អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ(CNRP)កើនឡើង៣នាក់ដែលត្រូវតុលាការចោទប្រកាន់បន្តបន្ទាប់ក្រោយពីផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន វីអូអេ និង អាស៊ីសេរី ដែលបញ្ជាក់ពីគោលជំហរនយោបាយ។
អតីតមន្ត្រី បក្សសង្គ្រោះជាតិ៣ នាក់ ក្នុងនោះមាន ប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តស្វាយរៀងលោក ម៉ៅ វិបុល, លោកស្រី វ៉ែន ដារ៉ាអតីតសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន, និងអតីតប្រធានក្រុមការងារប្រចាំខេត្តឧត្តមានជ័យ លោក ម៉ោញ សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទរួមគំនិតក្បត់ដូចគ្នា តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ។
យោងតាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ ចែងថា បុគ្គលដែលត្រូវជាប់ចោទពី«បទរួមគំនិតក្បត់» ត្រូវផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ហើយបើបុគ្គលនោះ ជាមន្រ្តីសាធារណៈ ត្រូវជាប់ទោសពី១០ឆ្នាំ ទៅ ២០ឆ្នាំ។
ការចោទប្រកាន់របស់តុលាការខេត្តទាំង៣ពីបទរួមគំនិតក្បត់នេះ ធ្វើឡើងបន្ទាប់ពីពួកគេផ្ដល់បទសម្ភាស៍ជាមួយវិទ្យុអាស៊ីសេរី និង វីអូអេ កាលពីអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០១៩ ពាក់ព័ន្ធ កៀងគរប្រជាពលរដ្ឋនៅស្រុក និងពលករនៅថៃ គាំទ្រនិងវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៩ ខាងមុខនេះ។
អតីតមន្ត្រីគណបក្សប្រឆាំង៣រូបនេះ កំពុងគេចខ្លួនទៅក្រៅប្រទេសចៀសវាងការចាប់ខ្លួន ដោយពួកគេថា នេះជាវិធានការក្រោមហេតុផលនយោបាយ។
គិតត្រឹមថ្ងៃនេះ អតីតមន្ត្រីនិងសកម្មជនបក្សប្រឆាំង៣៧ នាក់ ត្រូវបានចាប់ឃុំខ្លួននៅពន្ធនាគារនិងត្រូវបានតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ចំនួន ១៨ នាក់ ពាក់ព័ន្ធទៅនឹងការបង្ហាញជំហរគាំទ្រដំណើរវិលត្រឡប់របស់លោកសម រង្ស៊ី មកកម្ពុជាវិញ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា ចាត់ទុកការចោទប្រកាន់របស់តុលាការទៅលើប្រជាពលរដ្ឋដែលគ្រាន់តែធ្វើការបញ្ចេញមតិនេះថា កំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោកថា៖«ការបញ្ចេញទាំងអស់របស់ប្រជាពលរដ្ឋទោះបីជាមតិនោះស្របក្ដី ផ្ទុយក៏ដោយ មតិរិះគន់ក៏ដោយ អាហ្នឹងក៏នៅក្នុងរង្វង់នៃសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋដែរ។ ហើយយើងមិនអាចយកគ្រាន់តែប្រជាពលរដ្ឋប្រើប្រាស់សិទ្ធបញ្ចេញមតិ ដាក់ជាបទល្មើសបានទេ ព្រោះនៅក្នុងគោលការណ៍ច្បាប់យើងធានាឱ្យប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ ច្បាប់ធានា ប៉ុន្តែយើងធ្វើការចាប់កំហុស ដាក់ទោសទណ្ឌដោយសារការបញ្ចេញមតិ អាហ្នឹងយើងចាត់ទុកថាជាការរិតត្បិតសិទ្ធិសេរីភាពហើយ»។
រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជានៅជំពូកទី៣ នៃមាត្រា ៣១ ស្តីអំពីសិទ្ធិ និងករណីយកិច្ចរបស់ពលរដ្ឋខ្មែរចែងថា ពលរដ្ឋគ្រប់រូបមានសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ សេរីភាពខាងជំនឿសាសនា និងសេរីភាពខាងការដើរហើរ។
ពលរដ្ឋមានសិទ្ធិរស់រានមានជីវិត សិទ្ធិស្មើគ្នាចំពោះមុខច្បាប់ សិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សិទ្ធិទទួលការរ៉ាប់រងដោយសង្គម សិទ្ធិធ្វើបាតុកម្ម និងកូដកម្មដោយសន្តិវិធី។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន អះអាងថា ការចាប់ខ្លួន និងចោទប្រកាន់កន្លងមកគឺ ធ្វើទៅតាមច្បាប់។
លោកថា៖«ខ្ញុំអត់ចង់ឆ្លើយតបជាមួយចោទប្រកាន់ហ្នឹងទេ គេចាប់មនុស្ស គេមានអង្គច្បាប់ និងមានអង្គហេតុរបស់គេ សម្រាប់ដាក់ចោទប្រកាន់។ សេរីភាពដើរពារអ៊ីចឹងសេរីភាពដែរ ប្រទេសជាតិកំពុងសុខសន្តិភាពដល់ពេលមកប្រឆាំងអ៊ីចឹងអាហ្នឹងសេរីភាពដែរអី»។
នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារព្រមានជាថ្មីទៀតថា អ្នកដែលចូលរួមធ្វើយុទ្ធនាការកៀងគរ ទទួលលោក សម រង្ស៊ី វិលចូលក្នុងប្រទេសវិញជាអំពើខុសច្បាប់ត្រូវតែមានទោស។ លោក ហ៊ុន សែន ចាត់ទុកសកម្មភាពរបស់លោក សម រង្ស៊ីជា អំពើក្បត់ជាតិដែលឱ្យសង្គមកើតចលាចលឬ សង្គ្រាម។