រដ្ឋាភិបាល ប្រកាសប្រមូលមតិយោបល់ដើម្បីអនុវត្តន៍អនុសាសន៍ត្រួតពិនិត្យជាសកល UPR

តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបពិភាក្សាជាមួយតំណាងអង្គការសហប្រជាជាតិ ពិភាក្សាអំពីការងារសរសេររបាយការណ៍សិទ្ធិមនុស្ស យន្តការ UPR នាព្រឹកថ្ងៃទី០៨ខែតុលាឆ្នាំ២០១៩ (រូបភាពអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកជិន ម៉ាលីន)

រដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការសិទ្ធិមនុស្ស ប្រកាសប្រមូលមតិយោបល់​និងទស្សនៈដើម្បីអនុ​វត្ត​អនុសាសន៍ត្រួតពិនិត្យជាសកល UPR។ នេះបើតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់គណៈ​កម្មាធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា ចេញផ្សាយ​កាលពីថ្ងៃទី០៧ខែតុលា។

គេហទំព័ររបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាឱ្យដឹងថា យន្ត​​ការ​ពិ​និត្យ​ជា​ស​ក​លតា​ម​កា​ល​កំណត់ Universal Periodic Review (UPR) ​គឺ​ជា​ដំណើរ​ការ​តែ​មួយ​គត់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ពិ​និត្យ​រ​បាយ​កា​រណ៍​នៃ​កំណត់​ត្រា​សិទ្ធិ​ម​នុស្ស​របស់​រដ្ឋ​ជា​ស​មាជិក​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ​ទាំង​អស់។ UPR ​ក៏​ជា​ដំណើរ​ការ​មួយ​ដែល​ប្រឹង​ប្រែង​ព្យា​យាម​សម្រេច​ដោយ​រដ្ឋ ​ដោយ​មាន​ការ​ជួយជ្រោមជ្រែង​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស ​ដែលផ្តល់​នូវ​ឱ​កាស​សម្រាប់​រដ្ឋ​នី​មួយៗ​ដើម្បីប្រ​កាស​ពីស​កម្ម​ភាព​អ្វី​ខ្លះ​ដែល​រដ្ឋ​ទាំង​នោះ​បាន​ធ្វើ ​ដើម្បី​កែ​លម្អស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ​ក្នុង​ប្រ​ទេស​របស់​ខ្លួន ​និង​ដើម្បីបំ​ពេញ​កាតព្វ​កិច្ច​សិទ្ធិ​ម​នុស្ស​របស់​រដ្ឋទាំងនោះ ។ ​

ប្រភពដដែល លើកឡើងបន្តថា UPR ​ក៏ជាធា​តុ​សំ​ខាន់​មួយ​របស់​ក្រុម​ប្រឹក្សាសិទ្ធិ​ម​នុស្ស ​ដែ​ល​ក្រើ​ន​រំឭក​ដល់​រដ្ឋ​ទាំង​ឡាយអំ​ពី ​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន ​ក្នុង​ការ​គោរព ​និង​អ​នុ​វត្ត​ឲ្យ​បា​ន​ពេញ​លេញ​នូវ​សិទ្ធិ​ម​នុស្ស ​និង​សេ​រី​ភាព​ជា​មូល​ដ្ឋាន។ ​គោល​បំណង​ចុង​ក្រោយ​នៃ​យន្ត​ការ​នេះ​គឺ​ដើម្បី​កែ​លម្អស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅគ្រប់​ប្រ​ទេស​ទាំង​អស់ ​និង​ដោះ​ស្រាយ​ការ​រំ​លោភ​សិទ្ធិ​ម​នុស្ស​នៅគ្រប់​ទី​កន្លែង។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រកាសថា មតិយោបល់និងទស្សនៈពីគ្រប់ភាគីពាក់ព័ន្ធ​ទាំង​អស់ ដែលលើកឡើងក្នុងសិក្ខាផ្សព្វ​ផ្សាយនិង​ដាក់ឱ្យអនុវត្តអនុសាសន៍ UPR នៅថ្ងៃទី០៩ ១០ខែតុលាខាងមុខ  នឹងត្រូវចាត់​ទុកជាធាតុចូលដើម្បីយកទៅអនុវត្ត។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក ជិន ម៉ាលីន មានប្រសាសន៍ថា អនុ​សាសន៍ទាំងនោះគឺពាក់ព័ន្ធស្ទើតែគ្រប់ស្ថាប័នទាំងអស់ ខណៈដែល​គណៈកម្មា​ធិការសិទ្ធិ​មនុស្ស​កម្ពុជាបានបែងចែករួចហើយថាអនុសាសន៍មួយណាត្រូវស្ថាប័នណាជាអ្នកទទួល​ខុសត្រូវអនុវត្តន៍។

លោក ជិន ម៉ាលីន មានប្រសាសន៍ថា៖ «ដើម្បីធ្វើការពិគ្រោះយោបល់ពីដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និង​គ្រប់​ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យពួកគាត់ចូលរួមផ្តល់យោបល់ពាក់​ព័ន្ធទាំងជុំវិញ​ការបែង​ចែកអនុសាសន៍នេះ ជាពិសេសគឺយន្តការនៃការអនុវត្ត ថាតើត្រូវរៀបចំយន្តការយ៉ាង​ម៉េចដើម្បីឱ្យការអនុវត្តន៍យន្តការទាំងនោះមានប្រសិទ្ធិភាព»។

​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តន៍​អនុសាស្ត្រUPRបាន​តិចតួចប៉ុណ្ណោះ។ លោករំពឹងតិចតួចប៉ុណ្ណោះថា ​ស្ថាប័ន​នានារបស់រាជរដ្ឋាភិបាល​ទទួលមតិ​យោបល់ពីសង្គមស៊ីវិលដែលធ្វើការងារការពារសិទ្ធិមនុស្សដើម្បីយកទៅអនុវត្តបន្តនោះ។

លោក អំ សំអាត លើកឡើងថា៖ «អនុសាសន៍ច្រើនណាស់ដែលយើងមើលទៅគេលើកជាដដែលៗ ឧទាហរណ៍ពាក់ព័ន្ធនឹងកំណែរទម្រង់តុលាការឱ្យឯករាជ្យប៉ុន្តែយើងមិនទាន់ឃើញមានការកែប្រែឱ្យបានបានជាឯករាជ្យទេ! យើងមិនជារំពឹងខ្ពស់ប៉ុន្មានទេ ប៉ុន្តែយ៉ាងណាក៏ដោយយើង​នៅតែមានសុទិដ្ឋិនិយមថាសិក្ខាសាលាហ្នឹងវាអាចនឹងជួយផ្ដល់យោបល់មួយចំនួនដើម្បីដាក់​ចេញជាគោលនយោបាយដើម្បីអនុវត្តទៅតាមអនុសាសន៍UPR»។

ការ​ពិ​និត្យ​រ​បាយ​កា​រណ៍​ជា​ស​កល​តា​ម​កា​ល​កំណត់​របស់ប្រ​ទេស​កម្ពុ​ជា ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​លើក​ទី ១៦ ​នៅ​ថ្ងៃ​ទី៣០ ​ខែ​ម​ក​រា ​ឆ្នាំ ២០១៩។​ កាលនោះ សមាជិកអង្គការសហ​ប្រជាជាតិបានផ្ដល់អនុសាសន៍ចំនួន១៩៨ចំណុច ប៉ុន្តែលោកកែវ រ៉េមី ដែលដឹកនាំគណៈ​ប្រតិភូ​​កម្ពុជាប្រកាសទទួលយកអនុសាសន៍ចំនួន១៧៣ ដើម្បីអនុវត្តន៍។ក្រុមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យចាប់អារម្មណ៍ផ្តល់អនុសាន៍លើការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យខណៈប្រទេសកាន់របបកុម្មុយនីសដូចជា កូរ៉េខាងជើង វៀតណាមជាដើមនោះបានផ្ដល់អនុសាសន៍ឱ្យកម្ពុជាលើកស្ទួយសិទ្ធិទទួលបានការអប់រំ។ អនុសាសន៍ទាំង​នោះរាប់លាតសន្ធឹងសិទ្ធិគ្រប់វិស័យរបស់សង្គមកម្ពុជា​ដែលរាប់តាំង​ពីសិទ្ធិ​អបរំ សិទ្ធិសេរីភាព​បញ្ចេញមតិ សិទ្ធិដីធ្លី និងកំណែរទម្រង់ច្បាប់ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ