អ្នក​រាយ​ការណ៍​ពិសេស​ UN​ ប្រកាស​មិន​គាំ​ទ្រ​លោក សម រង្ស៊ី ចង់​ផ្តួល​រំលំ​រដ្ឋា​ភិបាល​​

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ក្រោយជួបពិភាក្សាជាមួយលោក ស ខេង នាថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩ (រូបភាព៖ ហ៊ី ឆាយ)

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ប្រកាសមិនគាំទ្រលោក សម រង្ស៊ី កៀងគប្រជាពលរដ្ឋឱ្យចូលរួមដើម្បីផ្តួលរំលំរដ្ឋាភិបាលដែលកំពុងដឹកនាំដោយលោក ហ៊ុន សែននោះទេ។​

ការថ្លែងរបស់មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិរូបនេះ គឺធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៤២នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។   

លោកស្រី រ៉ូណា ស្មីត មានប្រសាសន៍ថា៖ «លោក សម រង្ស៊ី សហស្ថាបនិកគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួនចាប់ពីឆ្នាំ២០១៥ បានបន្តប្រើភាសាប្រទូសសារាយប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកដទៃ រាប់បញ្ចូលទាំងការ​អំពាវនាវឱ្យពលរដ្ឋកម្ពុជា ផ្តួលរំលំរដ្ឋាភិបាល ដែលទាំងនេះ ខ្ញុំប្រាកដជាមិនគាំទ្រដាច់ខាត»

យ៉ាងណា បេសកជនសិទ្ធិមនុស្សរូបនេះ លើកឡើងថា សេរីភាពក្នុងការជួបជុំដោយសន្តិវិធីពីសំណាក់អ្នកគាំទ្រអតីតមេបក្សប្រឆាំង រាប់បញ្ចូលថ្ងៃដែលលោក សម រង្ស៊ី ប្រកាសថានឹងវិលចូលកម្ពុជាវិញក្តី គួរតែត្រូវបានអនុញ្ញាត។   

ក្នុងកិច្ចប្រជុំថ្នាក់អន្តរជាតិប្រចាំឆ្នាំនោះដែរ លោកស្រី រ៉ូណា ស្មីត ក៏បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ដែលបន្តរស់នៅក្នុងស្ថានភាពជាប់ឃុំខ្លួន និងអតីតអ្នកគាំទ្របក្សរបស់លោក ដែលលោកស្រីចាត់ទុកការចាប់ខ្លួនទាំងនោះធ្វើឡើងក្រោមហេតុផលនយោបាយ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។

 ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនេះ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ ឱ្យដឹងថា លោក សម រង្ស៊ី បានផ្ញើលិខិតបញ្ជាក់ពីជំហរគណបក្សសង្គ្រោះជាតិក្នុងដំណើរមាតុភូមិនិវត្តរបស់លោក ថ្ងៃទី៩ វិច្ឆិកា ទៅកាន់អង្គការសហប្រជាជាតិរួចហើយ។

លោកស្រី មូរ សុខហួរ បន្ថែមថា រាល់ការទាមទារឱ្យមានការផ្លាស់ប្តូររបបដឹកនាំនៅក្នុងប្រទេសកម្ពុជា គឺធ្វើឡើងដោយអ​ហិ​ង្សា និងដោយសន្តិវិធី តាមរយៈការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌ ដោយមានវត្តមានគណបក្សប្រឆាំងចូលរួម។ 

​លោកស្រី មូរ សុខហួរ មានប្រសាសន៍ប្រាប់ វីអូឌី តាមប្រព័ន្ធ Telegram ថា៖«យើងមិនដែលនិយាយអំពីហិង្សាទេ។ ការងើបឈររបស់ប្រជាពលរដ្ឋដើម្បីឱ្យមានការផ្លាស់ប្តូររបប គឺជាការងើបឈរដោយសន្តិវិធី។ លើសពីនេះទៅទៀត លោកប្រធានស្តីទី សម រង្ស៊ី បានអំពាវនាវឱ្យកងប្រដាប់អាវុធ កុំបាញ់ប្រហារប្រជាពលរដ្ឋ ឱ្យការពារប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន ទេដែលបានមានប្រសាសន៍ច្បាស់ណាស់ឱ្យកងប្រដាប់អាវុធមកបាញ់ប្រហារទៅលើលោកប្រធាន សម រង្ស៊ី»។

នៅថ្ងៃទី ១៦ សីហា ២០១៩ លោក សម រង្ស៊ី បានប្រកាសកាលបរិច្ឆេទ នៃការវិលចូលស្រុករបស់លោក ថានឹងធ្វើឡើងនៅថ្ងៃបុណ្យឯករាជ្យរបស់កម្ពុជា ៩ វិច្ឆិកា ខាងមុខ ដើម្បីប្រមែប្រមូលអ្នកគាំទ្រផ្តួលរំលំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីអំណាច។ ឆ្លើយតបការប្រកាសនេះ លោក ហ៊ុន សែន ប្រកាសថានឹងចាប់លោក សម រង្ស៊ី ឱ្យបានក្នុងរយៈពេល២៤ម៉ោង ហើយព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើជនណាដែលគាំទ្រ និងទទួលដំណើរវិលត្រឡប់របស់អតីតមេបក្សប្រឆាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ