លោក ឱម យ៉ិនទៀង ជំរុញវិស័យឯកជនពង្រឹងការប្រឆាំងអំពើពុករលួយ

លោក ឱម យ៉ិន ទៀង ថ្លែងក្នុងពិធិបើកសិក្ខាសាលាស្តីពីការចូលរួមរបស់ក្រុមហ៊ុនធុរកិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា នៅសណ្ឋាគារ Sunway ថ្ងៃទី០២ តុលា ២០១៩។ (ត្រាន់ តិចសេង)

ប្រធានអង្គភាពប្រឆាំ់ងអំពើពុករលួយជំរុញនិងលើកទឹកចិត្តដល់វិស័យឯកជនក្នុងការប្រឆាំងអំពើពុករលួយ ដើម្បីជួយឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយភាពស្អាតស្អំ។​

ការថ្លែងនេះ គឺធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «ការចូលរួមរបស់ក្រុមហ៊ុនធុរកិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា» កាលពីម្សិលមិញនៅភ្នំពេញ។ កម្មវិធីនេះ មានការចូលរួមពីតំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា តំណាងរដ្ឋាភិបាល សង្គមស៊ីវិល និងភាគីវិស័យឯកជន។

លោក ឱម យ៉ិនទៀង លើកឡើងទៀតថា វិស័យឯកជនដើរតួនាទីសំខាន់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងជំរុញបរិយាកាសវិនិយោគប្រកបដោយចេរភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្តទៀត ហើយថា ACU គាំទ្រការចូលរួមនេះ។

លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា៖ «អ.ប.ព[ACU]ក៏សូមបញ្ជាក់អំពីការគាំទ្រតាមគ្រប់រូបភាពក្នុងសមត្ថកិច្ចរបស់ខ្លួនដល់វិស័យឯកជនក្នុងការប្រកបធុរកិច្ចស្អាតស្អំមួយនៅកម្ពុជា»

 ទេសរដ្ឋមន្រ្តីរូបនេះក៏ជំរុញឱ្យភាគីពាក់ព័ន្ធរួមគ្នាលើកបញ្ហាប្រឈមពីអំពើពុករលួយដែលខ្លួនកំពុងជួបប្រទះមកពិភាក្សា និងស្វែងរកគំនិតផ្តួចផ្តើមដើម្បីបង្ការ និងទប់ស្កាត់។

នៅក្នុងសិក្ខាសាលានោះ ឯកអគ្គរដ្ឋទូតរងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោក Luke Arnold លើកឡើងថា អំពើពុករលួយនាំឱ្យការប្រើប្រាស់ហិរញ្ញវត្ថុខុសគោលដៅ ការអនុវត្តច្បាប់ទន់ខ្សោយ ការធ្លាក់ចុះនៃទំនុកចិត្ត ការយល់ដឹង និងតម្លាភាពក្នុងសហគមន៍​ជាដើម។

លោកបន្ថែមថា អំពើពុករលួយប៉ះពាល់ខ្លាំងដល់ការអភិវឌ្ឍប្រទេសមួយ ហើយថា កម្ពុជាបានចាប់ផ្តើមបង្ហាញបោះជំហានវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងបញ្ហានេះ ក្រោមការគាំទ្រពីរដ្ឋាភិបាលអូស្រ្តាលីលើការអភិវឌ្ឍច្បាប់ប្រកួតប្រជែងធុរកិច្ច និងបង្កើតភ្នាក់ងារផ្តល់សេវាទូទាត់ឯករាជ្យជាដើម។

លោក Luke Arnold ថ្លែងបន្ថែមថា៖«កំណែទម្រង់នេះ មិនទាន់អាចមានប្រសិទ្ធិភាពគ្រប់គ្រាន់ទេ គឺយើងត្រូវការការផ្លាស់ប្តូរប្រព័ន្ធ និងគំនិតផ្តួចផ្តើម ប្រសិនបើយើងចង់ប្រយុទ្ធប្រឆាំងអំពើពុករលួយរយៈពេលវែង ហើយការចូលរួមពីវិស័យឯកជនក្នុងកិច្ចខំប្រឹងប្រែងលើការងារនេះ ត្រូវតែមានការលើកទឹកចិត្តជាពិសេស»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល លើកឡើងថា វិស័យឯកជននៅកម្ពុជាកំពុងចាប់ផ្តើមចាប់អារម្មណ៍លើការប្រកបអាជីវកម្មស្អាតស្អំ ដោយសារការជំរុញការអនុវត្តពន្ធដារកំណែទម្រង់ថ្មី ការយល់ដឹង និងការភ្ញាក់រឭករបស់ពួកគេ។

លោក ព្រាប កុល ប្រាប់ វីអូឌី ថា៖«វិស័យឯកជនឥឡូវនេះ​ពួកគាត់ចាប់ផ្តើមគិតគូរឿងហ្នឹងហើយ។ បើពីមុនគាត់ថា ហ៊ឹដូចជាពិបាកណាស់ ធំពេក វា ទម្លាប់ហ្នឹងពិបាកដោះស្រាយ។ ដល់ឥឡូវហ្នឹងយើងឃើញថា គាត់នាំគ្នាជជែក ហើយមានក្រុមហ៊ុនខ្លះគាត់បានប្តេជ្ញាចិត្តប្រកាន់នូវជំហរអាជីវកម្មស្អាតស្អំ ហើយជាលទ្ធផលគឺយើងឃើញថា គាត់រៀបចំគោរពច្បាប់ មានប្រព័ន្ធសុចរិតភាព ធ្វើឱ្យមានការវិវឌ្ឍខុសប្លែកពីទម្លាប់ចាស់»

ទោះយ៉ាងណា លោកថា ទាំងនេះគឺគ្រាន់តែជាពេលវេលាចាប់ផ្តើមទេ ព្រោះនៅមានកិច្ចការជាច្រើនទៀតដែលទាមទារឱ្យវិស័យឯកជនចូលរួមអនុវត្តដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

អង្គការតម្លាភាពអន្តរជាតិ​ចេញរបាយការណ៍កាលពីថ្ងៃទី២៩ខែមករា ឆ្នាំ២០១៩ ស្តីពីរបាយការណ៍ពុករលួយប្រចាំឆ្នាំ២០១៨ ដោយបញ្ជាក់ថា ក្នុងចំណោមប្រទេស១៨០ កម្ពុជាជាប់លេខ១៦១។ ចំណាត់ថ្នាក់នេះដូចគ្នាទៅនឹងឆ្នាំ២០១៧ ប៉ុន្តែធ្លាក់ចុះ១ពិន្ទុគឺឆ្នាំ២០១៧កម្ពុជាទទួលបាន២១ពិន្ទុ ហើយនៅឆ្នាំ២០១៨ ទទួលបាន២០ពិន្ទុ។​ ចំណាត់ថ្នាក់នេះបញ្ជាក់ថា កម្ពុជានៅតែមានស្ថានភាពអំពើពុករលួយខ្ពស់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ