លោក ​ខៀវ​ កា​ញា​រី​ទ្ធ​ ថា​ អភិបាលខេត្ត​មួយ​ចំនួន​​ធុញ​​អ្នកសារព័ត៌មាន​

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីមហាសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ បំភ្លឺ​ថា​ ការដែល​ក្រសួង​តម្រូវ​ឱ្យ​អ្នកសារព័ត៌មាន​ជូនដំណឹង​ទៅ​មន្ទីរ​ព័ត៌មាន​ និង​អាជ្ញាធរ​ខេត្ត​មួយចំនួន​នោះ​ ដោយសារ​អភិបាលខេត្ត​ខ្លះ​ធុញ​បញ្ហា​ផ្សេង​ៗដែល​កើត​ដោយ​សារ​អ្នក​ព័ត៌មាន​។

ឆ្លើយនឹង​សំណួរ​អ្នកសារព័ត៌មាន​ក្នុង​ទិវាអន្តរជាតិ​សម្រាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជាស​កល​ឆ្នាំ២០១៩​ នៅ​រាជធានី​ភ្នំពេញ​ កាលពី​ម្សិលមិញ​ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ ថ្លែង​ថា​ ការដែល​ទាមទារ​ឱ្យ​អ្នកសារព័ត៌មាន​ជូនដំណឹង​ ដោយ​ក្រសួង​មើលឃើញ​ថា​ បញ្ហា​មួយចំនួន​កើតមាន​កន្លងមក​បណ្តាល​ពី​អ្នក​ព័ត៌មាន​មិន​ប្រាប់​អត្តសញ្ញាណ​។

លោក ខៀវ​ កា​ញារីទ្ធ៖«ឯកឧត្តម​ លោកស្រី​ដឹង​ទេ​ ថា​ នៅ​រតនគិរី​ មាន​កាសែត​ប៉ុន្មាន​អង្គភាព​ទេ​ ? នៅ​រតនគិរី​មាន​អ្នកកាសែត​ជាង៣០០​ អង្គភាព​នៅក្នុង​ខេត្តរតនគិរី​ដ៏​តូច​មួយ​ ហើយ​កាសែត​ណា​មានរឿង​ សុទ្ធតែ​កាសែត​មានឈ្មោះ​ ដល់​អ៊ីចឹង​ទៅ​ចៅហ្វាយ​ខេត្ត​គេ​ក៏​ធុញ​គេ​ដែរ​។ អ៊ីចឹង​គេ​ ត្រូវការ​ទាមទារ​ការ​បញ្ជាក់​ថា​អ្នក​ហ្នឹង​ពិត​ធ្វើ​អ្នក​កាសែត​មែន​អត់​ »។

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន​លោក​ ផុស​ សុវណ្ណ​ បញ្ជាក់​បន្ថែម​ថា​  អ្វី​ដែល​ក្រសួង​ទាមទារ​នេះ​ លោក​ថា​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​អាជ្ញាធរ​និង​អ្នកសារព័ត៌មាន​។

លោកថា៖« ចាងហ្វាង​ខេត្ត​អត់​ដឹង​ អ៊ីចឹង​បានឱ្យ​ខាង​មន្ទីរ​ បញ្ជាក់​អ្នក​ហ្នឹង​មក​ពី​វី​អូ​ឌី​មែន​? មក​ពីCNCមែន​? បាន​គាត់​ព្រម​ឆ្លើយ​ បើ​អត់​បញ្ជាក់​ច្បាស់​ទេ​ គាត់​មិន​ឆ្លើយ​ទេ​ គាត់​ចង់​បញ្ជាក់​អ៊ីចឹង​។ ភាគច្រើន​ខេត្ត​មួយចំនួន​លើកឡើង​ តែ​ខេត្ត​ដែល​បញ្ហា​ច្រើន​គឺ​ខេត្តរតនគិរី​ និង​មណ្ឌលគិរី​» ។

កាលពី​ថ្ងៃទី៥​ ខែកក្កដា​ ឆ្នាំ២០១៩​ រដ្ឋបាល​ខេត្តរតនគិរី​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ថា​ ​កន្លងមក​ មាន​ជន​ខិលខូច​មួយចំនួន​បាន​ប្រើប្រាស់​កាត​អ្នកសារព័ត៌មាន​ និង​លិខិត​បញ្ជាបេសកកម្ម​របស់​ចាងហ្វាង​កាសែត​ហួស​សុពលភាព​ រួម​ទាំង​ឯក​សារ​ផ្សេង​ៗមិន​ត្រឹមត្រូវ​ ដោយ​យក​ទៅ​ប្រើប្រាស់​ខុសច្បាប់​ ប្រាសចាក​ក្រម​សីលធម៌​ និង​វិជ្ជាជីវៈ​ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

សេចក្ដីជូនដំណឹង​ដដែល​នេះ​ រដ្ឋបាល​ខេត្តរតនគិរី​ បាន​ស្នើ​ទៅ​ភ្នាក់ងារ​សារព័ត៌មាន​គ្រប់​អង្គភាព​ទាំងអស់​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​ និង​គោលបំណង​ឱ្យ​បាន​ច្បាស់លាស់​ទៅ​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​ ដោយ​ថា​ ដើម្បី​ពង្រឹង​​ការអនុវត្ត​តួនាទី​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ គោរព​សិទ្ធិមនុស្ស​ និង​ប្រកាន់​ខ្ជាប់​នូវ​លិទ្ធិ​ប្រជា​ធិបតេយ្យ​។

អ្នកយកព័ត៌មាន​វី​អូ​អេ​ លោក​ ស៊ុន​ ណា​រិន​ ចាត់ទុក​ការ​ទាមទារ​ឱ្យ​អ្នកសារព័ត៌មាន​ជូនដំណឹង​ទៅតាម​មន្ទីរ​ព័ត៌មាន​ និង​អាជ្ញាធរ​ខេត្ត​នេះ​ថា​ ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​អ្នកសារព័ត៌មាន​ដែល​បំពេញវិជ្ជា​ជីវៈ​ទៅតាម​ក្រមសីលធម៌​។

លោកថា៖«​ អ្នកកាសែត​ធម្មតា​គាត់​មាន​សេរីភាព​ហើយ​ អ៊ីចឹង​ការ​ទៅណា​ទៅ​ណី​ យើង​មិនបាច់​ទាមទារ​ ការ​ជូនដំណឹង​ទៅ​អាជ្ញាធរ​ថា​ យើង​ទៅ​ធ្វើ​រឿង​នៅ​ខេត្ត​នេះ​ នៅ​តំបន់​នេះ​ វា​អត់មាន​អី​ត្រូវ​ជូនដំណឹង​ទេ​ ព្រោះ​នេះ​ជា​ការងារ​អ្នកកាសែត​។ បើសិនជា​មាន​ការ​​ទាមទារ​ឱ្យ​ជូនដំណឹង​ វា​ហាក់ដូចជា​រឹត​បន្តឹង​ទៅលើ​សេរីភាព​អ្នកកាសែត​ ព្រោះ​ជួនកាល​ត្រូវ​ធ្វើ​រឿង​មួយចំនួន​ ដែល​រឿង​ហ្នឹង​ជា​រឿង​រសើប​ រឿង​ហ្នឹង​វា​ជា​រឿង​រិះគន់​រដ្ឋា​ភិបាល​ ឬក៏​អាជ្ញាធរ​ គាត់​ត្រូវ​ជូនដំណឹង​ម៉េច​កើត​? អ៊ីចឹង​អត់​ត្រូវ​មានការ​ជូនដំណឹង​ទៅ​​អាជ្ញាធរ​ទេ​ គាត់​ចង់​ទៅ​សម្ភាស៍​គឺ​ទៅ​សម្ភាស៍​តែម្ដង​អត់មាន​ថា​ជូនដំណឹង​អី​ទេ​»។

ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​លោក​ ប៉ែន​ បូ​ណា​ មានប្រសាសន៍​ថា​ អ្នកសារព័ត៌មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចុះ​ទៅ​យក​ព័ត៌មាន​ដោយ​មិន​ចាំបាច់​ជូនដំណឹង​អាជ្ញាធរ​ដែនដី​ឡើយ​។  ​;ប៉ុន្តែ​ប្រសិន​មាន​ករណី​ដូច​ក្រសួង​លើក​ឡើង​មែន​ លោក​ថា​ ក្រសួង​គួរ​ដោះស្រាយ​បញ្ហា​ជា​បុគ្គល​នោះ​ ជាជាង​ចេញ​សេចក្ដីប្រកាស​ឱ្យ​អ្នកកា​សែត​​ជូនដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ មុន​ពេល​ចុះ​យក​ព័ត៌មាន​។

លោកថា៖« ឯកឧត្ដម​រដ្ឋមន្ត្រី​លោក​មានប្រសាសន៍​ថា​ ដូចជា​មានតែ​ពីរ​ បី​ខេត្ត​ទេ​ ប៉ុន្តែ​ពីរ​ បី​ខេត្ត​នឹងក៏​ដោយ​ បើ​ក្រសួង​អាច​នឹង​ដោះស្រាយ​បញ្ចប់​បញ្ហា​ដោយឡែក​របស់​ពួកគាត់​ដែល​ក្រុម​អ្នកកាសែត​ដែល​គិតថា​អាជ្ញាធរ​មាន​បញ្ហា​ឱ្យ​ចប់​ជាមួយ​គាត់​ទៅ​ វា​ប្រសើរ​ជាង​ការ​ចេញ​អ្វីមួយ​ជាទូទៅ​ដែល​អាច​នឹង​ប៉ះពាល់​កាសែត​អាជីព​ផ្សេង​[បំពេញ​តួនាទី​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​] »។

បើ​តាម​ក្រសួងព័ត៌មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទូរទស្សន៍​ វិទ្យុ​ ទស្សនាវដី្ត​ កាសែត​ បច្ចុប្បន្ន​ជិត​ ៨០០​ ស្ថាប័ន​ ប៉ុន្តែ​ស្ថាប័ន​ដែល​បាន​ផ្សា​ព្វ​ផ្សាយ​ទៀងទាត់​ មាន​ចំនួន​មិនដល់៥០ទេ​។

យោង​តាម​របាយការណ៍​ស្តី​ពី​ «សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ឆ្នាំ២០១៩​» របស់​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន​ ដែល​ចេញផ្សាយ​ កាលពី​ខែមេសា​ឆ្នាំ២០១៩​ បាន​ទម្លាក់​ចំណាត់ថ្នាក់​កម្ពុជា​នៅ​លេខ​រៀង​ ១៤៣​ ក្នុងចំណោម​ប្រទេស១៨០​ លើ​ពិភពលោក​។

ពិន្ទុ​នេះ​បង្ហាញថា​ កម្ពុជា​ធ្លាក់ចុះ​មួយ​លេខ​ទៀត​ បើ​ធៀប​នឹង​ឆ្នាំ២០១៨​ ដែល​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​១៤២​ និង​ធ្លាក់ចុះ​ដល់ទៅ​ ១១លេខ​ បើ​ធៀប​នឹង​ឆ្នាំ២០១៧​ ដែល​កម្ពុជា​មាន​ចំណាត់ថ្នាក់​ ១៣២​ ក្នុង​ចំណោម​​ប្រទេស​ ១៨០​។

ការ​ទម្លាក់​ចំណាក់​ថ្នាក់​ ១ ទៀត​នេះ​ ដោយ​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន​ បាន​កត់សំគាល់​អំពី​ភាព​ស្ងៀម​ស្ងាត់​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ២០១៨​ ក្រោយ​រដ្ឋាភិបាល​បិទ​ស្ថានីយ៍​វិទ្យុ​ប្រមាណ​ ៣០​ កាលពី​អំឡុង​បោះ​ឆ្នោត​​ឃុំ​-សង្កាត់​ ឆ្នាំ២០១៧​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ