ក្រុម​សហជីព និង​​សិទ្ធិ​មនុស្ស​ជំរុញ​ទៅ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ ឱ្យ​ទទួល​យក​មេ​សហជីព​ចូល​ធ្វើការងារ​វិញ

អគារ​នៃ​ក្រុមហ៊ុន ​កាស៊ីណូ ​ណាហ្គា វើលដ៍ ស្ថិត​នៅ​ទល់​មុខ​នឹង​មជ្ឈ​មណ្ឌល​ពិព័ណ៌​កោះពេជ្រ។ (រូបភាព៖ ហេង វិចិត្រ/២៩ ខែតុលា ឆ្នាំ២០១៨)

ក្រុម​សហជីព និង​ក្រុម​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ជំរុញ​ទៅ​ក្រុមហ៊ុន​ល្បែង​កាស៊ីណូ ណាហ្គា វើលដ៍ ឱ្យ​ទទួល​យក​ស្ត្រី​ជា​មេដឹកនាំ​សហជីព​មួយ​រូប​ប្រចាំ​នៅ​ក្រុមហ៊ុន​មួយ​នេះ ត្រឡប់​ចូល​ធ្វើ​ការ​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​០៦ ខែ​តុលា​នេះ សហជីព និង​អង្គការ​សិទ្ធិ​មនុស្ស​ចំនួន ២៤​ស្ថាប័ន ក្នុង​នោះ​មាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ជាដើម បាន​ថ្កោល​ទោស​ចំពោះ​សេចក្ដី​សម្រេច​របស់​ក្រុមហ៊ុន ណាហ្គា វើលដ៍។

ក្រុម​សហជីព និង​ក្រុម​សិទ្ធិ​មនុស្ស​ទាំង​នោះ បាន​ចាត់​ទុក​ការ​បញ្ឈប់​មេដឹកនាំ​សហជីព​ប្រចាំ​នៅ​ក្រុមហ៊ុន ណាហ្គា វើលដ៍ ថា​ ជា​ការ​រំលោភ​ «យ៉ាង​ធ្ងន់​ធ្ងរ» ទៅ​លើ​សិទ្ធិ​សេរីភាព​សហជីព ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។

ក្រុម​សហជីព និង​ក្រុម​សិទ្ធិ​មនុស្ស ក៏​បានអំពាវ​នាវ​ទៅ​ក្រសួង​ការងារ ឱ្យ​សម្រប​សម្រួល​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​ ដើម្បី​ជំរុញ​ទៅ​ក្រុមហ៊ុន ណាហ្គា វើលដ៍ ឱ្យ​ទទួល​យក​ប្រធាន​សហជីព​ចូល​ធ្វើការងារ​វិញ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី០២ ខែ​តុលា ​ប្រធាន​​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​ប្រចាំ​នៅ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ក្រុមហ៊ុន​មួយ​នេះ បញ្ឈប់​ពី​តួនាទី​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា​កន្លង​មក។

សហជីព​មួយ​នេះ បាន​លើក​​ថា ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ ព្យួរ​ការងារ​​របស់​ស្ត្រី​ជា​មេដឹកនាំ​សហជីព​ដោយ​មិន​មាន​រយៈ​ពេល​កំណត់ និង​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ