាត្រា៣ មាត្រា១៧មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩។

លោក បន្តថា៖ « មាត្រា៣ស្ដីពីវិសាលភាពច្បាប់សហជីពគឺសហជីពឯករាជ្យស្នើឱ្យបញ្ចូលមន្ត្រីរាជការនិងកម្មករក្រៅប្រព័ន្ធក្នុងច្បាប់នេះប៉ុន្តែក្រសូងការងារមិនដាក់បញ្ចូល ខណៈដែល មាត្រា១៧ដែលនិយាយពីបញ្ជីការរក្សាបញ្ជីកា បានបង្ករភាពស្មុគស្មាញពាក់ព័ន្ធការធ្វើរបាយការណ៍ហិរញ្ញវត្ថុជាដើម។ចំពោះមាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ និយាយពីតំណាងសហជីព កាលមុនកម្មករប្ដឹងមកយើងអាចជាតំណាងគេបានប៉ុន្តែច្បាប់ថ្មីនេះមានលក្ខណៈតឹងតែង យើងបានត្រឹមអមកម្មករទៅប៉ុណ្ណោះ។»

ទន្ទឹមនឹងនេះ ប្រធានសហជីពចលនាកម្មករ ប៉ាវ ស៊ីណា ក៏សម្ដែងក្ដីបារម្ភចំពោះសេចក្ដីព្រាង វិសោធនកម្មច្បាប់នេះដែរ ខណៈដែលលោកអះអាងថា ច្បាប់សហជីពដែលមានវត្តមានសព្វថ្ងៃនេះបង្ករការគំរាមកំហែងដល់សិទ្ធិសេរីភាពសហជីពរួចមកហើយនោះ។

ប៉ាវ ស៊ីណា លើកឡើងថា៖«កន្លងទៅភាគីសហជីពមិនហ៊ានក្នុងការប្រើប្រាស់សិទ្ធិនិងតួនាទីរបស់ខ្លួនក្នុងការតំណាងកម្មករទេ ព្រោះតែខ្លាចគេព្យួឬរំលាយអីជាដើម។ ហេតុនេះទើបយើងស្នើសុំឱ្យកែប្រែ យើងខ្ញុំសង្ឃឹមថាគណៈរដ្ឋមន្ត្រីនិងតំណាងរាស្ដ្រអាចយកមតិយោបល់យើងទៅកែប្រែសេចក្ដីព្រាងច្បាប់នេះផង»។

ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ មានប្រសាសន៍ថា ការធ្វើវិសោធនកម្មច្បាប់សហជីពនេះគឺដើម្បីបម្រើប្រយោជន៍សហជីពទាំងមូលសំដៅធានាប្រយោជន៍ជូនកម្មករនយោជិតកម្ពុជាទាំងអស់។

លោក ហេង សួរ មានប្រសាសន៍៖ «ច្បាប់នេះកាន់តែធានានូវសេរីភាពនិងវិជ្ជាជីវៈសហជីព ពីព្រោះច្បាប់នេះបញ្ជាក់កាន់តែច្បាស់ពីវិសាលភាពលើអ្នកបម្រើក្នុងផ្ទះ។ ច្បាប់នេះក៏បានដកចេញនូវចំណុចដែលជាមូលហេតុនៃការរំលាយដោយតុលាការចេញ។ច្បាប់នេះក៏ដកចេញនូវកាតព្វកិច្ចរបស់សហជីពដែលតម្រូវឱ្យធ្វើរបាយការណ៍ជូនក្រសួងដែរតែយើងដកចំណុចនេះចេញដោយតម្រូវឱ្យពូកគេធ្វើរបាយការណ៍ប្រាប់សមាជិកប៉ុណ្ណោះ»។

សេចក្ដីព្រាងច្បាប់វិសោធនកម្មច្បាប់សហជីព មាត្រា៥៤ថ្មីចែងពីភាពជាតំណាងបំផុតនៅក្នុងសហគ្រាសឬគ្រឹះស្ថាន ដោយកំណត់សិទ្ធិអាទិភាពក្នុងការដោះស្រាយវិវាទគឺបានទៅលើសហជីពដែលមានតំណាងបំផុតទទួលសិទ្ធិផ្ដាច់មុខ។ ច្បាប់នេះតម្រូវឱ្យសហជីពជាតំណាងនោះ តម្រូវទាមទាមឱ្យមានសមាជិក៣០%នៃបុគ្គលិគទាំងអស់។ សេចក្ដីព្រាងច្បាប់វិសោធនកម្មច្បាប់សហជីព មាត្រា៥៥ ចែងពីភាពជាតំណាងបំផុតក្នុងវិជ្ជាជីវៈមួយឬសកម្មភាពសេដ្ឋកិច្ចមួយ ដោយកំណត់ឱ្យសហជីពនោះមានលក្ខខ័ណ្ឌបំពេញតាមច្បាប់មាត្រា៥៤ ប៉ុន្តែត្រូវបូកបន្ថែមរបាយការណ៍បង់ប្រាកវិភាគទានរបស់សមជិកចាប់ពី៣០ភាគរយនៃបុគ្គលិកទាំងអស់។

ចំពោះមាត្រា៥៩ ចែងពីសិទ្ធិនិងតួនាទីរបស់សហជីពដែលមានសមជិកភាគតិចក្នុងសហគ្រាសឬគ្រឹះស្ថានជាមួយសហជីពដែលមានភាពជាតំណាងច្រើនបំផុត  ដោយមាត្រាច្បាប់នេះចែងថា សហជីពដែលមានសំឡេងភាគតិចមិនត្រូវបានអនុញ្ញាតឱ្យចូលរួមចចារលើការទាមទារសិទ្ធិឬអត្ថប្រយោជន៍ផ្សេងៗដែលលើសពីប្រយោជន៍ចែងក្នុងច្បាប់ទៀតឡើយ។សហជីពតំណាងភាគតិចនេះមិនអាចដើរតួនាទីជាអ្នកចរចារអនុសញ្ញារួម(ចរចាជំនួសកម្មករ)បានឡើយ។

របាយការណ៍របស់ក្រសួងការងារបង្ហាញថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៩ អង្គការវិជ្ជាជីវៈដែលចុះបញ្ជីនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានចំនួន ៤,៩៤៩ ក្នុងនោះសហជីពមូលដ្ឋានមានចំនួន ៤,៧២២ សហព័ន្ធសហជីពមានចំនួន ១៨៩ សហភាពសហជីពមានចំនួន ២៩ សមាគមនិយោជកមានចំនួន៩។

កាលពីឆ្នាំ២០១៧ ប្រធានសហជីពជាង១០០នាក់ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាទីប្រឹក្សាក្រសួងការងារដែលមានឋានៈចាប់ពីអគ្គនាយកដល់រដ្ឋលេខាធិការ ហើយប្រធាន​សហជីពល្បីឈ្មោះមួយចំនួនមានងារជាឯកឧត្តមទៀតផង ។

ច្បាប់សហជីពត្រូវបានរដ្ឋសភាប្រកាសដាក់ឱ្យប្រើកាលពីឆ្នាំ២០១៦ គឺស្ថិតក្នុងសភាពចម្រូងចម្រាស់ ខណៈតំណាងសហជីពយល់ថាច្បាប់នេះជាឧបករណ៍មួយសម្រាប់រារាំងចលនាបាតុកម្មនិងការតវ៉ាផ្សេងៗពីសំណាក់កម្មករ។ តំណាងសហជីពនិងសង្គមស៊ីវិលទាំងនោះបានស្នើទៅកាន់រដ្ឋាភិបាល និង អង្គការអន្តរជាតិខាងការងារ (ILO)ដើម្បី ទាមទារឱ្យវិសោធនកម្ម ។ ក្រសួងការងារបានរៀបចំកិច្ចពិភាក្សាចំនួន៣ដងជាមួយភាគីសហជីព ដើម្បីប្រមូលមតិធ្វើវិសោធនកម្មច្បាប់នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ