វិភាគ៖ តើ​ខេត្ត​សៀម​រាប​​អាចទាក់ទាញ​ទេសចរ​ឱ្យ​កើន​ឡើង​វិញ​ដោយរបៀបណា?

ទិដ្ឋភាពប្រាសាទអង្គរវត្ត និង ភ្ញៀវទេសចរដែលមកទស្សនា កាលពីចុងឆ្នាំ២០១៩។ (ជន ចាន់រ៉ែន)

យោង​តាម​ទិន្នន័យ​ពី​គ្រឹះស្ថាន​អង្គរ​ដែល​គ្រប់គ្រង​លើ​ការ​​​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​នោះ បាន​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​តំបន់នោះចន្លោះពី​​ខែ​មករា​ដល់​ខែ​សីហា​ បាន​ធ្លាក់​ចុះ​​ប្រហែល ១១​ភាគរយ បើធៀប​នឹង​តួលេខ​​រយៈ​ពេល ៨​ខែ​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក។

បញ្ហាថយចុះភ្ញៀវទេសចរក្នុងខេត្តទេសចរណ៍របស់កម្ពុជាមួយនេះ ក៏ត្រូវ​បាន​រដ្ឋមន្ត្រី​ទេសចរណ៍​ទទួល​ស្គាល់​ផង​ដែរ និងបានបន្ទោសបញ្ហានេះទៅលើរឿងសង្គ្រាមពាណិជ្ជកម្ម​រវាងអាមេរិក ចិន និងការ​លក់ដូរ​ផលិតផល​អនុស្សារវរីយ៍​ក្លែងក្លាយ​របស់អាជីវករក្នុងខេត្ត។

លោក មានប្រសាសន៍បន្ថែមថា៖ «គ្រប់ភាគីពាក់ព័ន្ធ និងបងប្អូនអាជីវកម្មទាំងអស់ បើស្រលាញ់ស្រុកទេស ឈប់ទៅ។ បើ​បងប្អូន​នៅតទៀតអាចនឹងប្រឈមមុខនឹងផ្លូវច្បាប់ ព្រោះយើងមានច្បាប់ថ្មីនេះ គឺច្បាប់ការពារអ្នកប្រើប្រាស់។ គឺបើបងប្អូន​នៅ​​ធ្វើ​កិ​ច្ចការហ្នឹងទៀត គឺនឹងត្រូវជាប់គុក ទទួលទោសតាមច្បាប់»។

ទោះ​ជា​យ៉ាង​ណា​សម្រាប់​អ្នក​វិភាគ​យល់​ផ្សេង​ពី​នេះ​។

តើខេត្តសៀមរាបអាចទាក់ទាញអ្នកទេសចរឱ្យកើនឡើងវិញបានដោយរបៀបណា?

ខេត្ត​សៀម​រាប​ដែល​ធ្លាប់​ជា​ខេត្ត​មាន​ការ​ទាក់ទាញ​អ្នក​ទេសចរ​ច្រើន​នៅ​កម្ពុជា​ដោយ​សារ​សម្បត្តិ​ធម្មជាតិ និង​ប្រាសាទ​បុរាណ​ច្រើន​អនេក​​នោះ​​ គឺចំនួនភ្ញៀវបានធ្លាក់ចុះជា​បន្តបន្ទាប់​ក្នុង​រយៈ​ពេល​១ឆ្នាំ​ចុង​ក្រោយ​នេះ​។ ការ​ធ្លាក់​ចុះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​វិស័យ​ ​ដល់​ចំណូល​នៃ​ការ​លក់​សំបុត្រ​ចូល​ទស្សនា និង​អ្នក​ប្រកប​របរ​ចិញ្ចឹម​ជិវិត​របស់​ពលរដ្ឋ​នៅ​ខេត្ត​នេះ​ផង​ដែរ។

សិប្បករមួយរូប​ផលិតវត្ថុអនុស្សាវរីយ៍​នៅ​សង្កាត់នគរធំ ខេត្ត​សៀមរាប លោក លោក ឈុំ សឿត បាន​ប្រាប់​VOD កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ថា ​ការ​ថយ​ចុះ​ភ្ញៀវ​ទេសចរណ៍​មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាជីព​របស់​គាត់​ជាខ្លាំង ដោយ​សារ​គ្មាន​ការ​បញ្ជារ​ទិញ គ្មាន​ការ​ផលិត និង​គ្មាន​ចំណូល​ផ្សេង​ពី​អាជីព​នេះ។

លោក​ឈុំ សឿត៖ « ខ្ញុំព្រួយបារម្ភច្រើនហើយ ព្រោះខ្ញុំរកស៊ីខាងនេះ គឺពឹងលើភ្ញៀវ បើអត់ភ្ញៀវខ្ញុំនឹងដូរមុខរបរផ្សេងហើយ។ រកការងារដូចជាកាលី ឬ កម្មករគេ ឈប់ធ្វើរបស់អីចេះៗ[ព្រះភូមិ ផ្ទះបុរាណ រទេះគោ] ព្រោះអីអត់មានភ្ញៀវនឹងលក់ឱ្យ » ។

ជា​ប្រធាន​សហជីព​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ជាអ្នករត់រ៉ឺម៉ក​ទេសចរណ៍​ម្នាក់​ក្នុង​ខេត្ត​សៀមរាប​លោក ពី រ៉េន មាន​ប្រសាសន៍​ថា​ការ​ធ្លាក់​ចុះ​ទេសចរ​ជាពិសេស​ភ្ញៀវ​កូរ៉េ ជប៉ុន និង​អឺរ៉ុប​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​លោក​ជា​ខ្លាំង។

លោក​ថា៖ « អត់​ភ្ញៀវ​តែ​ម្ដង! ហើយ​យើង​រស់​ដោយ​សារ​វិស័យ​ទេសចរណ៍​ តែ​ឥឡូវ​អត់​មាន​ភ្ញៀវ​សោះ! មាន​ភាគច្រើន​ភ្ញៀវ​ចិន​ និង​ភ្ញៀវ​វៀតណាម ហើយ​ភ្ញៀវ​វៀតណាម​គេ​មាន​ក្រុម​ហ៊ុន​របស់​គេ ភ្ញៀវ​ចិន​គេ​មាន​ឡាន​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន​គេ ដល់​អញ្ចឹង​រ៉ឺម៉ក​កង់​បី​អត់​មាន​អី​ដឹង​ទាំង​អស់។ យើង​រត់​បាន​តែ​ភ្ញៀវ​កូរ៉េ អឺរ៉ុប ជប៉ុន អី​ទេ តែ​ដល់​ពេល​ពួក​ហ្នឹង​អត់​មក​យើង​អត់​មាន​អី​ដឹក​បណ្ដោយ » ។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​លោក សន ជ័យ ជំរុញ​ឱ្យ​រដ្ឋាភិបាលសិក្សា​ពី​បញ្ហា​ដែល​កើត​ឡើង​នេះ នឹង​ជំរុញ​ឱ្យ​មាន​វិធានការទាំង​រយៈពេល​វែង និង​ខ្លី​ដើម្បី​ថែរក្សា​ប្រយោជន៍​ដែល​កម្ពុជា​ធ្លាប់​ទទួល​បាន។

ការ​ថយ​ចុះ​ចំនួន​អ្នក​ទេសចរ​បរទេស​នេះ​ត្រូវ​បាន​​ប្រធានសមាគមអនាគតយុវជនកម្ពុជាអាស៊ានលោក ស្រ៊ុន ស្រ៊ន បន្ទោស​លើ​បញ្ហាធំៗ​ពីរ​គឺ បញ្ហា​​នយោបាយ​ក្នុង​ប្រទេស​ និង​បញ្ហា​រកាំ​រកូស​ផ្នែក​ការទូត​ជា​មួយ​លោក​សេរី ដែល​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ល្អ​ៗ​ក្នុង​វិស័យ​នេះ​មិន​ហ៊ាន​ដាក់​ទុន​វិនិយោគ ហើយអ្នក​ទេសចរ​ពី​អឺរ៉ុប​ទៀត​សោត​ក៏​មិនហ៊ាន​មក​ដែរ​ដោយ​សារ​បញ្ហា​ការទូត​រវាងប្រទេស​ខ្លួន​ជា​មួយ​កម្ពុជា​នេះ ខណៈ​ប្រព័ន្ធ​រដ្ឋបាល​ស្មុគស្មាញ​របស់​កម្ពុជា​នៅ​តែ​ជា​បញ្ហា​សម្រាប់​ប្រទេស​នេះ​នៅ​ឡើយ។

លោកថា៖ « នេះ(ការ​ធ្លាក់​ចុះអ្នក​ទេសចរ)​គឺ​ទើប​តែចាប់​ផ្ដើម​ព្រាលៗ​ផង ប្រសិន​បើ​ស្ថានភាព​នយោបាយ​ខ្មែរ​រហូត​ដល់​ខែ​ពីរ​ ឬ​ក៏​ខែ​បី​ឆ្នាំ​ក្រោយ​ ហើយ​ប្រសិន​EBA អនុវត្ត​ន៍​ទៀត​គឺ​វា​ប្រាកដ​ណាស់​ក្រុម​ហ៊ុន​វិនិយោគ​មួយ​ចំនួន​មិនមែន​ត្រឹមតែ​វិស័យ​ទេសចរណ៍​ទេ វិស័យ​ឧស្សាហកម្ម​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាត់បង់​ទៀត​ដែរ។ អញ្ចឹង​ទំនុក​ចិត្ត​អ្នក​ទេសចរ​គេ​មក​ គេមើល​លើ​ស្ថានភាព​ហ្នឹង​បើ​ការ​វិនិយោគ​ល្អ​ៗកាន់​តែធ្លាក់​ចុះ​ វិស័យ​ទេសចរណ៍​ក៏​ទៅ​តាម​ហ្នឹង​ដែរ​ » ។

បើ​តាម​លោក​ស្រ៊ុន ស្រ៊ន ប្រសិន​ជាស្ថាន​ការ​នយោបាយ​នៅ​កម្ពុជា​នៅ​តែ​បន្ត​បែប​នេះវា​នឹង​ធ្វើ​ឱ្យស្ថានភាព​​ភ្ញៀវ​ទេសចរ​ជា​ពិសេស​ភ្ញៀវ​អឺរ៉ុប​កាន់​តែ​តិច​បន្ថែម​ទៀត។

លោក​បន្ថែម​ថា​ ការ​ធ្វើ​ឱ្យ​ស្ថាន​ការណ៍​នយោបាយ​វិល​ត្រលប់​ទៅ​កាន់​ភាព​ស្ងប់​ស្ងាត់​វិញ​ ជា​ពិសេស​រៀប​ចំ​ប្រព័ន្ធនីតិរដ្ឋ​ និង​រដ្ឋបាល​ជា​មួយ​នឹង​ការ​បំពាក់​បន្ថែម​នូវ​ការ​សម្រួល​ដល់ភ្ញៀវទេសចរ​ វា​ពិត​ជា​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ឱ្យ​មក​កាន់​ខេត្ត​នេះ​ឡើង​វិញ។

លោក​បន្ថែម​ថា៖ « ចង់​ឱ្យ​ភ្ញៀវ​ទេសចរ​ចូល​មក​វិញ​លុះ​ត្រា​តែ​បញ្ឈប់​នូវ​ចំនុច​៣​សំខាន់ ទី​មួយ​គឺ​អំពើពុក​រលួយ​គ្រប់​ស្ថាប័ន​រាប់​ចាប់​ពីស្ថាប័ន​ទិញ​លក់​សំបុត្រ និង​ស្ថាប័ន​នានាដែល​ពាក់​ព័ន្ធ​នឹង​ការ​ផ្ដល់តម្លាភាព​ដល់​ភ្ញៀវ​ទេសចរ​ទាំង​ខ្មែរ ទាំង​អន្តរជាតិ។ ទី​២ ការ​ស្វែងយល់​អំពី​តម្រូវ​ការ​អ្នក​ទស្សនា បើ​អ្នក​ទស្សនា​មាន​បំណង​បែប​ណា​ គួរ​តែ​ក្រសួង​គួរ​តែ​រដ្ឋាភិបាល​ហ្នឹង​មាន​គឺ​ធ្វើ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន។ ចំណុច​ចុង​ក្រោយ​គឺ​ពាក់ព័ន្ធ​នឹង​ការ​រៀប​ចំ​នូវ​នយោបាយ​ឡើង​វិញ​ប្រសិន​បើ​នយោបាយ​​ខ្មែរ​នៅ​តែ​មាន​ស្ថាន​ភាព​ដូច​បច្ចុប្បន្ន​ប្រសិន​ជា​មាន​ទី១ ទី​២​ខាង​លើ​ក៏​គ្មាន​ភ្ញៀវ​ ជាពិសេស​ភ្ញៀវ​លោក​សេរីគឺ​គ្មាន​នរណា​មក​មើល​ទេ » ។  

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​កញ្ញា លី ស្រីស្រស់ មាន​ប្រសាសន៍​ថា​​បើ​មើល​ទៅ​លើ​របាយភ្ញៀវ​ដែល​ទស្សនា​វិញ​គឺ​ភ្ញៀវ​អឺរ៉ុប និង​លោក​សេរី​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់ ខណៈ​ភ្ញៀវ​ចិន​កើន​ឡើង​ជំនួស ដែល​ស្រប​ពេល​ដែល​ស្ថានភាព​ការទូត​រកាំ​រកូស​រវាង​កម្ពុជា​ ជា​មួយ​នឹង​​អឺរ៉ុប និង​អាមេរិក​កើត​ឡើង​។ កញ្ញា​បន្ថែម​ថា​នៅ​ពេល​ដែល​ស្ថាន​ការណ៍​នយោបាយ​ប្រទេស​មួយ​មិន​នឹង​នរ ស្រប​ពេល​ដែលប្រព័ន្ធ​រដ្ឋបាល​ក៏​មិន​រឹង​មាំ​ផង​នោះ​វា​ជា​ហេតុ​ផល​ធំ​មួយ​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​ផ្សេងៗ​កើត​ឡើង​ រួម​ទាំងវ័យ​ទេសចរណ៍​នេះ​ផង​ដែរ។

កញ្ញាលី ស្រីស្រស់៖ « ពាក់ព័ន្ធ​ជា​មួយ​ស្ថាន​ការណ៍​នយោបាយ​មក​ដល់​ពេល​នេះ​អត់​មាន​មាន​ស្ថាន​ការណ៍​ដែល​អាច​យឺត​យោង​គ្នា​ដែរគឺ​អត់​ទាន់​មាន​ទេ។ ទាក់ទង​នឹង​ហេដ្ឋារចនា​សម្ព័ន្ធ​ជាពិសេស​គឺ​ក្រសួង​ទេសចរណ៍​យក​ចិត្ត​ទុក​ដាក់​ឬ​ស្រាវជ្រាវ​ចំពោះ​ការ​ធ្លាក់​ចុះ​នេះ​ចំនួន​អ្នក​ទេសចរណ៍​ដែរ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គឺ​មិន​ទាន់​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ទាំង​អស់​ហ្នឹង​ទេ » ។

ជារួម​ បើ​តាម​អ្នក​វិភាគ​ ការ​ធ្លាក់​ចុះ​អ្នក​ទេសចរមក​កាន់​ខេត្ត​សៀម​រាប​នេះគឺ​បណ្ដាល​មក​ពី​បញ្ហា​នយោបាយ​ក្នុង​ស្រុក​ដែល​អូសបន្លាយជា​ច្រើន​ឆ្នាំ​មក​នេះ ហើយ​ពេល​នេះ​វា​ដល់​ពេល​ដែល​ទុំ​ជោរ​នឹង​កើត​ឡើង​ហើយ​ ជា​មួយ​ប្រព័ន្ធ​រដ្ឋបាល​ដ៏​ស្មុគស្មាញ រួម​ទាំង​បញ្ហា​ពុករលួយ​ផង​ដែរ។ ពួកគេ​ជំរុញ​ដល់​រដ្ឋាភិបាល​គួរ​ធ្វើ​យ៉ាង​ណា​ទាញ​ស្ថាន​ការណ៍​នយោបាយ​ឱ្យ​មក​នឹង​នរវិញ​។

​​ក្រសូង​ទេសចរណ៍​បាន​ដាក់​ចេញ​វិធាន​ការ​១១​ចំនួន​ក្នុង​ការ​លុប​បំបាត់​កញ្ចប់​ទេសចរណ៍​សូន្យ​ដើម្បី​ការ​ពារ​អ្នក​ទេសចរ​ នឹង​រំពឹង​ថា​ក្រោយ​លុប​បំបាត់​កញ្ចប់​សេវា​នេះ​វានឹង​អាច​ធ្វើ​ឱ្យ​មាន​អ្នក​ទេសចរណ៍​កើន​ឡើង​វិញ ខណៈក្រសួង​​ក៏​កំពុង​សិក្សា​លើ​វិធាន​ការ​ជាង​២០​ចំណុច​ទៀត​ដើម្បី​ដាក់​ចេញ​នៅ​ឆ្នាំ​២០២០​ខាង​មុខ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​កើនឡើង​អ្នក​ទេសចរ​បរទេស​ឡើង​វិញ​។

ប្រធាន​រាជ្យ​បណ្ឌិត​សភា​ដែល​បាន​ចុះ​ស្រាវជ្រាវ​ពី​សក្តានុពល​ទេសចរណ៍​នៅ​ក្នុងប្រទេស​នានា​នៅ​តំបន់​អាស៊ី​លោក សុខ ទូច ស្នើ​សុំ​មិន​ធ្វើ​អធិប្បាយ​ចំពោះ​វិធាន​ការ​ក្រសួង​នេះ​នោះ​ទេ​ដោយ​ថា​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ក្រសួង​លើ​របាយការណ៍​ស្រាវជ្រាវ​របស់​លោក​ដែល​បាន​ដាក់​ទៅ​ឱ្យ​សិន ខណៈ​លោក​ថា​វិធាន​ការ​ទាំង​ប៉ុន្មាន​ដែល​រដ្ឋ​កំពុង​អនុវត្ត​នេះដាក់​មិន​ទាន់​ចំ​ចំណុច​នោះ​ទេ។

លោក​បណ្ឌិត សុខ ទូច៖ « យើង​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​គឺ​ដឹង​ពី​ចំណុច​ខ្សោយ​ទាំង​អស់​ តែ​បើ​ខ្ញុំ​និយាយ​ពេល​នេះ​គឺ​វា​អត់​ត្រូវ​(ពេល) ការ​ដែល​ដាក់​១១​ចំណុច​នោះ​គឺ​វា​អត់ចំចំណុច​ដែល​ត្រូវ​និយាយ ព្រោះ​បើ​កែ​តាម​១១​ចំណុច​នោះ​ក៏​វា​មិន​អាច​ទាញ​ទេសចរ​មក​បាន​ដែរ » ។

អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់ប្រចាំ​តំបន់​អាស៊ីនៃ​ ផាតធើន​ ម៉ាក្រូអេកូណូមិក (Pantheon Macroeconomics) លោក មីគែល ចាន់កូ (Miguel Chanco) ប្រាប់ ​VOD ​តាម​សារអេឡិចត្រូវនិច​ថា ការ​ឡើង​ចុះ​អ្នក​ទេសចរ​គឺ​ជា​រឿងធម្មតា​ទេ​ក្នុង​វិស័យ​ទេសចរណ៍​សកល​ តែ​លោក​ជំរុញ​ថា​ខេត្ត​សៀម​រាប​គួរ​មាន​ការទាក់ទាញ​អ្នក​​វិនិយោគ​លើ​សណ្ឋាគារ ​កែ​តម្រូវការ​ផ្ដល់​សេវា​កម្មឱ្យ​មាន​គុណភាព រួម​ទាំងរៀប​ចំ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​ឱ្យបាន​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ។

លោក​សរសេរ​ថា៖ « ខ្ញុំ​ដឹង​ថាអ្វី​ដែល​គេ​ចាប់​អារម្មណ៍​លើ​ខេត្ត​សៀមរាប ​គឺ​ដោយសារ​តែ​វា​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​​របស់​ប្រទេស​។ និយាយ​ជារួម​ខ្ញុំគិតថា​សៀមរាប​ចាំបាច់​ត្រូវ​មើល​ឃើញ​រលក​ថ្មី​នៃ​ការ​វិនិយោគ​លើ​សណ្ឋាគារ​ សេវាកម្ម​បដិ​សណ្ឋារកិច្ច និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ​ដើម្បី​ធានា​បាន​នូវ​ចក្ខុវិស័យ​រយៈពេល​វែង​ជា​គោលដៅ​ទេសចរណ៍ » ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ