ប្រជាពលរដ្ឋប្រហែល១០០នាក់នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ បន្តបាតុកម្មទៀតនៅថ្ងៃនេះ ដោយពួកគាត់បាននាំគ្នាដើរលើកបដាតាមផ្លូវ និងប្រមូលផ្តុំគ្នាតវ៉ាមុខសាលាស្រុកតំបែរ ដើម្បីទាមទារទៅអាជ្ញាធរឲ្យដោះលែងតំណាងពួកគាត់២នាក់ឲ្យមានសេរីភាពវិញ។
តំណាងពលរដ្ឋមានជម្លោះដីធ្លី២នាក់នៅឃុំត្រពាំងព្រីង ស្រុកតំបែរ គឺលោក សែម សាង ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៧ និងលោក ផុន ឈឿន ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៦ ទៅតាមការបង្គាប់របស់តុលាការខេត្តត្បូងឃ្មុំ។
ក្នុងដីកាចុះថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០១៩ ដែលវីអូឌីទើបទទួលបានថ្ងៃនេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំលោក ហៃ ណៃហេង បានបង្គាប់ឲ្យនាំខ្លួនលោក សែម សាង ទៅសួរចម្លើយនៅសាលាដំបូងខេត្ត ក្រោមការចោទថា «កំហែងយកដោយមានស្ថានទម្ងន់ទោសដោយសារប្រើប្រាស់អាវុធ» ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០១៦ ប៉ុន្តែសម្រាប់ករណីលោក ផុន ឈឿន វីអូឌីមិនទាន់ទទួលបានដីកានៅឡើយទេ។
ពលរដ្ឋម្នាក់អ្នកស្រី សុទ្ធ ណុន ដែលចូលរួមតវ៉ាទាមទារដោះលែងតំណាងជាមួយពលរដ្ឋផ្សេងទៀតនៅមុខសាលាស្រុកតំបែរនៅថ្ងៃនេះបាននិយាយថា ករណីសមត្ថកិច្ចចាប់ខ្លួនតំណាងអ្នកភូមិទាំង២នាក់នោះ បានធ្វើឲ្យអ្នកភូមិខឹងសម្បារ និងមិនសប្បាយចិត្តហើយបាននាំគ្នាមកតវ៉ាទៀតនៅថ្ងៃនេះ។
អ្នកស្រី សុទ្ធ ណុន បានឲ្យដឹងថា កាលឆ្នាំ២០១៦ តំណាងពលរដ្ឋទាំង២នាក់នោះ បានដឹកនាំពលរដ្ឋចុះទប់ស្កាត់ការចូលកាប់ព្រៃឈើក្នុងសហគមន៍ ដោយថា កាលណោះប្រជាពលរដ្ឋបានដកហូតម៉ាស៊ីនកាប់ឈើរបស់បុគ្គលម្នាក់ឈ្មោះ ញ៉ សារឿន មករក្សាទុកក្នុងសហគមន៍ ដោយមិនបានប្រើប្រាស់អាវុធដូចការចោទប្រកាន់នោះទេ។
អ្នកស្រីបន្ថែមថា៖«វារឿងអយុត្តិធម៌ណាស់ ព្រោះលោក សែម សាងមិនមានកំហុសអីនោះទេ ហើយមិនសមគាត់ទេ។ គាត់ខំការពារព្រៃសហគមន៍។ ចំណែកអាអ្នកបំផ្លាញព្រៃឈើបែរល្អវិញ។ ខ្ញុំមិនយល់ទេ! កាលទៅឃាត់នោះប្រជាជនមានអាវុធពីណា»។
អ្នកស្រីបន្តថា ពាក់ព័ន្ធការចាប់ខ្លួនតំណាងពលរដ្ឋ២នាក់ស្រុកតំបែរនេះ គឺអាជ្ញាធរឃុំ ស្រុកមិនផ្តល់ដីកាមុននោះទេ ហើយថាពេលចាប់នោះ ក៏មិនបានប្រាប់ហេតុផលច្បាស់លាស់ដែរ។
អភិបាលស្រុកតំបែរលោក សុខ សារិទ្ធ សុំមិនធ្វើអធិប្បាយទេ ដោយលោកថាកំពុងជាប់រវល់ប្រជុំ។ ចំណែកស្នងការខេត្តត្បូងឃ្មុំលោក បែន រ័ត្ន បង្វែរឲ្យទៅសួរមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក វ៉ា សារិទ្ធ វិញដោយលោកថា ករណីនេះកងរាជអាវុធហត្ថជាអ្នកចុះចាប់។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លោក វ៉ា សារិទ្ធ មិនអាចសុំការឆ្លើយបំភ្លឺពាក់ព័ន្ធករណីបាននេះទេ ដោយលោកថា កំពុងជាប់រវល់ប្រជុំ។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ដែលឃ្លាំមើលករណីនេះឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃនេះគឺលោកទទួលដំណឹងថា អ្នកដែលត្រូវចាប់ខ្លួននោះត្រូវសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពង់ចាមហើយ។
ប្រធានសម្ព័ន្ធសហគមន៍កសិកររូបនេះយល់ថា ករណីសមត្ថកិច្ចចាប់ខ្លួនតំណាងពលរដ្ឋ២នាក់នោះ គឺជាការគំរាមកំហែងដោយសារតំណាងពលរដ្ឋទាំងនោះសកម្មក្នុងការចេញតវ៉ារឿងវិវាទដីធ្លីរបស់ប្រជាពលរដ្ឋជាមួយក្រុមហ៊ុន និងអាជ្ញាធរ។ លោក ថេង សាវឿង បានស្នើទៅតុលាការឲ្យធ្វើការដោយឯករាជ្យដោយធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកដែលត្រូវចាប់ខ្លួន។
លោក មានប្រសាសន៍ថា៖«ការចាប់ខ្លួននេះជារូបភាពគំរាមកំហែងថ្មីមួយពីព្រោះបើតាមយើងពិនិត្យលោក សែម សាង នៅក្នុងសហគមន៍គឺគាត់ជាអ្នកដែលធ្វើការងារសកម្មទៅលើការការពារដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុន និងជាមួយអាជ្ញាធរនៅក្នុងខេត្តត្បូងឃុំហ្នឹង។ អីចឹងយើងស្នើឲ្យតុលាការផ្តល់យុត្តិធម៌ជូនពួកគេតាមស៊ើបអង្កេតឲ្យបានច្បាសលាស់»។
កាលពីថ្ងៃទី២២ ខែកក្តដា ក្រសួងរៀបចំដែនដីបានប្រកាសឲ្យសមត្ថកិច្ចស្រាវជ្រាវចាប់តំណាងពលរដ្ឋ ដែលក្រសួងចោទថា តំណាងពលរដ្ឋទាំងនោះ បានញុះញង់ឲ្យពលរដ្ឋមួយក្រុមនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឡើងមកតវ៉ាទាមទារដីព្រៃសហគមន៍នៅក្រសួងរៀបចំដែនដី។
ក្នុងសេចក្តីប្រកាសនោះក្រសួង បានបញ្ជាក់ថា តំណាងសហគមន៍ចំនួន៧នាក់ក្នុងនោះមានលោក សែម សាង ផងដែលអះអាងថា តំណាងឲ្យពលរដ្ឋ៦៧៦គ្រួសារមកពីសហគមន៍ត្រពាំងព្រីង សហគមន៍កំប្រើស សហគមន៍ស្រែប្រាំង និងសហគមន៍ផ្សេងៗទៀត ស្ថិតក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ដែលប្តឹងទាមទារដីព្រៃសហគមន៍៣៧១៨ហិកតានោះ គឺក្រសួងមិនទទួលការដោះស្រាយជូនឡើយ ដោយថា ពួកគេពុំជាប់ពាក់ព័ន្ធរឿងជម្លោះដីធ្លីនោះទេ៕