អាជ្ញាធរកម្ពុជាបានទទួលស្គាល់ថា បុរសសញ្ជាតិម៉ិកស៊ិកដើមកំណើតតួកគីម្នាក់ ពិតជាត្រូវបានខ្លួន និងបញ្ជូនទៅប្រទេសតួកគី ទៅតាមសំណើស្នើសុំកិច្ចសហការរបស់សមត្ថកិច្ចតួកគី។
ទូរទស្សន៍អារ៉ាប់ Aljazeera បានផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់តួកគីបានចាប់ខ្លួនបុរសសញ្ជាតិម៉ិកស៊ិកដើមកំណើតតួកគីម្នាក់ពីប្រទេសកម្ពុជា ហើយនាំទៅឃុំខ្លួននៅប្រទេសតួកគី ក្រោមការចោទថា បានបង្កើត និងរៀបចំផែនការរដ្ឋប្រហារ។
ទូរទស្សន៍ដដែលនេះ បានផ្សាយថា បុរសរូបនោះមានឈ្មោះថា អូស្មាន់ ការ៉ាកា (Osman Karaca) គឺជាអតីតនាយកគ្រប់គ្រងនៃសាលាហ្សាម៉ាន់អន្តរជាតិនៅកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្ដូរឈ្មោះទៅជាសាលាប៉ារ៉ាហ្គនអន្តរជាតិ។
សាលាបង្រៀនមួយនេះ ត្រូវបានរដ្ឋាភិបាលតួកគីរបស់លោក តាយយីប អឺដូហ្គេន ចោទថា ជាបណ្ដាញ«ភេរវកម្ម»ដែលដឹកនាំដោយបុព្វជិត Fethullha Gulen ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯសហរដ្ឋអាមេរិក។
ទូរទស្សន៍អារ៉ាប់ បានចុះផ្សាយបែបនេះដោយផ្អែកលើសម្ដីរបស់ភរិយាលោក ការ៉ាខា អ្នកស្រី Grace ដែលជាពលរដ្ឋម៉ិកស៊ិកដើមកំណើតតួកគីផងដែរ។
អ្នកស្រី Grace បានប្រាប់ទៅទូរទស្សន៍ Aljazeera ថា ស្វាមីរបស់អ្នកស្រីត្រូវបាននគរបាលចាប់ខ្លួននៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែតុលា ហើយអ្នកស្រីពុំអាចទាក់ទងស្វាមីបាននោះឡើយចាប់តាំងពីពេលនោះមក។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិកម្ពុជា លោក ឆាយ គឹមឃឿន បានថ្លែងទទួលស្គាល់ថា បុរសសញ្ជាតិម៉ិកស៊ិករូបនោះ ពិតត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញទៅតាមសំណើសុំសហការពីសំណាក់អាជ្ញាធររដ្ឋាភិបាលតួកគី។
លោក ឆាយ គឹមឃឿន មានប្រសាសន៍៖ «មិនមែនគេមកលួចចាប់ទេ គឺគេសហការ។ គាត់[លោក ការ៉ាខា]ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ដែលសមត្ថកិច្ចតួកគី គេមានឯកសារមានអី ហើយគេស្នើសុំកិច្ចសហការស្នើសុំបញ្ជូនខ្លួនទៅតួកគី។ អាហ្នឹងមានមែន វាមានមែនជាជនជាតិតួកគីពាក់ព័ន្ធជាមួយនឹងបទឧក្រិដ្ឋមួយចំនួន មិនមែនគេលួចចាប់យើងមិនដឹងទេអាអូន។ អាគេមកបំពានអធិបតេយ្យយើងបានទេ? បំភ្លឺជូនអូនមែន ចាប់មែន បញ្ជូនទៅតួកគីវិញហើយ»។
បើតាមសារព័ត៌មាន Aljazeera ស្ថានទូតម៉ិកស៊ិកប្រចាំកម្ពុជា ដែលមាននិវេសដ្ឋាននៅប្រទេសវៀតណាមនោះ បានឱ្យដឹងថា ខ្លួនក៏បានដឹងអំពីការចាប់ខ្លួនពលរដ្ឋរបស់ខ្លួនបញ្ជូនទៅប្រទេសតួកគីផងដែរ ប៉ុន្តែ មិនបកស្រាយលម្អិតនោះឡើយ។
អ្នកស្រី Grace បានអះអាងប្រាប់ទូរទស្សន៍ Aljazeera ថា៖ «ប្តីរបស់ខ្ញុំគ្មានកំហុសទេ» ហើយអ្នកស្រីប្ដេជ្ញាប្រឆាំងនឹងការចោទប្រកាន់ពីសំណាក់អាជ្ញាធររដ្ឋាភិបាលរបស់ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គេន (Tayyip Erdogan)។
បើតាម Aljazeera រដ្ឋាភិបាលលោក អឺដូហ្គេន បានចាប់ផ្ដើមការបង្ក្រាបយ៉ាងធំធេងទៅលើក្រុមអ្នកគាំទ្របុព្វជិតឥស្លាម លោក Gulen និងបានបិទសាលាបង្រៀននានាដែលត្រូវបានភ្ជាប់ទៅនឹងចលនាបុព្វជិតរូបនេះ បន្ទាប់ពីរដ្ឋប្រហារបរាជ័យមួយកាលពីឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឱ្យដឹងថា ប្រទេសកម្ពុជា ពុំទាន់មានកិច្ចព្រមព្រៀងបត្យាប័នសម្រាប់ដោះដូរឧក្រិដ្ឋនជាមួយតួកគីនោះឡើយ ប៉ុន្តែ លោកថា ការចាប់បញ្ជូនខ្លួនលោក ការ៉ាខា នេះ អាចធ្វើឡើងទៅបានបន្ទាប់ពីប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាមួយគ្នា។
លោក ជិន ម៉ាលីន ប្រាប់វីអូឌីតាមតេឡេក្រាមថា៖ «ចំពោះកម្ពុជា យើង និងតួកគី មិនមានកិច្ចព្រមព្រៀងបត្យាប័នទេ ក៏ប៉ុន្តែ ជាគោលការណ៍អន្តរជាតិ ទោះបីជាមិនមានកិច្ចព្រមព្រៀងក៏ដោយ ផ្អែកទៅកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងការទូត គឺអាចធ្វើបានណ៎ា! ដោយសារប្បញ្ញត្តិច្បាប់ជាតិរបស់យើង ក្រមព្រហ្មទណ្ឌរបស់យើង ក៏មានចែងពីគោលការណ៍ និងលក្ខន្តិកៈធ្វើបត្យាប័នដែរ»។
អង្គការលើកលែងទោសអន្តរជាតិ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ករណីចាប់ខ្លួនលោក ការ៉ាខា ទាំងបង្ខំ ធ្វើឱ្យលោកប្រឈមមុខនឹងហានិភ័យពិតប្រាកដនៃការប្រព្រឹត្តពីសំណាក់អាជ្ញាធរតួកគី និងជាករណីរំលោភសិទ្ធិមនុស្សបន្ថែមទៀត។
នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) លោក Phil Robertson ត្រូវបានដកស្រង់សម្ដីដែលបានលើកឡើងថា លោក ការ៉ាខា នឹងប្រឈមមុខនឹងការធ្វើទារុណកម្ម រងការចាប់ដាក់ឃុំក្នុងស្ថានភាពដ៏រន្ធត់ និងចុងក្រោយត្រូវបានកាត់ទោសដោយតុលាការរបស់តួកគី ដែលបម្រើនិន្នាការនយោបាយរបស់លោក អឺដូហ្គេន។
ទំនាក់ទំនងទ្វេភាគីកម្ពុជា-តួកគី ត្រូវបានបង្កើនឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសតួកគីកាលពីខែតុលា ឆ្នាំ២០១៨កន្លងមក៕