កម្មករ​រោងចក្រ​ ហ៊ឹង​ ជីង​ ដេក​យាម​មុខ​រោងចក្រ​​ជិត៣ខែ​ រង់ចាំ​ការ​ដោះស្រាយ​សំណង​

កម្មកររោងចក្រហ៊ឹងជីងដេកយាមមុខរោងចក្រកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីថៅកែបិទទ្វារអាជីវកម្មដោយមិនដោះស្រាយសំណងជូនពួកគេ (រូបភាព៖ សហជីព ស៊ីខាវឌូ)

កម្មករ​ កម្មការិនី​បម្រើការ​នៅ​រោងចក្រ​ ហ៊ឹង​ ជីង​ ស្ថិត​ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដេក​យាម​មុខ​រោង​ចក្រ​​រយៈពេល​ជិត ៣ខែ​មក​ហើយ​ បន្ទាប់ពី​ថៅកែ​ឈប់​ដំណើរ​អាជីវកម្ម​ដោយ​មិនបាន​ជូនដំណឹង​ និង​ទូទាត់​សំណង​ជូន​ពួកគេ​។

កម្មការិនី​ផ្នែក​ដេរ​អ្នកស្រី​ ហ៊ុត​ តី​ ប្រាប់​វី​អូ​ឌី​មុខ​រោងចក្រ​នៅ​ថ្ងៃនេះ​ថា​ រោងចក្រ​ ហ៊ឹង​ ជីង​ ស្ថិត​ក្នុង​ភូមិ​ឬស្សី​ត្រូវ​បាន​ថៅកែ​បិទ​លែង​ដំណើរការ​អាជីវកម្ម​តាំងពី​ខែសីហា​រហូតមកដល់​សព្វថ្ងៃ​នេះ​ ដោយ​មិនបាន​ទូទាត់​សំណង​ និង​បើកប្រាក់​ឈ្នួល​ចំនួន២ខែ​ជូន​កម្មករ​។

កម្មការនី​រូប​នេះ​ឲ្យដឹង​ថា​ ក្រុម​កម្មករ​បាន​ដាក់វេនគ្នា​ដេក​យាម​មុខ​រោងចក្រ​ ដើម្បី​ទាមទារ​ទៅ​ថៅកែ​ឲ្យ​បើកប្រាក់​ឈ្នួល​ និង​ទូទាត់​សំណង​ជូន​ពួកគេ​តាមផ្លូវ​ច្បាប់​។

អ្នកស្រីបន្ថែមថា៖« សំណូមពរ​ទៅ​សម្តេច​ ហ៊ុន​ សែន​ ជួយ​ដោះស្រាយ​ដល់​ពួក​ខ្ញុំ​ឲ្យ​បាន​​លឿន​ព្រោះ​ឥលូវ​ពួក​ខ្ញុំ​ពិបាក​ខ្លាំង​ណាស់​ ត្រូវការ​លុយ​ចំណាយ​លើ​ថ្លៃផ្ទះ​ជួល​ ថ្លៃ​កូន​រៀន​ កូន​បៅ​ទឹកដោះគោ​។ មួយ​ខែ​ហើយ​មួយ​ខែ​ទៀត​ »

កម្មការិនី​ម្នាក់ទៀត​កញ្ញា​ ប៊ុត​ លន​ និយាយ​ថា​ ករណី​ថៅកែ​បិទ​ទ្វា​ររោងចក្រ​ដោយ​មិនបាន​ទូទាត់​សំណង​ជូន​កម្មករ​នេះ​ គឺ​ពួកគេ​បាន​ដាក់​សំ​ណើរ​ទៅ​ក្រសួងការងារ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ច្រើនដង​ហើយ​ ប៉ុន្តែ​មិន​ទទួល​បាន​ដំណោះស្រាយ​នោះ​ទេ​។

កម្មការិនី​រូប​នេះ​បន្ត​ថា​ ការ​ពន្យាពេល​មិន​ដោះស្រាយ​សំណង​ជូន​កម្មករ​នេះ​ បាន​ធ្វើ​ឱ្យពួកគាត់​ជួប​ការ​លំបាក​ក្នុង​ជីវភាព​គ្រួសារ​ និង​ខាត់​បង់​ពេលវេលា​ជាដើម​។

កញ្ញាបន្ថែមថា៖« ឥលូវ​នៅក្នុង​រោងចក្រ​នេះ​ថៅកែ​គេ​បាន​ផ្តាច់​ទឹក​ ផ្តាច់​ភ្លើង​ លែង​ឲ្យ​ពួក​យើង​ប្រើប្រាស់​ទៀតហើយ​។ ឥលូវ​បាន​សុំ​អ្នកជិតខាង​យក​ទៅ​ប្រើ​ទេ​ សុំ​ពួកគាត់​បន្តិច​បន្តួច​ទៅ​ប្រើ​។ ពួក​ខ្ញុំ​កំសត់​ណាស់​រាល់ថ្ងៃ​ទ្រាំ​លំបាក​ទាំងអស់គ្នា​ ម្នា​ក់ៗ​ឈឺ​ក៏​នៅ​ទ្រាំ​នៅ​យាម​ដើម្បីឲ្យ​ពួកគាត់​ជួយគិត​គូរ​ »

ក្រុម​កម្មករ​ បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឱ្យ​បញ្ចេញ​ថវិកា​បុរេប្រទាន​ជួយ​ដោះស្រាយ​ដល់​ពួកគេ​ ដើម្បី​បាន​ដោះ​ស្រាយ​បញ្ហា​ជីវភាព​ដែល​កំពុង​ប្រឈម​ ដោយ​ថា​ម្ចាស់​បន្ទប់​ជួល​មួយចំនួន​បាន​ឈប់​ជួល​បន្ទប់​ឱ្យ​ពួកគេ​ទៀតហើយ​ក្រោយ​ពី​ពន្យា​ពេល​បង់​យូរពេក​។

វី​អូ​ឌី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំ​ក្រសួងការងារ​លោក​ ហេង​ សួរ​ បានទេ​ជុំ​វិវាទ​ការងារ​នៅ​រោងចក្រ​ហ៊ឹង​ជី​ងនេះ

ប្រធាន​រដ្ឋបាល​រោងចក្រ​ ហ៊ឹង​ ជីង​ អ្នកស្រី​ អួយ​ ណៃ​ស៊ី​ម មានប្រសាសន៍​ថា​ ថៅកែ​ពិតជា​ពុំ​មាន​ថវិកា​បើកឲ្យ​កម្មករ​មែន​ ប៉ុន្តែ​ មិនបាន​បញ្ជាក់​មូលហេតុ​នោះ​ទេ​ ដោយ​អ្នកស្រី​ចោទប្រកាន់​ទៅ​សហជីព​ស៊ី​ខាវ​ឌូ​ និង​កម្មករ​ថា​ ជាដើម​ហេតុ​ធ្វើឲ្យ​រោងចក្រ​បិទទ្វារ​លែង​ដំណើរការ​អាជីវកម្ម​។

ប្រធាន​រដ្ឋបាល​រោងចក្រ​រូប​នេះ​បន្ត​ថា​ កន្លងមក​ថៅកែ​ធ្លាប់​បាន​ឱ្យ​កម្មករ​លក់​ឡៃ​ឡុង​សម្ភារៈសេសសល់​ក្នុង​រោងចក្រ​ដើម្បី​ទូរ​ទាត់​សំណង​ ប៉ុន្តែ​អ្នកស្រី​ថា​កម្មករ​មិនព្រម​ខ្លួនឯង​។

អ្នកស្រីបន្ថែមថា៖«ថៅកែ​គាត់​មិនបាន​រត់ចោល​ទៅណា​ទេ​។ គាត់​នៅតែ​មាន​ជំហរ​ជួយ​ដោះស្រាយ​ឲ្យ​កម្មករ​។ គាត់​ថា​ គាត់​អត់មាន​លុយ​បើកឲ្យ​កម្មករ​មែន​ ប៉ុន្តែ​គាត់​មាន​ម៉ាស៊ីន​ និង​ឥវ៉ាន់​នៅក្នុង​រោងចក្រ​លក់​បើកលុយឲ្យ​កម្មករ​ ប៉ុន្តែ​កម្មករ​ដែល​ជាស​មា​ជិ​កសហជីព​ស៊ី​ខាវ​ឌូ​ហ្នឹង​ ពួកគាត់​មិនព្រម​លក់​។ គាត់​នៅតែ​ដេក​យាម​មុខ​រោងចក្រ​រហូតដល់​សព្វថ្ងៃ​»

មន្រ្តី​ដោះស្រាយ​វិវាទ​នៅ​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ​ លោក​ ស៊ាង​ យ៉ូ​ត បាន​ច្រាន​ការ​ចោលការ​ចោទប្រកាន់​របស់​តំណាង​រោងចក្រ​ ដែល​ថា​សហជីព​ និង​កម្មករ​ជា​អ្នកធ្វើ​ឲ្យ​រោងចក្រ​បិទទ្វារ​។ លោក​បន្ត​ថា​ក្រុម​កម្មករ​មិន​យល់ព្រម​ឲ្យ​លក់​សំភារៈ​ក្នុង​រោងចក្រ​ ដោយសារ​សំភារៈ​ទាំងនោះ​លក់​ទៅ​មិន​អាច​ទូទាត់​សំណង​ជូន​កម្មករ​គ្រប់គ្នា​។

លោកថា៖«រដ្ឋាភិបាល​ត្រូវលក់​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​ និង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ចំពោះ​ថៅកែ​ដែល​អត់មាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ឲ្យ​បងប្អូន​កម្មករ​។ អីចឹង​ ជាគោល​ការណ៍​រដ្ឋាភិបាល​គួរតែ​បញ្ចេញ​ប្រាក់​បុរេប្រទាន​បើកឲ្យ​បងប្អូន​កម្មករ​សិន​ដើម្បី​កុំ​បងប្អូន​កម្មករ​នៅ​តវ៉ា​ទាមទារ​រ៉ាំរ៉ៃ​អីចឹង​ទៀត​»

មន្ត្រី​សហជីព​រូប​នេះ​ឲ្យដឹង​ថា​ តាមច្បាប់​ពេល​ដែល​រោងចក្រ​បិទទ្វារ​លែង​ដំណើរការ​អាជីវកម្ម​ គឺ​ត្រូវ​ទូទាត់​សំណង់​ជូន​កម្មករ​មាន​ពីរ​ផ្នែក​ទី១​ ចំពោះ​កម្មករ​ដែល​មាន​កិច្ចសន្យា​ថេរវេលា​កំណត់​គឺ​ត្រូវ​ទូទាត់ប្រាក់​បំណាច់​កិច្ចសន្យា​ការងារ​ ប្រាក់បំណាច់​ឆ្នាំ​ និង​ប្រាក់ឈ្នួល​ចុងក្រោយ​។

ចំណែកកម្មករដែលមានកិច្ចសន្យាមិនកំណត់ គឺត្រូវទូទាត់ប្រាក់ជូនដំណឹង ប្រាក់បំណាច់អតីតភាពការងារ ប្រាក់ជំងឺចិត្ត ប្រាក់បំណាច់ឆ្នាំ និងប្រាក់ឈ្នួលចុងក្រោយ។

លោក ស៊ាង យ៉ូត ប៉ាន់ប្រមាណថាថៅកែរោងចក្រ ហ៊ឹង ជីង ជំពាក់សំណងកម្មករប្រហែលជាង១០ម៉ឺនដុល្លារ ខណៈក្រុមកម្មករអះអាងថា ពួកគេទាំងថ្មី និងចាស់មានគ្នាជាង១០០នាក់ដែលថៅកែមិនទូទាត់សំណង និងមិនបានបើប្រាក់ឈ្នួល២ខែចុងក្រោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ