លោក ស ថេត ថាសមត្ថកិច្ច​កំពុង​ស៊ើបអង្កេតករណី​ហិង្សា​លើអតីតចៅសង្កាត់ CNRP​

លោក ស ថេត ដឹកនាំអាជ្ញាធរមានសមត្ថកិច្ច ចុះត្រួតពិនិត្យដើម្បីរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនពលរដ្ឋក្នុងឱកាសបុណ្យអុំទូក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ (រូបភាព៖ ជន ចាន់រ៉ែន)

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានឱ្យដឹងថា ខាងសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតករណីហិ​ង្សា​​លើអតីតចៅសង្កាត់នៅកោះដាច់ មកពីគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ និងអតីត​ប្រធានក្រុមអង្គ​រក្សអតីតមេបក្សនេះ។

ប្រធានក្រុមអង្គរក្សលោក​ សម រង្ស៊ី ឈ្មោះ  ពូក ចិន្តា កាលពីថ្ងៃទី២២ កញ្ញា ត្រូវបានជនមិនស្គាល់មុខលបវាយឆ្មក់ពីក្រោយខ្នងដោយដំបងដែកបណ្តាលរងរបួសបែកក្បាល។ នៅថ្ងៃទី២៥ ក្នុងខែដដែល ករណីស្រដៀងគ្នាបានកើតលើអតីតចៅសង្កាត់កោះដាច់មកពីអតីតគណបក្សសង្គ្រោះជាតិ លោក ស៊ិន បូណា អាយុ ៥៩ ឆ្នាំ បណ្តាលឱ្យបាក់ដៃឆ្វេង និងជំាស្មា។ ករណីទាំងពីរ ត្រូវជនរងគ្រោះសង្ស័យពាក់ព័ន្ធនឹងអំពើហិង្សានយោបាយ។

អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត លើកឡើងថា សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតករណីហិង្សាទាំងពីរតាមនិតិវិធី និងថាលោកមិនអាចសន្និដ្ឋានពីមូលហេតុនៃករណីទាំងនោះជាមុនទេ ដរាបណាមិនទាន់មានភស្តុតាងច្បាស់លាស់។

លោក ស ថេត មានប្រសាសន៍ ប្រាប់​ វីអូឌី ថា៖ «យើងបានខិតខំធ្វើការស្រាវជ្រាវហើយ ដើម្បីកំណត់មុខសញ្ញាឱ្យបានច្បាស់​លាស់។ បាទព្រោះថាតើវាជា​ក្រុមក្មេងទំនើង ឬក៏ជាការទំនាស់បុគ្គល។ យើងបានធ្វើការស្រាវជ្រាវឱ្យបានល្អិតល្អន់តិច ព្រោះយើងមិនអាចសន្និដ្ឋានត្រួសៗថាជារឿងពាក់ព័ន្ធនឹងស្អីទេ។ ដូច្នេះយើងត្រូវស្រាវជ្រាវតើគាត់មានជម្លោះជាមួយពីណាខ្លះពីកន្លងទៅ ឬមួយណែមានក្រុមក្មេងទំនើងអីទេ បង្កបញ្ហាអីយ៉ាងម៉េច»។  

កូនស្រីលោក ស៊ិន បូណា កញ្ញា បូណា សុភា មិនជឿករណីហិង្សាលើឪពុករបស់ខ្លួនកើតឡើងដោយសារទំនាស់បុគ្គលឡើយ ដោយសំអាងថា ឪពុកខ្លួនមិនធ្លាប់មានបញ្ហាជាមួយអ្នកណាកន្លងមក។ កញ្ញា បន្ថែមថា ខ្លួនបារម្ភពីសុវត្ថិភាពឪពុកនៅថ្ងៃអនា​គត និងសំណូមពរសមត្ថកិច្ចវែកមុខជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។

កញ្ញា បូណា សុភា និយាយថា៖«ខ្ញុំអត់នឹកស្មានដល់ថានឹងកើតហេតុរឿងទាំងអស់ហ្នឹងសម្រាប់គ្រួសារខ្ញុំទេ។ ចឹងបើនិ​យាយពីអារម្មណ៍វិញគឺខ្ញុំសោកស្តាយខ្លាំង ហើយក៏ខ្ញុំសុំធ្វើការសំណូមពរទៅខាងបងៗសមត្ថកិច្ចសុំឱ្យជួយវែកមុខរកមុខជនដៃដល់ដែលបានវៃគាត់[លោក ស៊ិន បូណា]។ ព្រោះយើងមានភស្តុតាងខ្លះៗ ដូចជារូបភាព ហើយនឹងសកម្មភាពមួយចំនួនដូចជាគាត់​មានដំបងដែក ហើយមានកាំភ្លើង មានអីចឹង»។  

អតីតប្រធានក្រុមអង្គរក្ស លោក សម រង្ស៊ី លោក ពូក ចិន្តា ដែលថ្នេរ​របួសក្បាលរបស់លោកទើបកាត់ចេញម្សិលមិញយល់ថា ករណីហិង្សាលើរូបលោក គឺជាការគម្រាមកំហែងដល់អ្នកគាំទ្រអតីតមេបក្សប្រឆាំងដែលប្រកាសម្តងហើយម្តងទៀតថានឹងវិលចូលស្រុកថ្ងៃទី៩ វិច្ឆិកា។

លោក ចិន្តា បន្ថែមថា លោកគ្មានជំនឿលើសមត្ថកិច្ចនឹងអាចវែកមុខជនដៃដល់ដែលលោកចាត់ទុកប៉ងធ្វើឃាតលើរូបលោក មកធ្វើការកាត់ទោសឡើយ ដោយសម្អាងលើករណីកើតឡើងកន្លងមកចំពោះអតីតសកម្មជន និងមន្រ្តីបក្សប្រឆាំង។

លោក ពូក ចិន្តា ប្រាប់ថា៖«យើងវាមិនជឿថា វាគ្មានរកឃើញ​ទេ ព្រោះអីអាគេវៃនៅ បងបូរ៉ា[បូណា]នៅអីណានុះ[នៅផ្លូវជាតិលេខ៦A] មើលមានភស្តុតាងហើយរកមិនឃើញ នាំខ្ញុំមើលតែពីក្រោយវារក បែបរកមិនឃើញទេបងអើយ»។ 

លោកសំណូមពរឱ្យខ្មែរបញ្ឈប់ការប្រើប្រាស់អំពើហិង្សារវាងខ្មែរ និងខ្មែរដូចគ្នា បើទោះមាននិន្នាការនយោបាយខុសគ្នាក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ