តុលាការខេត្តមណ្ឌលគិរី បានចោទប្រកាន់កម្មកររបស់ឧកញ៉ាស្រីចន្ធូម្នាក់ ពាក់ព័ន្ធនឹងបទហ៊ុំព័ទ្ធយកចំការដីព្រៃរបស់រដ្ឋ ខណៈ៧នាក់ទៀតត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។
កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៩ តុលាការខេត្តមណ្ឌលគិរីបានសហការជាមួយសមត្ថកិច្ចឃាត់ខ្លួនកម្មករឧកញ៉ាស្រី ចន្ធូ ចំនួន៨នាក់ ដើម្បីសួរនាំជុំវិញរឿងទន្ទ្រានយកដីរដ្ឋខុសច្បាប់។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា បញ្ជាក់ប្រាប់វីអូឌីថា ក្រោយពីបញ្ចប់ការសាកសួរកម្មកររបស់ឧកញ៉ា ស្រី ចន្ធូ ចំនួន៨នាក់ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ តុលាការបានសម្រេចដោះលែងកម្មករ៧នាក់ឲ្យមានសេរីភាពវិញ ខណៈកម្មករម្នាក់ទៀត ត្រូវបានសម្រេចចោទប្រកាន់ពីបទហ៊ុំព័ទ្ធយកចំការដីព្រៃរបស់រដ្ឋ។
លោកមានប្រសាសន៍បន្ថែមទៀតថា៖«សម្រាប់ពេលវេលាក្នុងការបន្តនិតិវិធីរបស់ចៅក្រមនៃតុលាខេត្តមណ្ឌលគិរីមិនអាចកំណត់ទេពីព្រោះវាជានីតិវិធីរបស់ចៅក្រមស៊ើបសួរវាវែងវាខ្លីអាស្រ័យទៅលើអង្គហេតុនៃរឿង»។
ទោះជាយ៉ាងណា ព្រះរាជអាជ្ញារូបនោះ មិនបានបញ្ជាក់ពីឈ្មោះកម្មកររបស់ឧកញ៉ាស្រី ចន្ធូ នោះទេដោយសាររឿងនេះស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ។
វីអូឌី មិនអាចសុំការបំភ្លឺពីឧកញ៉ាស្រី ចន្ធូ បានទេនៅថ្ងៃនេះ។
អ្នកសម្របសម្រួលសមាគការពារសិទ្ធិមនុស្សអាដហុក លោក អ៊ាង ម៉េងលី លើកឡើងថា តុលាការគួរតែស៊ើបអង្កេតបន្ថែមទាក់ទងនឹងសំណុំរឿងខាងលើនេះ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតយកមកផ្តន្ទាទោសតាមច្បាប់។
លោកមានប្រសាសន៍ថា៖ «គួរចាត់វិធានការអ្នកដែលមានការពាក់ព័ទ្ធទាំងអស់មិនថាទាំងអាជ្ញាធរក៏ដូចជាពាក់ព័ទ្ធទៀតទេដែលបង្កើតអោយមានបទល្មើសហ្នឹងកើតឡើង»។
កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ អភិបាលស្រុកស្រុកអូររាំង លោក នង នណ្ណាវី បានចេញលិខិតផ្ទេរកម្មសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ចំការស្រល់របស់រដ្ឋ នៅខាងមុខទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអូររាំង ស្ថិតនៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ដមណ្ឌលគិរីទៅឲ្យឧកញ៉ា ស្រី ចន្ធូ ហើយថែមទាំងមានប្រធានសាខាពន្ធដារខេត្តមណ្ឌលគិរី លោក ហេង ស៊ីប៉ា បោះត្រាបង់ពន្ធចូលរដ្ឋកាលពីថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០១៨ផងដែរ៕
រាយការណ៍បន្ថែម៖ ប៉ាន បូរិន្ទ