កម្មកររោងចក្រមួយនៅភ្នំពេញរក​អន្តរាគមន៍ពីក្រសួងករណីថៅកែមិនទូទាត់សំណងក្រោយបិទអាជីវកម្ម​

កម្មកររោងចក្រហ៊ឹងជីងឈរលើកមុខក្រសួងការងារដើម្បីសុំអន្តរាគមន៍ពីក្រសួងជួយដោះស្រវិវាទការងានៅថ្ងៃទី៨ ខែតុលាឆ្នាំ២០១៩

កម្មករកម្មការិនីបម្រើការនៅរោងចក្រ ហ៊ឹង ជីង  ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរកកិច្ចអន្តរាគមន៍ពី​ក្រសួងការងារឲ្យជួយដោះស្រាយវិវាទការងារ ដោយចោទថាថៅកែរោងចក្រនេះបិទទ្វារឈប់ដំណើរការអាជីវកម្មដោយមិនបានទូទាត់ប្រាក់សំណងជូនពួកគេ។

កម្មករកម្មការិនីប្រមាណ៤០នាក់បម្រើការនៅរោងចក្រ ហ៊ឹង ជីង ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យបានប្រមូលផ្តុំគ្នាឈរលើកបដាមុខក្រសួងការងារនៅថ្ងៃនេះ ដើម្បីសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង។

កម្មការនីផ្នែកដេរម្នាក់អ្នកស្រី ចក់ ស្រីអូន ប្រាប់អ្នកសារព័ត៌មាននៅ​កន្លែងតវ៉ាថា រយៈពេល២ខែហើយដែលរោងចក្រ ហ៊ឹង ជីង បិទទ្វារដោយមិនបានទូទាត់ប្រាក់សំណងផ្សេងៗ និងមិនបានបើក​ប្រាក់ឈ្នួលចំនួន២ខែជូនកម្មករ។

កម្មការនីវ័យ៤០ឆ្នាំរូបនេះ បន្តថា ករណីថៅកែបិទទ្វាររោងចក្រនេះបានធ្វើឲ្យរូបគាត់ និងកម្មករផ្សេងទៀតប្រឈមការខ្វះខាតក្នុងជីវភាពគ្រួសារដោយពុំមានលុយបង់ថ្លៃបន្ទប់ជួល ទឹកភ្លើង ថ្លៃកូនរៀន និងបង់សងធនាគារជាដើម។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំសុំទៅខាងក្រសួងការងារជួយពន្លឿនការដោះស្រាយជូនពួកខ្ញុំឲ្យឆាប់ចប់ផង។ ប្រសិនបើនៅពន្យារពេលយូរពួកខ្ញុំប្រឈមនឹងផលប៉ះពាល់ច្រើនណាស់ ព្រោះពួកខ្ញុំត្រូវចំណាយឲ្យកូនរៀន ចំណាយលើការហូបចុកប្រចាំថ្ងៃគ្រប់សព្វបែបយ៉ាងក្នុងក្រុមគ្រួសាររបស់ពួកយើងហ្នឹង»

កម្មករផ្នែកដេរម្នាក់ទៀតកញ្ញា ថូ សុមាលី និយាយថា ករណីថៅកែបិទទ្វាររោងចក្រនេះ គឺមិនបានជូនដំណឹងដល់កម្មករដឹងមុននោះទេ ហើយពួកគេបានដេកយាមមុខរោងចក្រនេះរយៈពេល២ខែមកហើយ ក្រោយសង្ស័យថា រោងចក្របិទទ្វារ។

កញ្ញាបន្ថែមថា«គេបិទទ្វារគេអត់មានការជូនដំណឹងអីទេ។ គេបិទភ្លើង គេលូចដឹកឥវ៉ាចេញអស់ខ្លះ។ និយាយអ្វីក៏គេមិនប្រាប់។ អីចឹងហើយបានជាពួកខ្ញុំសម្រេចចិត្តមកក្រសួងនាំគ្នាឈរលើកបដាជំរុញទៅក្រសួងឲ្យពន្លឿនការដោះស្រាយ»

វិអូឌីមិនអាចសុំការឆ្លើយតបពីអ្នកនាំក្រសួងការងារលោក ហេង សួរ បានទេជុំវិញករណីនេះ។

ក្រោយក្រុមកម្មករឈរលើកបដានៅមុខក្រសួងការងារនៅម៉ោងប្រហែល៩ព្រឹកថ្ងៃនេះ មន្រ្តីជាន់ខ្ពស់នៅក្រសួងការងារលោក និន វណ្ណៈ បានអនុញ្ញាតឲ្យតំណាងកម្មករចូលជួប និងដាក់ញត្តិ។ តំណាងកម្មករអះអាងថា លោក និន វណ្ណៈបានសន្យាចំពោះមុខពួកគេថា នឹងបញ្ជូនញត្តិនោះទៅរដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង ដើម្បីធ្វើការងារសម្រេច និងដោះស្រាយ។

ប្រធានរដ្ឋបាលរោងចក្រ ហ៊ឹង ជីង អ្នកស្រី អួយ ណៃស៊ីម បានចោទប្រកាន់កម្មករ និងសហជីពខាវឌូថា ជាអ្នកធ្វើឲ្យរោងចក្រមួយនេះលែងដំណើរការ ដោយថាសហជីពបានដឹកនាំកម្មករធ្វើកូដកម្ម​រហូតថៅកែបិទទ្វាររោងចក្រ។

ប្រធានរដ្ឋបាលរោងចក្ររូបនេះបន្តថា ថៅកែរោងចក្រមិនបានគេចវេសក្នុងការដោះស្រាយសំណងជូនកម្មករនោះទេ ដោយអ្នកស្រីថា ថៅកែសម្រេចឲ្យកម្មករលក់សំភារៈក្នុងរោងចក្រទាំងអស់ ដើម្បីទូទាត់សំណង ប៉ុន្តែភាគីកម្មករមិនព្រមខ្លួនឯង។

អ្នកស្រី បន្ថែមថា៖«ថៅកែគាត់មិនបានរត់ចោលកម្មករទៅណាទេ។ គាត់នៅតែមានជំហរជួយដោះស្រាយសំណងឲ្យកម្មករ។គាត់អត់មានលុយបើកឲ្យកម្មករមែន ប៉ុន្តែគាត់មានម៉ាស៊ីនមានអីវ៉ាន់នៅក្នុងរោងចក្រហ្នឹងឲ្យឡៃឡុងដើម្បីលុយឲ្យកម្មករ ។ ប៉ុន្តែកម្មករចាស់ៗទៅបាតុកម្មព្រឹកមិញដែលជាមេបះបោរហ្នឹងគាត់មិនព្រម។ ហើយពួកគាត់ហ្នឹងបះបោរបាតុកម្ម១ខែ២ទៅ៣ដងហ្នឹងដែលធ្វើឲ្យរោងចក្របិទទ្វារ»

មន្ត្រីសម្របសម្រួលនៅសម្ព័ន្ធសហជីពស៊ីខាវឌូលោក ឃឹម មករា បានច្រានចោល​ការចោទប្រកាន់នេះ ដោយថា ការលើកឡើងរបស់ប្រធានរដ្ឋបាលរោងចក្រនេះមិនពិតនោះទេ ហើយថាសហជីពស៊ីខាវឌូ បានដាក់បណ្តឹងទៅតុលាការរួចហើយចំពោះការចោទប្រកាន់នេះពីបទ«បរិហារកេរិ៍្តជាសាធារណៈ»។

មន្ត្រីសហជីពរូបនេះបន្តថា  ចំពោះការលក់ឡៃឡុងសំភារៈក្នុងរោងចក្រវិញ គឺលោកស្នើឲ្យភាគីរោងចក្រចេញលិខិតបញ្ជាក់ថាក្ស័យ​ធនជាមុនសិនទើបកម្មករហ៊ានលក់។

លោក បន្ថែមថា៖«រដ្ឋាភិបាលគួរតែចាត់វិធានការទៅលើនិយោជក ដែលបិទទ្វាររត់ចោលកម្មករ ហើយមិនបានផ្តល់សំណងជូនកម្មករ។ អីចឹងសុំឲ្យរដ្ឋាភិបាលគិតពិចារណាឡើងវិញចំពោះអ្នកវិនិយោគដែលមកនៅស្រុកខ្មែរយើងហ្នឹង»

មន្ត្រីសម្របសម្រួលនៅសម្ព័ន្ធសហជីពស៊ីខាវឌូលោក ឃឹម មករា ឲ្យដឹងថា តាមផ្លូវច្បាប់បើរោងចក្របិទទ្ធាត្រូវទូទាត់ប្រាក់សំណងចំនួន៥ចំណុចជូនកម្មករ មានប្រាក់ជំងឺចិត្ត ប្រាក់រំលឹកអតីតភាពការងារ ប្រាក់បណ្តេញចេញ ប្រាក់បំណាច់ឆ្នាំ និងប្រាក់ខែចុងក្រោយ។ បើតាមលោក ឃឹម មករា នៅរោងចក្រ ហ៊ឹង ជីង មានកម្មករទាំងថ្មី និងចាស់សរុប១០៧នាក់​ ដែលមិនទាន់បានបើកប្រាក់ឈ្នួលចំនួន២ខែ និងមិនទាន់ទូទាត់ប្រាក់សំណង ក្រោយថៅកែបិទទ្វាររោងចក្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ