ប្រព័ន្ធឃោសនាស្និទ្ធនឹង​ CPP ផ្តើម​ផ្សព្វផ្សាយ​ការ​សារភាព​កំហុសរបស់​អតីត​មន្រ្តី​ CNRP

លោកស្រី សេង សុខន អតីតមេឃុំគណបក្សប្រឆាំងនៅទីក្រុងភ្នំពេញថ្លែងនៅក្នុងវីដេអូដែលចេញផ្សាយដោយអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់រដ្ឋាភិបាលនៅថ្ងៃទី ១០ ខែតុលាឆ្នាំ ២០១៩

ប្រព័ន្ធផ្សព្វផ្សាយដែល​ស្និទ្ធនឹងបក្សកាន់​អំណាច បាន​ចាប់​ផ្តើម​ចែក​រំលែក​វីដេអូសារភាពរបស់​អតីត​មន្រ្តីគណបក្ស​សង្រ្គោះជាតិ​ដែល​លាតត្រលាងពី​ផែនការវិលត្រលប់​​របស់​លោក​ សម​ រង្ស៊ី​។

កាលពីម្សិលមិញ​អតីតចៅសង្កាត់ផ្សារដេប៉ូ២ បានថ្កោលទោស «ទង្វើក្បត់ជាតិ» របស់មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិលោក សមរង្ស៊ី នៅក្នុងការសារភាពរបស់ខ្លួន  មុខកាមេរ៉ារបស់សមត្ថកិច្ច។

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបានផលិត វីដេអូវីដេអូរយៈពេលជាង៤នាទីដែលនិយាយពីការចូលសារភាពរបស់អតីតចៅសង្កាត់គណបក្សសង្គ្រោះជាតិ អ្នកស្រី សេង សុខន។ វីដេអូនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយស្និទ្ធស្និទ្ធនឹង CPP យកទៅផ្សាយដូចៗគ្នាចាប់តាំងពីថ្ងៃទី១០តុលា។

វីដេអូនោះដាក់ចំណងជើងថា ការចូលសារភាពកំហុសរបស់ឈ្មោះ សេង សុខន អតីតចៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។ វីដេអូនោះ ចាប់ផ្ដើមផ្សាយដោយ សារព័ត៌មានអនឡាញហ្វ្រេសញ៉ូវយ៍ផេកនិងទូរទស្សន៍អនឡាញ  អង្គភាពព័ត៌មានបាយ័នដែលមានទូរទស្សន៍៣ប៉ុស្ដិ៍វិទ្យុនិងផេកហ្វេសប៊ុក ទូរទស្សន៍ស្ទើរតែទាំងអស់ក្នុងប្រទេស យូធូប ព្រមទាំងសារព័ត៌មានជាច្រើនទៀត។

វីដេអូនោះថត អ្នកស្រី សេង សុខន បាននិយាយពីប្រវត្តិការងាររបស់ខ្លួនក្នុងបក្សប្រឆាំង និង ផែនការទទួលលោក សមរង្ស៊ី វិលមកស្រុកវិញ។

អ្នកស្រី សេង សុខន៖ «ខ្ញុំឃើញថា រាល់ទង្វើទាំងឡាយដែលគាត់បានធ្វើមក ដូចជាការបំផុសប្រជាពលរដ្ឋឱ្យក្រោកឈរ កងទ័ពឱ្យបែរមុខប្រឈមជាមួយនឹងរាជរដ្ឋាភិបាលនិងក្នុងការប្រមាថព្រះមហាក្សត្រជាដើម ហើយខ្ញុំក៏យល់ឃើញថា ទង្វើទាំងអស់នេះ គឺជាទង្វើក្បត់ជាតិ ទើបនាងខ្ញុំមើលឃើញថា ទង្វើទាំងអស់នេះ វាខុស ហើយក៏នាងខ្ញុំគិតឃើញថា មួយរយៈកាលមកដែលខ្ញុំបានដើរតាមគោលនយោបាយរបស់គាត់ រយៈពេលចុងក្រោយនេះ គឺនាងខ្ញុំឃើញទង្វើទាំងអស់នេះ គឺជាទង្វើខុស ដូច្នេះនាងខ្ញុំក៏សម្រេចចិត្តចូលមកសារភាពនៅចំពោះមុខអាជ្ញាធរ»

អ្នកស្រីបន្តក្នុងវីដេអូទៀតថា អ្នកស្រី ថ្កោលទោសនូវរាល់ទង្វើទាំងឡាយណារបស់ លោក សម រង្ស៊ី និងហៅទង្វើទាំងអស់នេះថាជាទង្វើក្បត់ជាតិ។ អ្នកស្រី ថែមទាំងអំពាវនាវដល់ប្រជាពលរដ្ឋនិងសកម្មជនទាំងឡាយណាគាំទ្រ រាជរដ្ឋាភិបាលដែលដឹកនាំដោយបក្សកាន់អំណាច។

អ្នកស្រី សុខន ជាមន្ត្រីអតីតគណបក្សសង្គ្រោះជាតិដំបូង ដែលធ្វើតាមការអំពាវនាវ របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន  ដែលសន្យាថានឹង លើកលែងទោសប្រសិនបើអ្នកណាបានសារភាពចំពោះការគាំទ្រលោកសមរង្ស៉ី ឱ្យ វិលត្រឡប់មកប្រទេសកម្ពុជាវិញ។

ទាក់ទងនឹងវីដេអូសារភាពនេះ លោក សមរង្ស៊ី បានចាត់ទុកថាជាសេនារីយោរៀបចំរបស់រដ្ឋាភិបាល។ លោកសរសេរអ៊ីម៉ែលឆ្លើយតបនឹងវីអូឌីថា ការផ្សាយនេះជាការរារាំងដំណើរវិលមកកម្ពុជាវិញរបស់លោក ហើយលោកចាត់ទុកថាទង្វើនេះជាយុទ្ធសាស្ត្រថោកទាប។

កាលពីថ្ងៃព្រហស្បតិ៍លោកស្រីមូរសុខហួរអនុប្រធាននៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយនោះបានហៅសេចក្ដីថ្លែងការណ៍ជាវីដេអូសារភាពថាជាការសារភាពបែបបង្ខំយកលំនាំតាមខ្មែរក្រហម ។

យោងតាមលោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទិ្ធមនុស្ស (ញូវមែនរ៉ាយវច់) ប្រចាំនៅអាស៊ី បានឱ្យដឹងតាមអ៊ីម៉ែលថា ការផ្សាយវីដេអូសារភាពនេះ រដ្ឋាភិបាលចង់ធ្វើ ដើម្បីធ្វើឱ្យមានការសង្ស័យនៅក្នុងសមាជិកថ្នាក់ខ្ពស់របស់គណបក្សសង្គ្រោះជាតិទៅវិញទៅមក និងនាំឱ្យមានការងឿងឆ្ងល់ថា តើអ្នកដែលធ្វើការជាមួយពួកគេណាមួយ អាចនឹងក្បត់ ពួកគេនៅពេលក្រោយ។លោកបន្តថា អ្នកគាំទ្របក្សប្រឆាំងនឹងរងការយាយីកាន់តែខ្លាំង។

សាស្ដ្រាចារ្យសកលវិទ្យាល័យមួយនៅអូស្ដ្រាលី( Australian National University’s Coral Bell School of Asia Pacific Affairs) គឺអ្នកស្រី កាទ្រីន ត្រាវ៉ាលឡូន (Katrin Travouillon)លើកឡើងថា រដ្ឋាភិបាលទំនងជាប្រើយុទ្ធសាស្ដ្របែបនេះ ដើម្បីបំភិតបំភ័យប្រជាជនកម្ពុជាដែលមានជំហរគាំទ្រលោកសមរង្ស៊ី ។

​អ្នក​ជំនាញ​គោល​នយោបាយ​ និង​ជា​សាស្ត្រាចារ្យរង​​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​នៃ​មហា​វិទ្យាល័យ Occidental សហ​រដ្ឋ​អាមេរិក លោក អៀ សុផល យល់​ថាគោលបំណងនៃការផ្សព្វផ្សាយ​វីដេអូនេះស្រដៀង​នឹង​អ្វី​ដែល​រដ្ឋាភិបាល​ក្រុងប៉េកាំង​បាន​ធ្វើ​កន្លងមក ពោលគឺការបង្ខំ​ឱ្យសារភាព។ លោក ជឿថា​អតីតសកម្មជន​គណបក្សសង្រ្គោះជាតិ​ជាច្រើន​ទៀត​នឹង​ចេញ​មុខមកសារភាព​ជាបន្តបន្ទាប់។

ទោះយ៉ាងណាក្ដី អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា អាជ្ញាធរមានសមត្ថកិច្ចយើងលើកទឹកចិត្តនិងស្វាគមន៍ ឱ្យអ្នកពាក់ព័ន្ធប្រព្រឹត្តិបទល្មើស មកសារភាពដើម្បីទប់ស្កាត់ការចលាចលនិងការប្រព្រឹត្តិបទល្មើស ។ លោកបញ្ជាក់ថា អ្នកស្រីសុខន នេះវិញជាការសម្រេចរបស់តុលាការ ព្រោះថាស្ដី្ររូបនេះចូលសារភាពក្រោយព្រះរាជអាជ្ញាចោទប្រកាន់។

លោក ជិន ម៉ាលីន៖ «ករណីនេះវាខុសគ្នាដែរបើគាត់សារភាពមុនការចោទប្រកាន់គឺគាត់នឹងរួចទោសទាំងអស់។ ប៉ុន្តែបើគាត់សារភាពក្រោយនេះវាអាស្រ័យលើតុលាការជាអ្នកសម្រេច អាស្រ័យលើការចូលរួមសហការរបស់គាត់ក្នុងដំណើរការក្ដីក្ដាំនេះ តុលាការគឺជាអ្នកសម្រេចលើករណីសារភាពក្រោយនេះ»។

តាម​ការបញ្ជាក់របស់​​លោក ជិន ​ម៉ាលីន នៅថ្ងៃនេះ​ អតីតមន្រ្តីមូលដ្ឋាន​បក្សប្រឆាំងម្នាក់​ទៀត ឈ្មោះ​ ហុង​ សំចិត្រ នៅខេត្ត​បន្ទាយមានជ័យ និងប្រធាន​ចលនា​យុវជន​គណបក្សសង្រ្គោះ​ជាតិ​ខេត្តកំពង់​ធំ​ ក៏បានចេញមុខមក​សារភាព​ដូចអ្នកស្រី សេង សុខន ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ