រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ អះអាងថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន បានបង្រួមព័ត៌មានសម្ងាត់របស់ជាតិតិចបំផុត តបតាមស្ដង់ដាអន្តរជាតិដែលធានាដល់ការធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាល និងអភិបាលកិច្ចល្អ។
ការថ្លែងរបស់លោក ខៀវ កាញារីទ្ធ នេះ ធ្វើឡើងក្នុងទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសកលឆ្នាំ២០១៩ ក្រោមប្រធានបទ«សិទ្ធិទទួលបានព័ត៌មាន គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល» ក្នុងរាជធានីភ្នំពេញ នាថ្ងៃអង្គារនេះ ដែលមានអ្នកចូលរួមមកពី ក្រុមអង្គការសង្គមស៊ីវិលស្ថាប័នអ្នកសារព័ត៌មាន និងតំណាងអង្គការយូនីស្កូ (UNESCO) ស្ថានទូតមួយចំនួនទៀត ប្រចាំកម្ពុជា។
លោក ខៀវ កាញារីទ្ធ ថ្លែងថា រដ្ឋាភិបាលបានខិតខំធ្វើឱ្យប្រសើរឡើងនូវសិទ្ធិទទួលព័ត៌មាន ដល់ប្រជាពលរដ្ឋតាមរយះយន្តការចាំបាច់នានា ដូចជា ការបង្កើតឱ្យមានក្រុមអ្នកនាំពាក្យ សម្រាប់ឆ្លើយតបទៅនឹងបញ្ហាដែលកើតឡើងក្នុងសង្គម ការបង្កើតការិយាល័យច្រកចេញចូលតែមួយនៅទូទាំងប្រទេស ដើម្បីដេញដោលព័ត៌មានអំពីការបម្រើសេវាសាធារណៈ។
លោក ខៀវ កាញារីទ្ធ ថ្លែងទៀតថា ទន្ទឹមនឹងនោះ សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដែលនឹងដាក់ឱ្យប្រើឆាប់ៗនេះ មានលក្ខណៈល្អប្រសើរស្របតាមច្បាប់អន្តរជាតិ គាំទ្រដល់ការធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាល និងអភិបាលកិច្ចល្អ ផ្តល់សេវាដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយ្យភាព។
រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ មុនឆ្លងទៅអន្តរក្រសួង ក្រសួងព័ត៌មាន បានរៀបចំកិច្ចប្រជុំជាមួយក្រសួងស្ថាប័នចំនួន១២ រួមទាំងក្រុមអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យនិងកែសម្រួលប្រមូលធាតុចូលបន្ថែម។
លោកថា៖«ស្អីស្ដង់ដារអន្តរជាតិ ទី១រដ្ឋត្រូវបង្រួមឱ្យតូចបំផុតដែលគេហៅថា ព័ត៌មានសម្ងាត់នេះជាស្ដង់ដារអន្តរជាតិ។ ទី២ នៅពេលណាព័ត៌មានសម្ងាត់វាមានផលប្រយោជន៍តូចជាងផលប្រយោជន៍សមូហភាព ផលប្រយោជន៍សមូហភាពត្រូវតែមានអាទិភាពនេះជាស្ដង់ដាអន្តរជាតិ»។
បើតាមលោក ខៀវ កាញារីទ្ធ ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ នឹងលើកកម្ពស់សិទ្ធិទទួលបានព័ត៌មាន ដល់ប្រជាពលរដ្ឋ ព្រោះថា ច្បាប់នោះ តម្រូវឱ្យស្ថាប័នរដ្ឋត្រូវផ្តល់ឯកសារនានា ពាក់ព័ន្ធនឹងការដេញថ្លៃ ការប្រើប្រាស់ថវិកាសម្រាប់គម្រោងអភិវឌ្ឍន៍ ដែលពលរដ្ឋចង់ដឹង។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា ចាត់ទុកច្បាប់នេះថា ជាយន្តការមួយទៀត ជំរុញឱ្យមានតម្លាភាពក្នុងសង្គម ។
លោកថា៖«ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននេះ ខ្ញុំយល់ឃើញថា នៅតែមានសារៈសំខាន់នៅត្រង់ថា នៅពេលដែលវាចេញមកវានឹងក្លាយជាយន្តការមួយដែលធានាឱ្យមានភាពច្បាស់លាស់ដែលអ្នកសារព័ត៌មានក៏ដូចជាមហាជនទូទៅទទួលបានព័ត៌មានច្បាស់លាស់មួយ ដោយសារតែវាតម្រូវឱ្យអាជ្ញាធររបស់រដ្ឋត្រូវតែផ្តល់ជូននូវព័ត៌មានទាំងឡាយណាដែលបានស្នើសុំ»។
នាយកប្រតិបត្តិវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API) លោក ឡាំ សុជាតិ បង្ហាញការព្រួយបារម្ភថា សិទ្ធិទទួលបានព័ត៌មាន នៅតែបន្តរឹតបន្តឹង បើសេចក្ដីព្រាងច្បាប់នេះនៅតែអូសបន្លាយមិនអាចចេញរួចនោះ។
អ្នកសារព័ត៌មានថ្មីៗ កញ្ញា ខន ចំប៉ា ផ្តល់ជាយោបល់ថា ច្បាប់គួរផ្តល់ឱកាសឱ្យគ្រប់ភាគីពាក់ព័ន្ធមានឱកាសស្វែងរកព័ត៌មានពិត ទើបជំរុញឲ្យពលរដ្ឋត្រូវតែទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ក្នុងការសម្រេចចិត្ត ជំរុញដល់យន្តការធ្វើកំណែទម្រង់រដ្ឋ ។
កញ្ញាថា៖«ការទទួលបានព័ត៌មានពេញលេញគ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធវាជាភាពចាំបាច់មួយដែលយើងចូលរួមកសាងសង្គមជាតិទាំងអស់គ្នាឱ្យមានភាពប្រសើរឡើង ប្រកបដោយតម្លាភាព »។
បើតាមលោក ខៀវ កាញារីទ្ធ សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានេះ មានកិច្ចសហការផ្នែកថវិការនិងបច្ចេកទេសពីអង្គការយូនីស្ក និងប្រទេសស៊ុយអ៊ែត។
ក្នុងពិធីប្រារព្វទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលបានព័ត៌មានជាសកលក្រោមប្រធានបទ «សិទ្ធិទទួលបានព័ត៌មាន គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល»នេះ តំណាងអង្គការយូនីស្កូ និងតំណាងស្ថានទូរស៊ុយអ៊ែត បានអះអាងថាពួកគេបន្តតាមដាននិងជំរុញឱ្យច្បាប់នេះ លើកកម្ពុស់សិទ្ធិព័ត៌មានធានាដល់ការអភិវឌ្ឍប្រកបដោយចិរភាព។
បើតាមលោក ខៀវ កាញារីទ្ធ សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដែលមាន ៩ជំពូក ៣៨មាត្រានេះ នឹងធ្លាក់ដល់រដ្ឋសភា ដើម្បីអនុម័តឱ្យប្រើប្រាស់នៅចុងឆ្នាំនេះ នូវអ្វីដែលលោកថា ដើម្បីឱ្យពលរដ្ឋមានឱកាសស្វែងរកព័ត៌មានជុំវិញដំណើរការបោះឆ្នោតនៅអាណត្តិក្រោយនេះ៕