ពលរដ្ឋជាង១០០នាក់តវ៉ាមុខសាលាស្រុកតំបែរទាមទារឲ្យ​អាជ្ញាធរដោះលែង​តំណាង​ពួកគេ

ក្រុមប្រជាពលរដ្ឋ តវ៉ានៅ​មុខសាលាស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឲ្យអាជ្ញាធរ​ដោះលែងតំណាងពួកគេនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩​(រូបភាព៖ហ្វេសប៊ុក​ដោះលែងសហគមន៍ដីធ្លី)។

ប្រជាពលរដ្ឋប្រមាណជាជាង​១០០នាក់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រមូលផ្តុំគ្នាមុខសាលាស្រុកនៅថ្ងៃនេះ ដើម្បីទាមទារទៅអាជ្ញាធរឲ្យ​ដោះលែងតំណាងពួកគេម្នាក់ដែលអាជ្ញាធរបាន​ចាប់ខ្លួន។

ពលរដ្ឋម្នាក់លោក ម៉ុន ស៊ីថូ ប្រាប់វីអូឌីថា តំណាងសហគមន៍ម្នាក់នៅឃុំត្រពាំងព្រីង គឺលោក សែម សាង ត្រូវ​បាន​សមត្ថកិច្ចចម្រុះមាននគរបាល​ ប៉េអឹម និងអាជ្ញាធរស្រុកចាប់ខ្លួននៅថ្ងៃនេះទាំងពុំមានដីកា និងមិន​បាន​ប្រាប់ពីមូលហេតុច្បាស់លាស់ ដែលធ្វើឲ្យអ្នកភូមិមិនពេញចិត្ត ហើយនាំគ្នាមកតវ៉ាមុខសាលាស្រុក។

លោក ម៉ុន ស៊ីថូ រៀបរាប់ថា តំណាងសហគមន៍លោក សែម សាង ត្រូវអាជ្ញាធរចាប់ខ្លួន​នៅតាមផ្លូវ​ក្នុង​សហគមន៍ ខណៈដែលតំណាងរូបនោះ​ចេញពីរៀនរបៀប​ចិញ្ចឹមមាន់ជាមួយប្រជាពលរដ្ឋផ្សេងទៀត។

លោកបន្ថែមថា៖«ឥលូវពួកប្រជាពលរដ្ឋគាត់កំពុងមកមុខសាលាស្រុកដើម្បីតវ៉ាទាមទារឲ្យអាជ្ញាធរដោះលែងតំណាងពួកគេមកវិញ ព្រោះពួកគាត់យល់ឃើញថា ការចាប់នេះអត់មានដីកា និងមិនមានការស៊ើបសួរ​ច្បាស់លាស់ដោយគាត់មកស្ទាក់ចាប់តាមផ្លូវអីចឹង។ ដូច្នេះហើយប្រជាពលរដ្ឋគាត់អត់ព្រមទេ»

ពលរដ្ឋម្នាក់ដែលរួមតវ៉ាដែរនោះគឺលោក ឆេង ឆូយ និយាយថា តំណាងសហគមន៍លោក សែម សាង ដែល​អាជ្ញាធរចាប់ខ្លួននោះជាមនុស្សម្នាក់សកម្មក្នុងការចេញមុខតវ៉ាដីធ្លីជាមួយក្រុមហ៊ុនចិនមួយនៅក្នុងសហគមន៍របស់​ពួកគេ។ លោកបន្តថា រូបលោក និងអ្នកភូមិផ្សេងទៀតទាមទារទៅអាជ្ញាធរដោះលែងតំណាងពួកគេ ដោយ​យល់​​ថាតំណាងពួកគេពុំមានកំហុសនោះទេ។

លោក ឆេង ឆូយ ឲ្យដឹងថារហូតមកដល់ពេលនេះលោកមិនថាអាជ្ញាធរចាប់តំណាងពួកគេយកទៅណានោះទេ ដែលធ្វើឲ្យសាច់ញាតិ និងអ្នកភូមិកំពុងមានការព្រួយបារម្មណ៍។

លោកបន្ថែមថា៖«គាត់[តំណាងដែលត្រូវចាប់ខ្លួន]ជាមនុស្សដែលតែងតែជួយដល់ប្រជាពលរដ្ឋ ​ហើយគាត់មានសម្តីពូកែនិយាយ។ ខ្ញុំយល់ថាការចាប់ខ្លួនគាត់នេះជារឿងអយុត្តិធម៌ណាស់ ព្រោះគាត់មិនកំហុសអីទេ អាជ្ញាធរត្រូវតែដោះលែងគាត់វិញ»

អភិបាលស្រុកតំបែរ លោក សុខ សារិទ្ធ មិនអាចសុំការឆ្លើយបំពាក់ព័ន្ធករណី​នេះបានទេ​ដោយលោក​ប្រាប់​ថា​រវល់​ប្រជុំ។ ចំណែកស្នងការខេត្តត្បូងឃ្មុំលោក ប៉ែន រ័ត្ន មិនទាក់ទងបានទេដោយទូរស័ព្ទចូលលោកចុចបិទ។

កាលពីថ្ងៃទី២២ ខែកក្តដា ក្រសួងរៀបចំដែនដីបានប្រកាសឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់មេខ្លោង ដែល​ក្រសួង​ចោទ​ថាបានញុះញង់ឲ្យពលរដ្ឋមួយក្រុមនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឡើងមកតវ៉ាទាមទារ​ដីព្រៃសហគមន៍នៅក្រសួងមួយនេះ។

ក្នុងសេចក្តីប្រកាសនោះក្រសួងបានបញ្ជាក់ថា តំណាងសហគមន៍ចំនួន៧នាក់ក្នុងនោះមានលោក សែម សាង ផងដែរដែលអះអាងថា តំណាងឲ្យពលរដ្ឋ៦៧៦គ្រួសារ មកពីសហគមន៍ត្រពាំងព្រីង សហគមន៍កំប្រើស សហគមន៍​ស្រែប្រាំង និងសហគមន៍ផ្សេងៗទៀត ស្ថិតក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ដែលប្តឹងទាមទារ​ដីព្រៃសហគមន៍​៣៧១៨ហិកតានោះ គឺក្រសួងមិនទទួលការដោះស្រាយជូនឡើយ ដោយថា​ពួកគេពុំជាប់​ពាក់ព័ន្ធជម្លោះ​ដីធ្លីឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ