បក្សប្រឆាំង​ប្រកាសថា​ នឹង​សើរើកិច្ច​ព្រម​ព្រៀង​បង្គោលព្រំដែន​កម្ពុជា-វៀតណាម​ឡើង​វិញ

លោក ហ៊ុន សែន និង ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីនៃសាធារណ​​រដ្ឋសង្គមនិយមវៀតណាម ក្នុងសន្និសីទ​ និងពិធីចុះហត្ថលេខាជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

អតីតបក្សប្រឆាំង​ដ៏​ធំ​របស់​កម្ពុជា បាន​ប្រកាស​មិន​ទទួល​ស្គាល់​​លទ្ធផល​នៃ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ទើប​តែ​ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ហត្ថលេខា​ជាមួយ​ភាគី​វៀតណាម​កាល​ពី​សប្ដាហ៍​មុន​នោះ​ឡើយ។

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ២​ថ្ងៃ​ទៅ​កាន់​ប្រទេស​វៀតណាម​កាល​ពី​សប្ដាហ៍​មុន លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​បង្គោល​ព្រំដែន​គោក​​កម្ពុជា-វៀតណាម ដែល​ត្រូវ​បាន​ធ្វើ​ឡើង​រួច​រាល់​ដល់​ទៅ ៨៤​ភាគរយ​រួច​មក​ហើយ។

ប៉ុន្តែ ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​តុលា​កន្លង​មក​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​ទៅ​ហើយ​កាល​ពី​២​ឆ្នាំ​មុន​នោះ បាន​ប្រកាស​មិន​ទទួល​ស្គាល់​​ការ​បោះ​បង្គោល​ព្រំដែន ដែល​សម្រេច​ឡើង​ដោយ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជាមួយ​ប្រទេស​វៀតណាម​នោះ​ឡើយ។

អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ បាន​អះ​អាង​ទៀត​ថា ការ​បោះ​បង្គោល​ព្រំដែន​នា​ពេល​កន្លង​មក គឺ​ជា​ការកាត់​ដី​ឱ្យ​ប្រទេស​ជិត​ខាង​មួយ​នេះ​ដោយ​ស្រប​ច្បាប់ ដែល​បក្ស​ប្រឆាំង​ថា «មិន​អាច​ទទួល​យក​បាន» ​នោះ​ទេ។

តាមលិខិតដដែលនោះ អតីតបក្សប្រឆាំង បញ្ជាក់​ថា ខ្លួនក៏នឹងសើរើផងដែរនូវសន្ធិសញ្ញាព្រំដែនរវាងប្រទេសទាំងពីរ ដោយសំអាងថាជាសន្ធិសញ្ញាខុសច្បាប់ ហើយដែលត្រូវបានធ្វើមោឃភាពដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ​១៩៩១ និងរដ្ឋធម្មនុញ្ញ​កម្ពុជាឆ្នាំ១៩៩៣​ផង​ដែរ។

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ច្រានចោលការចោទប្រកាន់របស់អតីតបក្សប្រឆាំង និងថា ការប្រកា​សសើរើនោះ គឺជាការសន្យាខ្យល់របស់ក្រុមមេដឹកនាំអតីតបក្សប្រឆាំង។

លោក វ៉ា គឹមហុង មានប្រសាសន៍ប្រាប់ វីអូឌី តាមទូរសព្ទថា៖«អាហ្នឹង[ការសើរើ]យើងចាំបានអំណាចសិន សឹមយើងយល់សប្តិ​ថាយើងធ្វើអីបានឬមិនបាន។ បើយើងចង់សើរើទាល់តែយើងកាន់អំណាច ចាំយើងសើរើទៅ បើយើងមិនទាន់បានអំណាច មិនទាន់ចូលដីនៅស្រុកខ្មែរ មិនទាន់ទាំងបានផង ចង់សើរើម៉េច? សើរើនៅលើអាកាសអ៎ោះ! សើរើតាមអី? តាមអាកាស តាមខ្យល់»។  

សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន លើកឡើងថា​ ការចុះហត្ថលេខាទទួលស្គាល់ការវាស់វែង និងបង្គោលព្រំដែនបោះរួចរវាងកម្ពុជា និងវៀតណាម ធ្វើឡើងក្នុងកាលៈទេសៈដែលកម្ពុជាពុំទាន់មានឯកភាពនយោបាយ និងថា ការនេះនឹងអាចបង្កភាពចម្រូងចម្រាស់នៅថ្ងៃអនាគត។

លោក រ៉ុង ឈុន មានប្រសាសន៍ថា៖ «បើសិនជាការចុះហត្ថលេខាទទួលយកដោយភាពចម្រូងចម្រាស់បែបនេះ វានឹងបន្សល់ទុកភាពមិនច្បាស់លាស់ទៅដល់មនុស្សជំនាន់ក្រោយ។ អីចឹង មុននឹងយើងចុះហត្ថលេខាទទួលយក ៨៤ភាគរយដែលត្រូវបានបោះហ្នឹង ធ្វើម៉េចយើងត្រូវធ្វើការពិនិត្យឡើងវិញ ហើយឱ្យវាមានការចុះសម្រុងគ្នាគ្រប់ភាគីសង្គមស៊ីវិល ក៏ដូចជាអ្នកនយោបាយ។ យើងត្រូវតែចុះសម្រុងថា នឹងអាច​ទទួលយកបានទាំងអស់គ្នា។ អាហ្នឹងហើយបានជាការល្អប្រសើរ»។  

កម្ពុជា​ និង​វៀតណាម​ មាន​ព្រំដែន​គោក​រួមគ្នា​ប្រវែង ១២៧០គីឡូម៉ែត្រ​ ដោយ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​បោះបង្គោល​សរុប​ចំនួន​ ៣១៤ ដើម្បី​កំណត់​ខ្សែបន្ទាត់​ព្រំដែន​រវាង​គ្នា​និង​គ្នា ហើយនៅសល់​ចំណុច​មិន​ឯកភាព​គ្នា​ ១៦ភាគរយ​ទៀត​ ​នឹងធ្វើបន្តបន្ទាប់ពី​ភាគី​បារាំង​ផ្តល់​ផែនទី​ចម្លង​តាម​មាត្រដ្ឋានបំប្លែង​ពីខ្នាត​១លើ​១០០ពាន់​ មក​ខ្នាត១លើ៥០ពាន់ តាម​កិច្ច​ព្រមព្រៀង​កម្ពុជា​ និង​វៀតណាម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ