តុលាការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី និងភរិយា ព្រមទាំងបក្សពួក​៧នាក់ផ្សេង​ទៀតពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ

លោក សម រង្ស៊ី និងអតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំង ថតនៅក្រុង Lowell សហរដ្ឋអាមេរិក ថ្ងៃទី២០ មករា ២០១៩។ រាប់ពីឆ្វេងមកស្តាំ: លោក ឡុង រី លោក ម៉ែន សុថាវរិន្រ្ទ លោក អេង ឆៃអ៊ាង លោក សម រង្ស៊ី លោកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក តុ វ៉ាន់ចាន់ លោក ហូរ វ៉ាន់ (រូបថត: Facebook Sam Rainsy)

តុលាការរាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួន លោក សម រង្ស៊ី និងភរិយាពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលក្រោយលោក សម​ រង្ស៊ី អំពាវនាវកងកម្លាំងប្រដាប់អាវុធឱ្យចូលរួមជាមួយគាត់ក្នុងការ​ទម្លាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃទី៩ វិច្ឆិកាខាងមុខ​។

យោងតាម​សេចក្តីប្រ​កាសពី​សាលាដំបូងរាជធានីចេញផ្សាយថ្ងៃម្សិលមិញ ចៅក្រមស៊ើបសួរសាលាដំបូងបានចេញដីកាបញ្ជាឱ្យចាប់ខ្លួនអតីតមេដឹកនាំបក្សប្រឆាំង និងភរិយាគឺលោកស្រី ជូឡុង សូមួរ៉ា រួមទាំងមន្រ្តីជាន់ខ្ពស់របស់លោក ៧រូបទៀត រួមមាន លោ​ក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និងលោក នុត រំដួល។

យោងតាមសេចក្តីប្រកាសនោះដែរ តុលាការក្រុងភ្នំពេញចោទថ្នាក់ដឹកនាំអតីតបក្សប្រឆាំង៩រូប ថាបានអំពាវនាវកងកម្លាំងប្រដាប់អាវុធឱ្យចូលរួមក្នុងផែនការធ្វើរដ្ឋប្រហារទម្លាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលលោក សម រង្ស៊ី វិលចូលកម្ពុជាថ្ងៃ ៩ វិច្ឆកាខាងមុខ។

អ្នកនាំពាក្យអតីតបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បានលើកឡើងថា លោកស្រីមិនចាប់អារម្មណ៍ចំពោះដីកាចោទប្រកាន់ចេញពីតុលាការដែលលោកស្រីចាត់ទុកថា ជាតុលាការនយោបាយ។ លោកស្រីបន្ថែមថា មាតុភូមិនិវត្តន៍របស់​លោក សម រង្ស៊ី និងថ្នាក់ដឹកនាំឯទៀត គឺធ្វើឡើងដោយសន្តិវិធី ដើម្បីទៅដោះស្រាយបញ្ហាដែលកម្ពុជាកំពុងប្រឈម។

លោកស្រី មានប្រសាសន៍ប្រាប់ វីអូឌី តាមប្រព័ន្ធ WhatsUp ថា៖«យើងទាំងអស់គ្នា ជាពិសេសលោកប្រធាន សម រង្ស៊ី បានធ្វើពលិកម្មទាំងអស់ដើម្បីប្រទេសជាតិ អស់រយៈពេលជាង២០ឆ្នាំមកហើយ។ យើងខ្ញុំមិនមែនជាជនក្បត់ជាតិ។ ផ្ទុយទៅវិញយើងខ្ញុំទទួលរងគ្រោះគ្រប់បែបយ៉ាងទាំងអស់ តែចំពោះយើងខ្ញុំ​មិនមែនជាការសំខាន់ទេនៅក្នុងការចោទប្រកាន់នៅក្នុងការចាប់ចង នៅក្នុងការដាក់ពន្ធធនាគារ តែចំពោះប្រទេសជាតិជាការសំខាន់។ ផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋយើង ផ្តល់សិទ្ធិសេរីភាពជូនប្រទេសជាតិយើង ប្រជាពលរដ្ឋយើង​គឺជាការសំខាន់»

អ្នកវិភាគបញ្ហានយោបាយ លោក ឡៅ ម៉ុងហៃ ចាត់ទុកដីកាចាប់ខ្លួនអតីតថ្នាក់ដឹកនាំបក្សប្រឆាំងទាំង៩រូប ជាការប្រើប្រាស់អំណាចនីតិបញ្ញាត្តិដាក់សម្ពាធលើគូបដិបក្ខនយោបាយពីគណបក្សកាន់អំណាច ដែលលោកថា មិនមែនជារឿងភ្ញាក់ផ្អើល។

លោក ម៉ុងហៃ យល់ឃើញថា បើអ្នកនយោបាយខ្មែរបន្តឈ្លោះគ្នាទៀត បញ្ហានឹងវិវត្តទៅមុខដោយមិនអាចនឹកស្មានដល់ ដោយលោកសម្អាងថា កម្លាំងគាំទ្រលើភាគីបក្សប្រឆាំងដែលមានសំឡេងពាក់កណ្តាលប្រទេសនៅមិនទាន់ថមថយ។

លោកផ្តល់អនុសាសន៍ថា ភាគីនយោបាយទាំង២ គួរស្វែងរកអន្តរាគមន៍ពីអង្គព្រះមហាក្សត្រដើម្បីការផ្សះផ្សាជម្លោះ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងដែលធ្លាប់អនុវត្តបានជោគជ័យកន្លងមក។

លោក ឡៅ ម៉ុងហៃ៖ «គឺគេងាកទៅរត់រកព្រះមហាក្សត្រដែលលោកជាអាជ្ញាកណ្តាល ដែលធានាឱ្យមានការប្រើប្រាស់អំ​ណា​ច​ឱ្យមានភាពប្រក្រតី។ ឥឡូវនេះ យើងវាអត់មានភាពប្រក្រតី។ ដូច្នេះ លោកអាចកោះហៅអ្នកពាក់ព័ន្ធហ្នឹង ភាគីពាក់ព័ន្ធប្រធានៗទៅជួបគ្នាដោះស្រាយបញ្ហាជម្លោះរវាងគ្នា ដោយសន្តិវិធី តាមការជជែកគ្នា ចរចាគ្នាទៅបាទ»

លោក ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និសិត្សក្នុងរាជធានីភ្នំពេញ នៅថ្ងៃពុធកន្លងទៅនេះ បានចាត់ទុកគម្រោងមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី ជាការប៉នប៉ងធ្វើរដ្ឋប្រហារ ហើយថា លោកចាំតែវាយសំពងពេលអតីតមេបក្សប្រឆាំងរូបនេះនៅថ្ងៃនោះ។ ទោះយ៉ាងណាក៏ដោយ លោក ថា​នឹងលើកលែងទោសអ្នករូម​គំនិត​និងចូលរួម​ជាមួយចលនាលោក សម រង្ស៊ី ប្រសិនបើ​ពួក​ទាំងនោះ​ចេញមុខសារភាព​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ