ប្រទេសជប៉ុនសម្រេចផ្ដល់ជំនួយជាង៣លានដុល្លារដើម្បីឱ្យក្រសួងអប់រំចំអិនអាហារពេលព្រឹកឱ្យសិស្សបឋមសិក្សានៅខេត្តចំនួន៥ តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក។ ពិធីចុះហត្ថលេខានេះធ្វើឡើងជាផ្លូវការនៅព្រឹកថ្ងៃទី១៧ខែតុលានេះ។
ទឹកប្រាក់៣៥០លានយ៉េន ឬស្មើនឹងជាង៣លានដុល្លារដែលជាជំនួយឥតសំណងនេះ ជប៉ុនផ្តល់ជូនឱ្យតំណាង កម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា យកទៅទិញត្រីខកំប៉ុងដែលផលិតនៅប្រទេសជប៉ុន ចំនួន៤១៥តោន សម្រាប់ធ្វើចម្អិនជាអាហារពេលព្រឹកឱ្យសិស្សនៅតាមបឋមសិក្សា ក្នុងខេត្តចំនួន៥រួមមានកំពង់ធំ សៀមរាប កំពង់ឆ្នាំង ពោធិសាត់និងឧត្តរមានជ័យ។
អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក មីកាមី ម៉ាសាហ្ស៊ីរ៉ូ បានថ្លែងថា ជំនួយនេះជាទឹកចិត្តរបស់ជប៉ុនដើម្បីរួមចំណែកជួយកុមារក្រីក្រនៅកម្ពុជាឱ្យទទួលបានអាហាររូបត្ថម្ភគ្រប់គ្រាន់សម្រាប់បរិភោគ ។
លោក មីកាមី ម៉ាសាហ្ស៊ីរ៉ូ មានប្រសាសន៍ថា៖«សេដ្ឋកិច្ចកម្ពុជាកើនឡើងហើយអត្រាភាពក្រីក្រនៅកម្ពុជាបានថយចុះ គួរឱ្យកត់សម្គាល់នៅក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុន្តែ នៅតាមជនបទពលរដ្ឋខ្មែរមួយចំនួនកំពុងតែរងគ្រោះពីកង្វះអាហាររូបត្ថម្ភ ពីព្រោះពួកគេមិនមានអាហារហូបគ្រប់គ្រាន់។ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាជំនួយរបស់ជប៉ុន នឹងត្រូវប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពដើម្បីធានាអនាគតដ៏ល្អសម្រាប់កុមារកម្ពុជា»។
សេចក្ដីប្រកាសព័ត៌មានកម្មវិធីស្បៀងអាហារពិភពលោកបង្ហាញថា ជំនួយជាង៣លានដុល្លារនេះ នឹងត្រូវផ្តល់ឱ្យសិស្សថ្នាក់បឋមសិក្សាចំនួនជាង២១៩ ០០០នាក់ចាប់ពីបវេសនកាលឆ្នាំនេះតទៅ។ តាមគម្រោងអាហារពេលព្រឹកដែលត្រូវចម្អិនឡើងសម្រាប់កុមារម្នាក់ៗត្រូវមានគ្រឿងផ្សំបាយ ត្រីខកំប៉ុង ប្រេងឆា អំបិលអ៊ីយ៉ូត និងបន្លែដែលមានបរិមាណ៥៥០កាឡូរី។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ជំនួយនេះសំខាន់ណាស់ គឺអាចជួយឱ្យកុមារកម្ពុជាក្នុងគម្រោងនេះទទួលបានអាហាររូបត្ថមគ្រប់គ្រាន់បាន។ លោកបន្តថា ក្រៅពីជំនួយរបស់ជប៉ុនលើគម្រោងនេះ ក្រសួងអប់រំក៏មានគម្រោងផ្សេងទៀតសម្រាប់ផ្ដល់អាហារពេលព្រឹកឱ្យកុមារនៅតាមសាលារៀនតាមជនបទដាច់ស្រយាលក្រីក្រនៅតំបន់ផ្សេងទៀតដែរដើម្បីឱ្យកុមារមានអាហារហូបគ្រប់គ្រាន់ រៀនឆាប់ចេះនិងចង់មកសាលារៀនផង។
លោក ហង់ជួន ណារ៉ុន ឲ្យដឹងថា៖ ការផ្តល់ម្ហូបអាហារហ្នឹងគឺអនុញ្ញាតឱ្យក្មេងៗ នៅតំបន់ទីទាល់ក្រនៅឆ្ងាយហ្នឹងគាត់ចង់ទៅរៀន បើសិនជាអត់មានម្ហូបអាហារហ្នឹងពួកគាត់អត់ទៅរៀនទេ។ អ៊ីចឹងគឺបានទាក់ទាញក្មេងៗទៅរៀនមានហូបគ្រាប់គ្រាន់គឺអាចរៀនចូលរៀនចេះច្រើន។
លោករដ្ឋមន្ត្រីអប់រំបន្ថែមថា ឆ្នាំសិក្សា២០១៩-២០២០ នេះរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ដល់អង្ករ២ពាន់តោន ដើម្បីយកទៅដាំបាយចែកក្មេងៗក្រីក្រនៅតាមសាលាបឋមសិក្សា។
លោកបន្ថែមថា គម្រោងអនុវត្តដោយក្រសួង នឹងធ្វើលើកុមារបឋមសិក្សាជាង៥ម៉ឺននាក់ នៅខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ កំពង់ឆ្នាំងនិងកំពង់ធំ ដែលគ្រប់ដណ្ដប់លើស្រុកដាច់ស្រយាល១៥ស្រុក។
លោក ហង់ជួន ណារ៉ុន បន្ថែមថា៖ «នាយកសាលាដាំត្រកួន យកត្រកួនក្នុងសាលាហ្នឹងកាត់ត្រកួនឆាជាមួយត្រីខទៅ។ ដាំបាយអោយក្មេងៗហូប ក្រសួងនឹងឱ្យថវិកាទៅទិញត្រីបន្លែក្នុងសហគមន៍ហ្នឹង ឱ្យសហគមន៍ហ្នឹងចិញ្ចឹមត្រី ដាំបន្លែលក់ឱ្យសាលា»។
របាយការណ៍របស់កម្មវិធីស្បៀងអាហារពិភពលោកបង្ហាញថាចាប់តាំងពីឆ្នាំ២០១១ដល់ឆ្នាំ២០១៩ ជប៉ុនបានផ្ដល់ជំនួយលើផ្នែកស្បៀងអាហារសម្រាប់កុមារកម្ពុជាគិតជាទឹកប្រាក់ជាង១៧លានដុល្លារសហរដ្ឋអាមេរិក។
របាយការណ៍សូចនាករក្រសួងអបរំបង្ហាញថា នៅឆ្នាំ២០១៩នេះកុមារកម្ពុជាដែលកំពុងរៀននៅថ្នាក់បឋមសិក្សាមានចំនួនជាង៣លាននាក់។
កំណត់ត្រារបស់ អង្គការយូនីសេហ្វប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិចបង្ហាញថា នៅឆ្នាំ២០១៨កន្លងទៅកម្ពុជាមានកុមារប្រមាណ២,៦ ភាគរយ ត្រូវបានធ្វើរោគវិនិច្ឆ័យ ឃើញថាកំពុងមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ ។ កុមារ ៨% ផ្សេងទៀត កំពុងជួបប្រទះបញ្ហាកង្វះអាហារូបត្ថម្ភក្នុងកម្រិតមធ្យម ខណៈដែលកុមារចំនួនពី៦ម៉ឺនទៅ៩ម៉ឺននាក់ស្ថិតក្នុងការព្យាបាលដោយបំប៉នម្ហូបអាហារដែលមានជីវជាតិ៕