កម្មករ៣នាក់ ត្រូវជណ្តើរយោងសង្កត់ស្លាប់ក្នុងអាគារកំពុងសាងសង់កម្ពស់ជាង២០ជាន់

សំណង់អគារកំពុងសាងសង់កម្ពស់២៤ជាន់ របស់អ្នកស្រី ប៉ា វង្សសម្ភារ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ថតនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ (រូបថតៈ ត្រាន់ តិចសេង)

កម្មករសំណង់ចំនួន៣នាក់ ត្រូវបានជណ្តើរយោងដាច់សង្កត់ស្លាប់ភ្លាមៗនៅអគារកំពុងសាងសង់មួយកន្លែងកម្ពស់​២៤ជាន់ កាលពីថ្ងៃសៅរ៍ នៅក្នុងសង្កាត់ស្រកចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំងបីនាក់នោះ រួមមានៈ ១ ឈ្មោះ យ៉ែម ទីន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិទន្លេស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ២ ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និង៣ ឈ្មោះ ធីម ធីរ៉ង អាយុ៣១ ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពុងចាម។ សពពួកគេទាំង៣ បានប្រទះឃើញនៅគៀប និងកប់ជាប់ក្រោមជណ្តើរយោងក្នុងអគារខាងលើ នៅវេលាល្ងាចថ្ងៃអាទិត្យ ទី១៣ ខែតុលា ម្សិលមិញ។

បងថ្លៃរបស់ជនរងគ្រោះឈ្មោះ ធីម ធីរ៉ង លោក អ៊ីវ កុសល ឱ្យដឹងថា ភ្លាមៗបន្ទាប់ពីពេលហេតុការនោះកើតឡើង នៅរសៀលថ្ងៃសៅរ៍ទី១២ ខែតុលា ពុំមាននរណាម្នាក់ដឹងនោះទេ​ លុះដល់ប្អូនស្រីរបស់លោកដែលត្រូវជាប្រពន្ធជនរង់គ្រោះបាត់ការទាក់ទងជាមួយប្តីរបស់ខ្លួននៅរសៀលថ្ងៃសៅរ៍ម៉ោងប្រមាណ ៣-៤ ទើបប្រញាប់ប្រញាល់ស្វែងរក។

លោក អ៊ីវ កុសល និយាយថា៖«ដល់ពេលម៉ោង៣​ម៉ោង៤គាត់តេទៅលែងចូល។ ទាល់តែលែងចូលគាត់ស្មានតែគាត់ទៅញ៉ាំអីហូបអីនៅក្រៅចឹង។ ដល់ពេលបាត់មួយយប់បានគាត់ឆ្លេឆ្លាម៉ោង៨ព្រឹកចាប់ផ្តើមដើររក ស្វះស្វែង ប្តឹងដល់ប៉ូលីសដល់អីចឹងទៅ។ ដល់មិត្តភក្តិរួមការងារគាត់សង្ស័យថាឡូវទៅមើលក្នុងការរដ្ឋានការងារគាត់ហ្នឹង​ គាត់នៅកន្លែងហ្នឹងអត់។ ដល់ពេលទៅមើលកន្លែងជណ្តើរហ្នឹងឃើញជើងបាត់ហើយហ្នឹង

វីអូឌី មិនអាចទាក់ទងសុំការបំភ្លឺពីហេតុការនេះពីអធិការខណ្ឌដូនពេញ លោក ទៀង ចាន់សារ បានទេនៅរសៀលថ្ងៃនេះ ដោយលោកថា​ លោកកំពុងជាប់រវល់ប្រជុំ ហើយថានឹងបញ្ជូនមន្រ្តីទៅពិនិត្យមើល។

បើយោងតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ ហេតុការណ៍ខាងលើកើតឡើងពេលជនរងគ្រោះទាំង៣ កំពុងដោះដែកជន្ទាលតាមប្រ​ហោងជណ្តើរយន្តនៃអគារលើជណ្តើរយោងមកទុក លុះដោះចុះដល់ជាន់ទី១៦ ជណ្តើរយោងក៏ដាច់ខ្សែធ្លាក់មករហូតដល់ជាន់ក្រោមសង្កាត់ពួកគេស្លាប់តែម្តង។

បើតាមលោក អ៊ីវ កុសល បានឱ្យ វីអូឌី ដឹងនៅរសៀលថ្ងៃនេះតាមទូរសព្ទថា ភាគីម្ចាស់ការដ្ឋានបានយល់ព្រមផ្តល់សំណងដល់គ្រួសារជនរងគ្រោះម្នាក់ៗចំនួន ៣០០០ដុល្លារ តាមការទាមទារហើយ បូកបញ្ចូលថ្លៃដឹកជញ្ជូនសាកសពទៅធ្វើបុណ្យនៅស្រុកកំណើតចំនួន ៥០០ដុល្លារ។

យោងតាម លិខិតអនុញ្ញាត្តពីក្រសួងដែនដី និងនគោរូបនីយកម្មបិទលើរបងការដ្ឋាន អគារកំពុងសាងសង់កម្ពស់២៤ជាន់នោះ មានម្ចាស់ឈ្មោះអ្នកស្រី ប៉ា វង្សសម្ភារ និងអ្នកស្រី ប៉ា វង្សទិត្យា សាងសង់ឡើងលើផ្ទៃដីសរុប ៨០ ៨៨៩,៣២ ម៉ែត្រក្រឡា លើផ្លូវលេខ ៦៥, ៨០, ៤៧ ក្នុងភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ