បក្សប្រជាធិបតេយ្យមូលដ្ឋាន​ ជំរុញរដ្ឋាភិបាលបង្ហាញឯកសារព្រំដែនដែលកម្ពុជាចុះជាមួយវៀតណាមកាលពីសប្តាហ៍មុន

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហែរក្បួនឃោសនាបក្ស ថ្ងៃទី ២២ កក្កដា ២០១៨

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ ជំរុញឱ្យរដ្ឋាភិបាលលាតត្រដាងឯកសារព្រំដែន​ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាជាមួយភាគីវៀតណាមកាលពីសប្តាហ៍មុន ដើម្បីបង្ហាញពីតម្លាភាពដល់ពលរដ្ឋ​។

ក្នុងសេចក្តីថ្លែងការថ្ងៃទី៧ ខែតុលា គណបក្សប្រជាធិបតេយ្យមូលដ្ឋានហៅកាត់ GDP ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា បង្ហា​ញសាធារណជននូវឯកសារព្រំដែន​ចំនួន២ ដែលបានធ្វើជាមួយវៀតណាមកាល​សប្តាហ៍មុន ដើម្បីបញ្ជាក់ថា កម្ពុជាមិនបានខាតបង់ដីទៅភាគីវៀតណាម។

សេចក្តីថ្លែងការដដែលបញ្ជាក់ថា ឯកសារច្បាប់ចំនួន២នោះរួមមានទី១សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម និងទី២ ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។

អ្នកនាំពាក្យគណបក្ស GDP លោកស្រី ឡុង កញ្ញា លើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរតែបង្ហាញឯកសារពាក់ព័ន្ធរឿងព្រំដែនឱ្យសាធារណជនបានជ្រាប ដើម្បីបញ្ចប់មន្ទិលសង្ស័យលើតម្លាភាពក្នុងការបោះបង្គោលព្រំដែនដ៏ចម្រូងចម្រាស់រវាងកម្ពុជា និងវៀតណាម។

លោកស្រី ឡុង កញ្ញា៖«ពួកយើងមានចម្ងល់ ចឹងយើងរក្សាគោលជំហរថា យើងចង់ឱ្យរដ្ឋាភិបាលបង្ហាញរាល់ឯកសារដែលលោកបានធ្វើកិច្ចការជាមួយនឹងខាងវៀតណាម ដើម្បីបង្ហាញឱ្យប្រជាពលរដ្ឋលោកបានឃើញ បានយល់អំពីអ្វីដែលរដ្ឋាភិបាលបានធ្វើ។ បើសិនជារដ្ឋាភិបាលមិនបង្ហាញទេ នោះមានន័យថាអ្វីដែលរដ្ឋាភិបាលបានធ្វើកំពុងតែលាក់លៀមជាមួយនឹងប្រជាពលរដ្ឋខ្លួនឯង ហើយក៏កំពុងតែបំផ្លាញបូរណភាពទឹកដីរបស់ពួកយើងផងដែរចាស៎»

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បដិសេធបង្ហាញឯកសារតាមការទាមទាររបស់គណបក្ស GDP ហើយជំរុញឱ្យអ្នកនយោបាយស្រាវជ្រាវការពន្យល់របស់នាយករដ្ឋមន្រ្តី និងឯកសារតម្កល់ដោយខ្លួនឯង។

លោកមានប្រសាសន៍ថា៖«អាហ្នឹងក៏បាននិយាយ ឱ្យគាត់ទៅមើលទៅ ហេតុដូចម្តេចបានគេទទួលឯកភាព ពី៨០ផ្លាយមករហូតដល់៩០ជាងហ្នឹង។ យើងទទួលឯកភាពលើសន្ធិសញ្ញាបំពេញបន្ថែម។ អាហ្នឹងគេបានពន្យល់នៅក្នុងអ្វីដែលជាការពន្យល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាឯកសារទុកនៅទីស្តីការគណរដ្ឋមន្រ្តី សូមឱ្យគាត់ស្រាវជ្រាវ។ បើគាត់ធ្វើជាអ្នកនយោបាយ គណបក្សនយោបាយមិនស្រាវជ្រាវ កុំធ្វើ!  គ្រាន់តែដាក់មេក្រូមួយជេរគេទៅបានហើយ»

យ៉ាងណា លោក ផៃ ស៊ីផាន បញ្ជាក់ថា ការបោះបង្គោលព្រំដែនជាមួយវៀតណាមកន្លងមក គឺធ្វើតាមផែនទីមូលដ្ឋានដែលបន្សល់ទុកដោយអាណានិគមបារាំង និងដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិ។​  ​

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថា ការបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាមត្រឹមត្រូវ១០០ភាគរយ ហើយលោកជំរុញអ្នកអះអាងថាមានបញ្ហា ឱ្យបង្ហាញភស្តុតាងត្រឹមត្រូវមកកាន់គណៈកម្មាធិការរបស់លោក​។

លោក វ៉ា គឹមហុង មានប្រសាសន៍បន្ថែមថា៖ «បើថាបាត់​សូមប្រាប់ផង ហើយក៏សូម​ថា​ កុំថាខ្ញុំអគតិ។ ខ្ញុំអត់មាននេះទេ ខ្ញុំ Open (បើកចំហរ) ​គឺថាប្រាប់មកល្អ ថាវាបាត់​អីមែន ខ្ញុំនឹងដាក់ឱ្យស្រាវជ្រាវ ជាជាងពិបាកស្វែងរក។ ទៅរកអាប្រភពបាត់​​មែន​ឬមិនមែន។ មិនជឿគាត់ចេះតែថា ចេះតែថាទៅប្អូនឯង។ អាងគណបក្សប្រឆាំងផង វាចេះតែថាសំអុយរដ្ឋាភិបាលទៅ។ អាពួកអង្គការខ្លះប្រឆាំងយើងវាចេះតែថាឱ្យរួចខ្លួនទៅ»

កម្ពុជា ​និង​វៀតណាម​ មាន​ព្រំដែន​គោក​រួមគ្នា​ប្រវែង ១២៧០គីឡូម៉ែត្រ​ដោយ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​បោះបង្គោល​សរុប​ចំនួន​ ៣១៤ ដើម្បី​កំណត់​ខ្សែបន្ទាត់​ព្រំដែន​រវាង​គ្នា​និង​គ្នា ហើយនៅសល់​ចំណុច​មិន​ឯកភាព​គ្នា​១៦ភាគរយ​ទៀត​ ​នឹងធ្វើបន្តបន្ទាប់ពី​ភាគី​បារាំង​ផ្តល់​ផែនទី​ចម្លង​តាម​មាត្រដ្ឋានបំប្លែង​ពីខ្នាត​១លើ​១០០ពាន់​មក​ខ្នាត១លើ៥០ពាន់ តាម​កិច្ច​ព្រមព្រៀង​កម្ពុជា​ និង​វៀតណាម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ