ទីភ្នាក់ងាររ៉យទ័រ៖ សាច់ញាតិ និងមន្រ្តីស្និទ្ធនឹង​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន យក​លុយ​រាប់​លាន​អឺរ៉ូ​វិនិយោគនៅ​បរទេស

លោកស្រី ហ៊ុន ចន្ថា (ក្រោយ) និង លោកស្រី ហ៊ុន គឹមឡេង(មុខ) ថតរូបជាមួយគ្នា។ (រូបភាព៖ Screenshot ពីInstagram លោកស្រី ហ៊ុន ចន្ថា)

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថាសាច់ញាតិ និងមន្ត្រីជាន់ខ្ពស់​បក្សកាន់អំណាចមួយចំនួនដែលស្និទ្ធនឹង​លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចំណាយលុយរាប់លានអឺរ៉ូទៅវិនិយោគនៅប្រទេសមួយក្នុងសហគមន៍អឺរ៉ុប ដើម្បីទទួលបាន​សញ្ជាតិរបស់​ប្រទេសនោះ​។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានចុះផ្សាយកាលពីម្សិលមិញថា លោកស្រី ហ៊ុន គឹមឡេង ក្មួយស្រីលោក ហ៊ុន សែន មានអចលនទ្រព្យតម្លៃរាប់សិប​លាន​អឺរ៉ូ​នៅទីក្រុងឡុងដ៍ និងសិង្ហបុរី និងទទួលបាន​សញ្ជាតិ​ស៊ីប​ក្នុង​ឆ្នាំ២០១៦។ ​លោក នេត សាវឿន ស្វាមីលោកស្រី ហ៊ុន គឹមឡេង បានស្នើ​សុំសញ្ជាតិស៊ីបជាមួយកូន​ស្រីរបស់​គាត់២នាក់ក្នុងឆ្នាំ២០១៦។ លោកស្រី នេត វិជុណា កូនស្រីម្នាក់របស់លោក នេត សាវឿន បានស្នើ​សុំសញ្ជាតិ​តាមម្តាយ ត្បិត​បាន​ចំណាយលុយ៥.៥លានអឺរ៉ូលើអាផាតធឺមិន នៅក្រុងឡុងដ៍ ខណៈលោកស្រី ហ៊ុន ចន្ថា ក្មួយ​ស្រីម្នាក់ទៀត​របស់លោក ហ៊ុន សែន បានកាន់កាប់អចលនទ្រព្យតម្លៃរាប់សិបលានដុល្លារនៅក្រុងឡុងដ៍ និងជិះយន្តហោះ​ឯកជនទៅ​កាន់រមណីយដ្ឋានប្រណិតៗនៅតំបន់អឺរ៉ុប។

ប្រភពដដែល ឲ្យដឹងទៀតលោកស្រី ជឹង សុភាព ទទួលបានសញ្ជាតិស៊ីបនៅក្នុងឆ្នាំ២០១៧ បន្ទាប់ពីវិនិយោគ​លុយ​២​លាន​អឺរ៉ូលើសណ្ឋាគារ Radisson Blu នៅប្រទេសស៊ីបក្នុងឆ្នាំដដែល។ លោក ឡៅ ម៉េងឃិន ជាស្វាមី​បាន​​ស្នើសុំសញ្ជាតិស៊ីបជាមួយសមាជិកគ្រួសារ៥នាក់ផ្សេងទៀតនៅក្នុងឆ្នាំ ២០១៦ និង២០១៧។ ចំណែក​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានស្នើសុំសញ្ជាតិស៊ីបក្នុងឆ្នាំ២០១៧ ​ ហើយ ភរិយាឈ្មោះ អ៊ឹម ប៉ូលីកា បានវិនិយោគលុយ២លានអឺរ៉ូលើសណ្ឋាគារ Radisson Blu ក្នុងឆ្នាំ២០១៧ និងទទួលបានសញ្ជាតិស៊ីបក្នុងឆ្នាំដដែល។

វីអូឌីមិនអាចសុំការបំភ្លឺពីអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទេនៅថ្ងៃនេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ច្រានចោលការផ្សាយរបស់ទីភ្នាក់​ងារសារព័ត៌មាន​​រ៉យទ័រដោយថា​កម្ពុជាជាប្រទេសមានសន្តិភាព ហើយលោកមិនជឿថាមន្ត្រីបក្ស​កាន់អំណាចយក​លុយទៅ​ទិញសណ្ឋាគារ និងអាផាត់ធឺមិននៅក្រុងឡុងដ៍នោះទេ។ លោកចាត់ទុកការផ្សាយព័ត៌មានរ៉យទ័រថា បានវាយប្រហារបក្សកាន់អំណាច និងគាំទ្រអតីតបក្សប្រឆាំងទៅវិញ។

លោកមានប្រសាសន៍ថា៖ «អ្នកណាដែលលេចធ្លោ គេចេះតែដាក់ឈ្មោះ មួលបង្កាច់ ដើម្បីឲ្យគណបក្ស​ប្រជាជន​កម្ពុជា ខូចប្រជាប្រិយភាព។​ វាមិនឡូស្សិច(មិនសមហេតុផល)ទេ ដែលរត់ចោលប្រទេសមួយ[កម្ពុជា]មានសន្តិភាព ទៅនៅប្រទេសមួយដែល​កណ្តាលមហាសមុទ្រនៅក្បែរទីកន្លែងដែលកំពុងច្បាំងគ្នា។ ហើយអ្នកនៅក្រៅចេះតែកាន់រឿងក្រុមឧទ្ទាមក្រៅច្បាប់ ហើយដាក់បន្ទុកមកលើរដ្ឋាភិបាលដែលនៅក្នុងស្រុក»។

ប្រទេសស៊ីប គឺជារដ្ឋមួយក្នុងចំណោមរដ្ឋ៣នៃសមាជិកសហភាពអឺរ៉ុប ដែលមានគោលនយោបាយផ្តល់សញ្ជាតិ​ដល់​​​វិនិយោគិន ហើយជារដ្ឋធំបំផុត និងរកចំណូលបានខ្ពស់បំផុត ប៉ុន្តែរងការរិះគន់ថាមានតម្លាភាពតិចបំផុត។ រដ្ឋពីរ​ទៀតនោះ គឺម៉ាល់តា និងប៊ុលហ្គារី។

តាមទីភ្នាក់ងាររ៉យទ័រដដែល ក្នុងឆ្នាំ២០១៣ ដើម្បីសង្គ្រោះវិបត្តិសេដ្ឋកិច្ច ប្រទេសកោះមួយ​នេះបានដាក់ចេញគោល​នយោបាយ Cyprus Investment Programme ផ្តល់សញ្ជាតិដល់អ្នកវិនិយោគបរទេសដែលបានបោះទុនវិនិយោគយ៉ាងហោចណាស់២លានអឺរ៉ូនៅដែនដីរបស់ខ្លួន។

ប្រភពដដែលឱ្យដឹងថា គិតត្រឹមខែកុម្ភៈ ២០១៩ រដ្ឋាភិបាលប្រទេសស៊ីបបានផ្តល់សញ្ជាតិ​ដល់វិនិយោគិន​បរទេស​​ចំនួន ១៨៦៤នាក់ គិតរវាងឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៨ ជាមួយទំហំទុនវិនិយោគ ៦,៦ពាន់លានអឺរ៉ូ។ ក្រោមកម្មវិធីនយោបាយនោះ សមាជិកគ្រួសារពួកគេ មានប្តី ឬប្រពន្ធ និងកូនៗ អាចស្នើសុំសញ្ជាតិតាមបាន ដោយសរុបកើនដល់ ៣២០០ នាក់។ អ្នកដែលទទួលបានសញ្ជាតិស៊ីប អាចធ្វើដំណើរឆ្លងកាត់ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៨ប្រទេសបានដោយសេរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ