លោក ហ៊ុន សែន ថាទណ្ឌកម្មរបស់បរទេសមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ

លោក ហ៊ុន សែន ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃ១០ ខែតុលា ឆ្នាំ២០១៩ នៅសាលសន្និសីទចតុមុខ (រូបភាព៖ ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងថាការដាក់ទណ្ឌកម្មរបស់បរទេសមកលើប្រទេសកម្ពុជា​ មិនអាចធ្វើឱ្យកម្ពុជា​ស្លាប់នោះទេ។

ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើឡើងស្របពេលដែលសហភាពអឺរ៉ុបកំពុងដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA)បណ្ដោះអាសន្ន​ពីកម្ពុជា​។

ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃ១០ ខែតុលានេះ លោក ហ៊ុន សែន បានថ្លែងបែបនេះថា៖

«គេដាក់ទណ្ឌកម្មយើងគ្រប់ទិសទី ប៉ុន្តែកម្ពុជាមិនស្លាប់ទេ។ អ្នកដែលស្រែកដាក់ទណ្ឌកម្មឲ្យកម្ពុជាខ្លាំងជាងគេ  ក៏រកស៊ីជាមួយកម្ពុជាច្រើនជាងគេដែរ។ ខ្ញុំមិននិយាយថាប្រទេសណាទេ ស្រែកនោះឮពេញអាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែរកស៊ីជាមួយកម្ពុជាក៏ច្រើនដែរ ព្រោះកម្ពុជាប្រើដៃឯកជនឲ្យទៅរកស៊ី គេដឹកទំនិញមក យើងដឹកទំនិញទៅ យើងទូទាត់ឲ្យគេទៅ»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម លោក មាស នី មានប្រសាសន៍ថា បើអន្តរជាតិដាក់ទណ្ឌកម្មមកលើកម្ពុជានឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ ហើយការអភិវឌ្ឍន៍មានភាពយឺតយ៉ាវក្នុងការប្រកួតប្រជែងសេដ្ឋកិច្ចជាមួយប្រទេសជិតខាង។

លោកមានប្រសាសន៍ថា៖ «បញ្ហាវានឹងមានហើយ ប៉ុន្តែវាធ្ងន់ធ្ងរប៉ុណ្ណានោះ យើងអត់ទាន់ដឹងទេ។ ប៉ុន្តែគ្រាន់តែពេលខ្លះ វាអាចធ្វើឲ្យយើងធ្វើដំណើរយឺត ឧប្បមាថាបើឡានយើងយឺតរត់អត់បាន១០០គីឡូក្នុងមួយម៉ោងទេ ជួនកាលយើងរត់បានតែ៥០គីឡូ ៤០គីឡូក្នុងមួយម៉ោង។ នេះងាយយល់ទេ ឲ្យស្លាប់វាមិនស្លាប់ទេ»។

សហភាពអឺរ៉ុបកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ​បានប្រកា​សពីដំ​ណើរ​ការ​ឈានទៅការព្យួរ EBA បណ្ដោះអាសន្ន​ពីកម្ពុជា ក្រោយ​ពីរក​ឃើញថា រដ្ឋាភិបាលកម្ពុជាបានបរាជ័យក្នុងការ​បំ​ពេញ​កាត​ព្វកិច្ច​ក្រោមកិ​ច្ច​ព្រៀម​​ព្រៀង EBA និងការប​ន្តធ្វើ​ឲ្យស្ថា​ន​ភា​ពសិទ្ធិមនុស្សធ្លាក់ចុះ ផ្ទុយនឹងកិច្ចព្រមព្រៀង។ ប្រព័ន្ធអនុគ្រោះពន្ធ (EBA) នេះ ធ្វើឲ្យកម្ពុជា​រួច​ផុត​ពី​កាតព្វកិច្ច​បង់​ពន្ធ​គយ ដែល​មាន​តម្លៃ​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ