លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជាមិនរស់ចាំតែជំនួយគ្រប់យ៉ាងពីបរទេសទៀតនោះទេ ដោយថាពេលនេះ កម្ពុជាសល់មាស៣០តោន ប្រាក់បម្រុង១៥ពាន់លានដុល្លារ និងចំណូលពន្ធបានលើសពីការរំពឹងទុក។
លោក ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅរាជធានីភ្នំពេញ នាថ្ងៃពុធនេះ ថ្លែងថា ឆ្នាំនេះចំណូល ពន្ធគយ អាចនឹងលើសការរំពឹងទុក ដល់ទៅជាង ៨០០លានដុល្លារ ។លោកថា នេះមិនរាប់បញ្ជូលចំណូលបានពីសារពើពន្ធ ឬភ្ញៀវទេសចរ ចំណូលពីពន្ធដារ និងផលពីព្រេងដែលនឹងទទួលបាននៅពេលខាងមុខនោះទេ។
មេដឹកនាំរូបនេះថ្លែងទៀតថា កត្តារីកចម្រើននេះ កម្ពុជានឹងមិនពឹងអ្វីៗគ្រប់យ៉ាងលើតែបរទេសនោះទេ។លោកបន្តថា ប្រាក់ចំណូលដែលកម្ពុជារកបាន ប្រមាណជា៥០០លានដុល្លារក្នុង១ខែ ហើយចាយទៅវិញតែ៣០០លានដុល្លារប៉ុណ្ណោះ សល់២០០លានដុល្លារក្នុង១ខែ។
មួយវិញទៀត លោក ហ៊ុន សែន អះអាងថា អធិរាជសាច់ប្រាក់របស់កម្ពុជាមកដល់ពេលនេះ ដោយមិនគិតប្រាក់បម្រុងអន្តរជាតិ មានជាង១៥ពាន់លានដុល្លារ និងមាស៣០តោននិងសាច់ប្រាក់សម្រាប់ចាយវាយជិត៤ពាន់លានដុល្លារផ្សេងទៀត។
លោកថា៖ «មាសមរតកដើមដែលតម្កល់នៅស្វីស ដែលគេប្រគល់ឲ្យមកវិញចំនួន១២តោន មាសដែលធានាគារជាតិទិញហើយទុកនៅប្រទេសអង់គ្លេសក្រុងឡុងដ៍១៥តោននិងមាសដែលធនាគារជាតិទិញហើយតម្កល់ទុកនៅទីក្រុងភ្នំពេញ៣តោន ។អញ្ចឹងយើងមាន៣០តោន តែអាហ្នឹងវាតិចតួចទេបើគិតជាប្រាក់ដែលយើងមាន ប្រាក់បម្រុងតាំងពីសូន្យដុល្លារ រហូតទៅដល់១៥ពាន់លានដុល្លារយើងអត់ប៉ះពាល់ទេអាហ្នឹង សាច់ប្រាក់ដែលយើងកំពុងមានសព្វថ្ងៃជិត៤ពាន់លានសម្រាប់ចាយរាល់ថ្ងៃ»។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានយកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ឲ្យស្តារប្រជាធិបតេយ្យ ដោះលែងលោក កឹម សុខា និងឱ្យអតីតគណបក្សប្រឆាំង បានដំណើរការឡើងវិញ ជាថ្នូរនឹងការរក្សាទុកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មនេះ។
របាយការណ៍របស់ក្រុមអ្នកបញ្ជាទិញបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាបាននាំទំនិញទៅលក់នៅទីផ្សារអឺរ៉ុប និងអាមេរិក តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP និងប្រព័ន្ធអនុគ្រោះពន្ធ EBA មានទំហំទឹកប្រាក់សរុប ៨,៥ពាន់លានដុល្លារ ស្មើនឹង ៨៣ភាគរយនៃផលទុនសរុប(GDP) របស់កម្ពុជា។
នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គិមអេង បង្ហាញការយល់ឃើញថា ការរំពឹងទុកពីកំណើនប្រាក់ចំណូលក្នុងស្រុកនេះជារឿងមួយ ប៉ុន្តែលោកថា កម្ពុជានឹងមិនអាចរក្សាទីផ្សារការងារ សម្រាប់ពលរដ្ឋច្រើនលាននាក់ និងប្រឈមនិងលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង បើរដ្ឋាភិបាលធ្វើឲ្យរបូតប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មពីលោកសេរីនោះ។
លោកថា៖«យើងមានមាសដល់ប៉ុណ្ណឹងក៏ដោយ ប៉ុន្តែមូលដ្ឋានរឹងមាំសម្រាប់ពាណិជ្ជកម្ម សម្រាប់កំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជានេះ ខ្ញុំឃើញEBAរបស់សហភាពអឺរ៉ុប និងGSPរបស់អាមេរិក នឹងជាមូលដ្ឋានសេដ្ឋកិច្ចធំណាស់ដែលកម្ពុជាត្រូវតែប្រឹងប្រែងការពារឲ្យបាន ដើម្បីអនាគតកម្ពុជាយូអង្វែង»។
សមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) កាលពីខែសីហា បានបង្ហាញកង្វល់តាមសេចក្តីថ្លែងការណ៍ថា កម្មករកាត់ដេរកម្ពុជាខ្ទង់ ៧៥ម៉ឺននាក់ នឹងរងផលប៉ះពាល់ដោយផ្ទាល់ និងពលរដ្ឋកម្ពុជាខ្ទង់ ៣លានគ្រួសារផ្សេងទៀត នឹងរងផលប៉ះពាល់ដោយប្រយោល ប្រសិនបើសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាមែននោះ។