មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គំរាមអ្នកគាំទ្រចលនាលោក សម រង្ស៊ី ថា បានផុងខ្លួនប្រព្រឹតបទឧក្រិដ្ឋធ្ងន់ធ្ងរ តែថា អ្នកដែលចេញសារភាព នឹងត្រូវលើកលែងទោស។
ការថ្លែងរបស់លោក ហ៊ុន សែន នេះ បានធ្វើឡើងក្រោយពីអតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួន លោក សម រង្ស៊ី ប្រកាសពីគម្រោងវិលចូលកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ហើយបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ និងអ្នកគាំទ្រ ចូលរួមសង្គ្រោះប្រជាធិបតេយ្យឡើងវិញ។
គម្រោងនៃការប្រកាសវិលចូលកម្ពុជារបស់លោក សម រង្ស៊ី នេះ នឹងកើតចំទិវាបុណ្យឯករាជ្យជាតិ និងចំពិធីបុណ្យអុំទូក អកអំបុក ដែលតែងតែប្រារព្វធ្វើឡើងនៅមុខព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ក្នុងរាជធានីភ្នំពេញ នាថ្ងៃពុធម្សិលមិញ បានព្រមានថា លោកបន់ឱ្យតែដល់ថ្ងៃនោះ ដើម្បីវាយសំពង។
មេដឹកនាំបក្សកាន់អំណាចរូបនេះ ចាត់ទុកសារនយោបាយរបស់លោក សម រង្ស៊ី ជាការធ្វើរដ្ឋប្រហារ និងថា មានទោសឧក្រិដ្ឋធ្ងន់ធ្ងរ។
លោក ហ៊ុន សែន ថ្លែងថា៖ «អ៊ីចឹងបានខ្ញុំថា បើទោះបីទឹកនៅតែ ១ម៉ែត្រ នៅទីក្រុងភ្នំពេញ ក៏នៅតែអុំទូក ដើម្បីវាយក្បាលអាហ្នឹងម្ដង។ ខូចពេក ហើយអ្នកនៅក្នុងស្រុកកុំព្រហ៊ឺន ព្រហ៊ឺនដើរដល់ចំណុចរដ្ឋប្រហារដែលមានការគ្រោងទុក ហើយការរៀបចំកម្លាំង អ្នកចូលរួមអ្នកនឹងត្រូវមានទោស ហើយបើអ្នកបានជាជ្រុលចូលរួមអ្នកសារភាពឱ្យត្រង់នឹងរួចទោស»។
ក្រសួងយុត្តិធម៌ តាមរយៈសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២០ ខែកញ្ញា បានចាត់ទុកការចូលរួមគាំទ្រចលនា លោក សម រង្ស៊ី ថា បទល្មើសឧបឃាត ត្រូវផ្តន្ទាទោសអស់មួយជីវិត។
អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ហៅការចោទប្រកាន់នេះថា ជាលេសរបស់មេដឹកនាំបក្សកាន់អំណាច ដើម្បីគេចចេញពីការទទួលខុសត្រូវលើកជោគវាសនាជាតិ ដែលកំពុងប្រឈមនឹងកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម។
លោកស្រី មូរ សុខហួរ អះអាងថា សារគំរាមរបស់មេដឹកនាំបក្សកាន់អំណាចនេះ គ្មានឥទ្ធិពលដល់ការរារាំងដល់គម្រោងវិលត្រឡប់របស់ថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង នៅថ្ងៃទី៩ វិច្ឆិកានោះទេ។
លោកស្រី មូរ សុខហួរ ប្រាប់ថា៖ «ខ្ញុំសុំយកឱកាសនេះថ្លែងនូវការកោតសរសើថ្នាក់ដឹកនាំនៅមូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិក៏ដូចប្រជាពលរដ្ឋទាំងឡាយដែលហ៊ាននិយាយការពិត ហើយមិនចុះញ៉ម ហើយមិនត្រូវការសារភាពទេ។ យើងត្រូវតែការពារលទ្ធិប្រជាធិបតេយ្យ។ ប្រជាពលរដ្ឋខ្មែរត្រូវការឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ហើយការធ្វើមាតុភូមិនិវត្តន៍របស់ពួកយើងខ្ញុំ គឺដើម្បីរកការផ្លាស់ប្តូរដោយអហិង្សា»។
អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី កត់សកម្គាល់ថា សារគំរាមរបស់មេដឹកនាំបក្សកាន់អំណាច ហាក់បញ្ជាក់ថា បក្សកាន់អំណាចហាក់មានជំនឿថា លោក សម រង្ស៊ី នឹងប្រថុយចូលកម្ពុជាដូចការគ្រោងទុកមែន។
ប៉ុន្តែ អ្នកវិភាគរូបនេះ បារម្ភថា បើគ្មានការចរចានយោបាយណាមួយកើតឡើងក្នុងរយៈដ៏ខ្លួននេះទេ វាបង្ហាញថា អ្នកនយោបាយខ្មែរកំពុងលេងល្បែងនយោបាយដ៏គ្រោះថ្នាក់សម្រាប់ប្រទេសជាតិ។
លោក មាស នី មានប្រសាសន៍ថា៖ «យើងដឹងហើយថា កាលណាមានការគាបសង្កត់កាន់តែខ្លាំង យើងអត់ទាន់ទស្សន៍ទាយថា តើកំហឹងរបស់ពលរដ្ឋហ្នឹងអាចទប់បានត្រឹមប៉ុណ្ណា ហើយការទប់ទល់របស់រដ្ឋាភិបាលហ្នឹង ទប់ទល់រហូត ឬក្នុងរយៈពេលយូរប៉ុណ្ណានោះ។ អាហ្នឹងក៏យើងអត់ទាន់ដឹងទេ។ ក៏ប៉ុន្តែ សម្រាប់ខ្ញុំជាអ្នកវិភាគ របត់នយោបាយបែបនេះ វាជាផ្លូវដ៏លំបាកសម្រាប់កម្ពុជាទៅថ្ងៃខាងមុខ»។
អតីតគណបក្សសង្គ្រោះជាតិមុនតុលាការរំលាយមានអ្នកគាំទ្រជាង ៣លាននាក់ ទទួលបានអាសនៈជាប់ឆ្នោតឃុំសង្កាត់៥០០៧ជាចំនួនប្រហាក់ប្រហែលទៅនឹងអ្នកគាំទ្របក្សកាន់អំណាចដែរ។
គិតត្រឹមថ្ងៃនេះ អតីតមន្ត្រីនិងសកម្មជនបក្សប្រឆាំង ៣៧នាក់ត្រូវបានចាប់ឃុំខ្លួននៅពន្ធនាគារ និងត្រូវបានតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ចំនួន ១៨នាក់ ពាក់ព័ន្ធទៅនឹងការបង្ហាញជំហរគាំទ្រដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជាវិញ។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្មីត បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៥ ខែកញ្ញាថា លោកស្រីមានកង្វល់ទៅលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅក្នុងប្រទេសកម្ពុជា ដែលរាប់បញ្ចូលទាំងការហាមឃាត់ទៅលើគណបក្សជំទាស់ដ៏ធំ ។
អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិរូបនេះ អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជារៀបចំណាត់ការឡើងវិញ ដើម្បីធានាឱ្យមានសង្គមមួយប្រកបដោយបរិយាប័ន្នឬ(ការលើកកម្ពស់ឱ្យមានការចូលរួមដោយមិនរើសអើង) ផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៕