តុលាការលើកសវនាការអ្នកបកប្រែភាសាខ្សែភាពយន្តរឿង «ម្តាយខ្ញុំ​លក់ខ្ញុំ»

ក្រុមគ្រួសារ​និងអ្នកគាំទ្រ លោក រ៉ាត់ រត្នមុនី ធ្វើការតវ៉ាឲ្យរុស្ស៊ីជួយអន្តរាគមន៍លើរឿងរបស់លោក រ៉ាត់ រត្នមុនី នៅមុខស្ថានទូរុស្ស៊ី។ រូបភាព៖ ហ៊ី ឆាយ /ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩

សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​នេះ បានសម្រេចលើកសវការអ្នកបកប្រែភាសាខ្សែភាពយន្តឯកសាររឿង «ម្តាយខ្ញុំ​លក់ខ្ញុំ» បន្ទាប់មេធាវីស្នើសុំឱ្យតុលាការកោះហៅដើមបណ្ដឹងឱ្យចូលរួមសវនាការ។

សាលាឧទ្ធរណ៍បានបើកសវនាការបណ្ដឹងជំទាស់របស់មេធាវីការពារក្ដីឱ្យលោក រ៉ាត់ រ័ត្នមុនី ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា «បាន​ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង» បន្ទាប់ពីលោក​បាន​​បកប្រែភាសាខ្សែភាពយន្តរឿង «ម្តាយខ្ញុំ​លក់ខ្ញុំ» ប៉ុន្តែ សវនាការនេះ  ត្រូវបានពន្យាពេលទៅវិញ។

មេធាវីការពារក្ដីឱ្យ​លោក រ៉ាត់ រ័ត្នមុនី  គឺលោក សំ ទិត្យសីហា ប្រាប់វីអូឌីនៅថ្ងៃនេះថា តុលាការសម្រេចពន្យាពេលសវនាការ​បែប​នេះ​ទៅ​តាម​សំណើ​របស់​លោក។ លោកបន្តថា លោកស្នើសុំឱ្យតុលាការ​លើកពេលសវនាការទៅថ្ងៃក្រោយវិញ ដោយ​សារ​តែ​សវនាការក្នុងថ្ងៃនេះ មិនមានដើមបណ្ដឹងរដ្ឋវប្បណីចូលរួម។

លោក សំ ទិត្យសីហា ប្រាប់​វីអូឌី​ថា៖ «វត្តមានដើមបណ្ដឹងរដ្ឋប្បវេណី វាមានសារៈសំខាន់ណាស់ ទាក់ទងនឹងសវនាការ សំខាន់បំផុតគូភាគីក្ន្ងងការសួរដេញដោល ហើយចំណុចមួយទៀត យើងឃើញថា ចំណុចដែលយើងចាប់អារម្មណ៍ទាក់ទងនឹងដើមបណ្ដឹងរដ្ឋវប្បណីគាត់អ្នកប្ដឹង ប៉ុន្តែ គាត់បែរជា​មិនមក អះអាងការពារ​ទៅនឹងបណ្ដឹងដែលគាត់បឹ្ដងទៅលើលោក រ៉ាត់ រ័ត្នមុនី»

លោក ទិត្យសីហា បន្ត​ថា​៖«អ្វីដែលសំខាន់ គឺទាក់ទងនឹងភាពយុត្តិធម៌ ដើម្បីឱ្យលោក រ៉ាត់ រ័ត្នមុនី គាត់អស់ក្នុងចិត្ត​នូវ​យុត្តិ​ធម៌​ដែល​គាត់ត្រូវទទួល​បាន។ បើអត់មានការដេញដោល​រវាងអ្នកដែលចោទគាត់ ហើយគាត់ត្រូវបានគេចោទទេ។ ខ្ញុំគិតថា វាជាចំណុចដែលបាត់បង់ឱកាស ឬពេលវេលាមួយក្នុងការឆ្លើយតបនឹងដំណើរការរឿងដែរ»។

លោក រ៉ាត់ រ័ត្នមុនី  ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ក្រោមបទចោទប្រកាន់ «ញុះញង់ឱ្យមានការរើសអើង» កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ដោយ​សារ​លោក​បាន​បំពេញការ​ងារ​ជាមួយ​បណ្តាញសារព័ត៌មាន​ Russia Today (RT) អំឡុង​ពេល​ផលិត​ភាព​យន្តឯកសាររឿង «ម្តាយ​ខ្ញុំ​លក់​ខ្ញុំ» ដែល​និយាយអំពី​រឿង​រ៉ាវ​របស់​ក្មេង​ស្រី​កម្ពុជា​ តាមការអះអាងថា បាន​លក់​ខ្លួន ដើម្បី​ជួយ​សម្រាល​ភាព​ក្រីក្រ​ក្នុង​គ្រួសារ​របស់ពួកគេ។

ទោះជាយ៉ាងណា បណ្តាញ​សារព័ត៌មាន​រុស្ស៊ី RT បានចេញ​សេចក្តី​ថ្លែងការណ៍មួយ​សម្តែង​ការ​ខកចិត្ត​ចំពោះ​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានីភ្នំពេញ ដែល​បាន​​ផ្តន្ទាទោស​អ្នក​បកប្រែជនជាតិ​ខ្មែរលោក ​រ៉ាត់ រ័ត្នមុនី ឱ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​នោះ។ក្នុង​សេចក្តី​ថ្លែងការណ៍​​នោះ បណ្តាញសារព័ត៌​មាន​ RT បានជំទាស់​ទៅនឹងការលើកឡើង​របស់​រដ្ឋាភិបាល​ដែលថា ភាពយន្តឯក​សារនេះជា​ «​ព័ត៌មាន​មិន​ពិត» ដោយ​អះអាងថា RT «តែងតែប្រកាន់​ខ្ជាប់នូវ​ស្តង់ដាខ្ពស់បំផុតក្នុង​ការ​ផលិត​ភាពយន្តឯកសារ​របស់ខ្លួន»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ