អ្នកឃ្លាំមើល​ថា​ការចោទប្រកាន់​អតីតមន្ត្រី​បក្ស​ប្រឆាំង​បន្តបន្ទាប់ជះឥទ្ធិពល​មិនល្អ​ដល់​ប្រព័ន្ធ​យុត្តិធម៌​

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​

អ្នកឃ្លាំមើល​មួយចំនួន​យល់ថា​ ការចោទប្រកាន់​ និង​ការ​ចាប់​ឃុំខ្លួន​អតីតមន្ត្រី​បក្ស​ប្រឆាំងបន្តបន្ទាប់ ​មួយ​រយៈ​ចុងក្រោយ​បន្ថែម​ទៀត​នេះ​ បាន​ជះឥទ្ធិពល​មិនល្អ​ដល់​ប្រព័ន្ធ​យុត្តិធម៌​ ខណៈ​សហគមន៍​អន្តរជាតិ​ កំពុង​ជំរុញ​កម្ពុជា​ ឱ្យ​ស្តារប្រ​ជា​ធិប​តេយ្យ​ឡើងវិញ​នោះ​។

គិត​ត្រឹម​ថ្ងៃពុធ​នេះ​ អតីត​សកម្មជន​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាង៤០នាក់​ហើយ​ត្រូវ​ចាប់​ឃុំខ្លួន​ ចោទ​ថា​ រួមគំនិតក្បត់​ ដោយ​អាជ្ញាធរ​ចោទ​ថា​ពួកគេ​គាំទ្រ​ចលនា​ ​របស់​លោក​ សម​ រង្ស៊ី​ វិលចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា។

ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​តុលាការ​ ក្រៅពី​សម្រេច​ចោទប្រកាន់​ បាន​រំលេច​សារ​អំពាវនាវ​ថា​ អ្នក​ជាប់ពាក់ព័ន្ធ​នឹង​ត្រូវលើ​កលែង​ឱ្យ​រួចផុត​ពី​ទោស​តាម​​បញ្ញត្តិច្បាប់​ បើ​ពួកគេ​សារភាព​ទាន់ពេល​។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត​ ឡៅ​ ម៉ុង​ហៃ​ ចាត់ទុក​ការ​អំពាវនាវ​ឱ្យជនសង្ស័យ​ចេញ​សារភាព​ ជា​ថ្នូរ​នឹង​លើកលែងទោស​ ជា​ភាសា​នយោបាយ​ មិនមែន​ជា​ភា​សារ​ច្បាប់​ទេ​។

លោក​ថា​៖«រឿង​អី​ខាង​អយ្យការ​តុលាការ​ហ្នឹង​ឱ្យ​គេ​ចូល​សារភាព​អត់​ត្រូវ​តួនាទី​ទេ​ មិនមែន​ជា​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ទេ​ ខ្លួន​ឯងចាំ​តែ​ទទួ​លពា​ក្យប​ណ្តឹងពី​នគរបាល​និង​សំណុំរឿង​ដើម្បី​យក​ទៅ​ពិនិត្យ​។ការដែល​អំពាវនាវ​ឱ្យ​គេ​ចូល​សារភាព​ជាគោល​នយោបាយ​របស់​រដ្ឋាភិបាល​ទេ​»។

លោក​ ឡៅ​ ម៉ុង​ហៃ​ បារម្ភ​ថា​ រូបភាព​នេះ​ កំពុង​ជួយ​រុញ​កម្ពុជា​ឱ្យធ្លាក់​ក្នុង​វិធានការ​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ ពី​ប្លុក​លោកសេរី​។

លោក​ថា​៖«កាលណា​យើង​មិន​អាច​រៀប​ប្រព័ន្ធ​យុត្តិធម៌​ហ្នឹង​ឱ្យ​មាន​យុត្តិធម៌​ ឬបង្កើត​ឱ្យ​មាន​អយុត្តិធម៌​បន្ថែម​ទៀត​ អាហ្នឹង​សង្គម​ហ្នឹង​វា​ច្រមូ​កច្របល់​ហើយ​។បើ​ដូចសព្វថ្ងៃ​តើមាន​នរណា​ទុកចិត្ត​លើ​តុលាការ​ខ្លះ​ ។តុលា​បាន​បាត់បង់​ទំនុកចិត្ត​ពីសា​ធារ​ណជន​ ។ហើយ​បើកាលណា​គេ​អត់​ទុកចិត្ត​ អានុភាព​នៃ​សេច​ក្ដី​សម្រេច​របស់​ខ្លួន​នោះ​ ក៏​អត់មាន​ទម្ងន់​ដែរ​។មនុស្ស​គេ​គោរព​ គេ​ទុកចិត្ត​ និយាយ​មក​គេ​ស្តាប់​ដល់ទី​ពីរ​ដង​»។

សភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ បាន​ប្រើប្រាស់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​ស្តារប្រ​ជា​ធិប​តេយ្យ​ឡើងវិញ​ ​ដែល​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ អះអាង​ថា​នឹង​ប៉ះពាល់​ដល់​កម្មករ​ជាង៧០ម៉ឺន​នាក់​ និង​ពលរដ្ឋខ្មែរ៣លាន​គ្រួសារ​ផ្សេងទៀត​ បើ​រដ្ឋាភិបាល​មិន​អាច​ការពារ​ប្រព័ន្ធ​អនុគ្រោះ​នេះ​បាន​។

អ្នកវិភាគ​នយោបាយ​លោក​ ឯម​ សុវណ្ណ​រ៉ា​ ពន្យល់​ថា​ បញ្ហា​ប្រ​ឈមរបស់​កម្ពុជា​ គឺ​លក្ខខណ្ឌ​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ ពិសេស​សិទ្ធិ​នយោបាយ​។ លោក​ថាបើ​ ប្រព័ន្ធ​យុត្តិធម៌​ត្រូវ​បាន​គេ​មើលឃើញ​ថា​ បាន​ដើ​តួនាទី​សំខាន់​គំរាមកំហែង​បញ្ហា​នេះ​ វា​ហាក់​បាន​ជំរុញ​ប្រសិទ្ធភាព​នៃ​វិធានការ​មក​លើ​កម្ពុជា​។

លោក​ថា​៖«កា​រយ​កប្រ​ព័ន្ធ​យុត្តិធម៌​ជា​មធ្យោបាយ​សម្រាប់​បំបិទមាត់​គាត់​ [បក្ស​ប្រឆាំង​]ហ្នឹង​ធ្វើ​ឱ្យ​អន្តរជាតិ​គេ​អាច​មើលឃើញ​ គេ​អាចយ​ករឿង​ហ្នឹង​ផ្សា​ភ្ជាប់​ដើម្បី​ដាក់​សម្ពាធ​មក​អាជ្ញាធរ​មានសមត្ថកិច្ច​ ឬរដ្ឋាភិបាល​ហ្នឹង​ឱ្យ​ធ្វើតាម​នូវ​អ្វី​ដែល​រដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រមព្រៀង​[ស្ដី​ពី​សិទ្ធិពល​រដ្ឋ​និង​សិទ្ធិ​នយោបាយ​]ជាមួយ​គេ​នឹង​»។

អ្នកវិភាគ​បញ្ហា​សង្គម​នៅ​ក្រៅប្រទេស​លោក​ គឹម​ សុខ​ ហៅ​ការ​ចាប់ខ្លួន​អតីត​សកម្មជន​បក្ស​ប្រឆាំង​ពេលនេះ​ ថា​ជា​យុទ្ធ​សា​ស្ត្របង្ក្រាប​បែ​បកុម្ម​នី​ស្ដ​ ដើម្បី​ពង្រឹង​អំណាច​បុគ្គល​។ លោក​ថា​របត់​នយោបាយ​បែបនេះ​ បាន​សម្លាប់​ស្ថេរ​ភាពជា​តិ​ទាំងមូល​ ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ​ ។

លោក​ថា​៖«សព្វថ្ងៃ​យើង​មើលទៅ​ដឹង​ហើយ​ដង្ហើម​យុត្តិធម៌​ដក​តាម​បុគ្គល​ម្នាក់​ហ្នឹង​ ដូច្នេះ​កុំ​ថា​ឡើង​និយាយ​ដល់​ជះឥទ្ធិពល​ដល់​ប្រព័ន្ធ​យុត្តិធម៌​ប៉ុណ្ណឹង​ គឺ​ទង្វើ​ធ្វើ​ទុក្ខ​បុកម្នេញ​ទៅលើ​សកម្មជន​បក្ស​ប្រឆាំង​សព្វថ្ងៃ​វា​ទាញ​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​រអិល​ដល់​ជ្រោះ​អយុត្តិ​ធម៌​គ្របដណ្ដ​ប់​ទាំងស្រុង​លើ​ការដឹកនាំ​តែ​ម្ដ​ង»។

ក្រសួង​យុត្តិធម៌​ តាមរយៈ​សេច​ក្ដី​ថ្លែងការណ៍​ ចុះ​ថ្ងៃទី២០កញ្ញា​ បាន​ចាត់ទុក​សកម្មភាព​គាំទ្រ​ចលនា​វិលត្រឡប់​របស់​លោក​ សម​ រង្ស៊ី​ ថា​ជា​ការ​ធ្វើ​រដ្ឋ​ប្រ​ហា​ មាន​ឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ​ ឬបទ​«ឧបឃាត​» ដែល​បទ​ចោទ​នេះ​អាច​ជាប់ពន្ធ​នា​គារ​ពី៥ឆ្នាំ​ ទៅ១០ឆ្នាំ​ ឬអស់មួយជីវិត​សម្រាប់​មន្ត្រី​រាជការ​។

សម្រាប់​អ្នកវិភាគ​វ័យក្មេង​ កញ្ញា​ លី​ ស្រី​ស្រស់​ បង្ហា​ការយល់ឃើញ​ថា​ ដើមចម​នៃជ​ម្លោះ​នយោបាយ​កើត​ចេញពី​វប្បធម៌​អ្នក​ខ្លាំង​បង្ក្រាប់​អ្នក​ទន់ខ្សោយ​ ឬទឹកឡើង​ត្រី​ស៊ី​ស្រ​មោ​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ ដូច​ករណី​ផាត់​គណបក្ស​មួយ​ចេញពី​ឆាកនយោបាយ​ជាង២ឆ្នាំ​មកនេះ​។

កញ្ញា​ថា​៖«យើង​សួរ​ថា​ហេតុ​អី​បាន​សហភាព​អឺរ៉ុប​គេ​ខ្វល់ខ្វាយ​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ពីព្រោះ​តែ​បញ្ហា​សិទ្ធិមនុស្ស​ ហើយ​បើ​យើង​នៅតែ​បង្ក​ឱ្យ​មាន​អា​ភាព​ភ័យខ្លាច​ អាការ​ចាប់ចង​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ​បែបនេះ​វា​មិន​ធ្វើ​អី​ឱ្យ​ប្រសើរ​ឡើង​នៃ​ស្ថានការណ៍​នយោបាយ​នូវ​ការស្វែងរក​ដំណោះស្រាយ​មួយ​អាច​រក្សា​បាន​នូវ​ប្រយោជន៍ជាតិ​នោះ​ទេ​»។

VODមិនអាចរកការពន្យល់ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានទេនៅថ្ងៃពុធនេះ ប៉ុន្តែ អ្នកនាំពាក្យរូបនេះធ្លាប់អះអាងថា វិធានាការទៅលើអ្នកគាំទ្រផែនការលោកសម រង្ស៊ី ជាវិធានការច្បាប់ដើម្បីទប់ស្កាត់អំពើរដ្ឋប្រហារចង់ទម្លាក់រដ្ឋាភិបាលស្របច្បាប់។

លោកថា៖​ «ទង្វើរបស់សកម្មជនទាំងនេះមិនមែនជាសេរីភាពបញ្ចេញមតិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញទេ  គឺការប្រព្រឹតនូវបទល្មើសដូចបានពន្យល់ក្នុងសេចក្តីប្រកាសព័ត៌មានអញ្ចឹង ក្រុមអ្នកចលនាឲ្យមានអង្គការចាត់តាំងដោយខុសច្បាប់ហ្នឹងត្រូវបានចោទប្រកាន់ពីបទឧបឃាតតាមមាត្រា៤៥១នៃក្រមព្រហ្មទណ្ឌ»។

គម្រោង​យុត្តិធម៌​ពិភពលោក​ World​ Justice​ Pr​ oject​បាន​ចេញ​របាយការណ៍​កាលពីដើម​ឆ្នាំ២០១៩​  ​;វាយតម្លៃ​ថា​ ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ស្ថិតនៅ​ជិត​បាត​តារាង​ក្នុង​ចំណោម​ប្រទេស១១៣លើ​ពិភពលោក​ ។ របាយការណ៍​បញ្ជាក់​ថា​ចំណាត់ថ្នាក់​យុត្តិធម៌​របស់​កម្ពុជា​ គិត​ក្នុង​ឆ្នាំ​ ២០១៧​ និង​ ២០១៨​ ជាប់​ចំណាត់ថ្នាក់​ទី​ ១១២​ ក្នុងចំណោម​ ១១៣ប្រទេស​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ