អតីតតំណាងរាស្រ្តបក្ស​ប្រឆាំងអំពាវនាវរដ្ឋាភិបាលឲ្យស៊ើបអង្កេតទ្រព្យសម្បត្តិមន្ត្រីរបស់ខ្លួននៅក្រៅប្រទេស

លោកស្រី ហ៊ុន ចន្ថា (ក្រោយ) និង លោកស្រី ហ៊ុន គឹមឡេង(មុខ) ថតរូបជាមួយគ្នា។ (រូបភាព៖ Screenshot ពីInstagram លោកស្រី ហ៊ុន ចន្ថា)

អនុប្រធានអតីតគណបក្សប្រឆាំងនិង​ជាអតីត​តំណាងរាស្រ្ត អំពាវនាវទៅរដ្ឋាភិបាលស៊ើបអង្កេតលើមន្ត្រីរបស់ខ្លួនដែលមានទ្រព្យសម្បត្តិនៅក្រៅប្រទេស ដោយចាត់ទុកថា លុយទាំងនោះបានមកពីអំពើពុករលួយ និងបំផ្លាញជាតិ។

អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បានលើកឡើងតាមបណ្តាញ WhatsApp ដោយ​ចោទ​ប្រកាន់ថា សាច់ញាត និងមន្ត្រីរដ្ឋាភិបាលមួយចំនួនបាន​ប្រព្រិត្តអំពើពុករលួយ ហើយ​បាន​យកលុយជាតិទិញទ្រព្យសម្បត្តិ និងវិនិយោគនៅក្រៅប្រទេស ដើម្បីទទួលបានសញ្ជាតិបរទេស។ 

លោកស្រីជំរុញបែបនេះថា៖ «ទាមទារឲ្យលោក ហ៊ុន សែន គាត់វែកមុខថានរណានៅក្នុងជួរដឹកនាំរបស់រដ្ឋាភិបាល ដែលទិញសញ្ជាតិពីប្រទេសដ៏ទៃទៀត ដោយយកលុយពុករលួយពីប្រទេសជាតិយើង យកទៅទិញសញ្ជាតិ ដើម្បីរត់ចោលស្រុកនោះ»

ការអំពាវនាវ​របស់​លោក​ស្រី​ មូរ សុខហួរ បានធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារព័ត៌មាន​របស់​អង់គ្លេស រ៉យទ័រ ចេញផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​របស់ខ្លួនមួយ​កាលពីសប្តាហ៍មុន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានចុះផ្សាយកាលពី​ថ្ងៃទី១៦ ខែ តុលាថា លោកស្រី ហ៊ុន គឹមឡេង ក្មួយស្រីលោក ហ៊ុន សែន មានអចលនទ្រព្យតម្លៃរាប់សិប​លាន​អឺរ៉ូ​នៅទីក្រុងឡុងដ៍ និងសិង្ហបុរី និងទទួលបាន​សញ្ជាតិ​ស៊ីប​ក្នុង​ឆ្នាំ២០១៦។ ​លោក នេត សាវឿន ស្វាមីលោកស្រី ហ៊ុន គឹមឡេង បានស្នើ​សុំសញ្ជាតិស៊ីបជាមួយកូន​ស្រីរបស់​គាត់២នាក់ក្នុងឆ្នាំ២០១៦។ លោកស្រី នេត វិជុណា កូនស្រីម្នាក់របស់លោក នេត សាវឿន បានស្នើ​សុំសញ្ជាតិ​តាមម្តាយ ត្បិត​បាន​ចំណាយលុយ៥.៥លានអឺរ៉ូលើអាផាតធឺមិន នៅក្រុងឡុងដ៍ ខណៈលោកស្រី ហ៊ុន ចន្ថា ក្មួយ​ស្រីម្នាក់ទៀត​របស់លោក ហ៊ុន សែន បានកាន់កាប់អចលនទ្រព្យតម្លៃរាប់សិបលានដុល្លារនៅក្រុងឡុងដ៍ និងជិះយន្តហោះ​ឯកជនទៅ​កាន់រមណីយដ្ឋានប្រណិតៗនៅតំបន់អឺរ៉ុប។

ភ្នាក់​ងារ​ព័ត៌មានរ៉យទ័រ​ក៏បាន​បង្ហាញ​ដែរថា ​លោកស្រី ជឹង សុភាព ដែល​ស្និត​ជា​មួយនឹង​លោកស្រី​ ប៊ុន រ៉ានីនិង​ជា​ភរិយា លោក ឡៅ ម៉េងឃិន សមាជិក​ព្រឹទ្ធសភាគណបក្ស​ប្រជាជនកម្ពុជា ទទួលបានសញ្ជាតិស៊ីបនៅក្នុងឆ្នាំ២០១៧ បន្ទាប់ពីវិនិយោគ​លុយ​២​លាន​អឺរ៉ូលើសណ្ឋាគារ Radisson Blu នៅប្រទេសស៊ីបក្នុងឆ្នាំដដែល។ លោក ឡៅ ម៉េងឃិន ​បាន​​ស្នើសុំសញ្ជាតិស៊ីបជាមួយសមាជិកគ្រួសារ៥នាក់ផ្សេងទៀតនៅក្នុងឆ្នាំ ២០១៦ និង២០១៧។ ចំណែក​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានស្នើសុំសញ្ជាតិស៊ីបក្នុងឆ្នាំ២០១៧ ​ ហើយ ភរិយាឈ្មោះ អ៊ឹម ប៉ូលីកា បានវិនិយោគលុយ២លានអឺរ៉ូលើសណ្ឋាគារ Radisson Blu ក្នុងឆ្នាំ២០១៧ និងទទួលបានសញ្ជាតិស៊ីបក្នុងឆ្នាំដដែល។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាន៍ថា លោកមិនចាប់អារម្មណ៍នឹងការលើកឡើងរបស់អតីតមន្ត្រីបក្សប្រឆាំងនោះទេ។

លោកមានប្រសាសន៍ថា៖ «យើងមិនបាច់ឆ្លើយតបទេ ជាមួយក្រុមឧទ្ទាមក្រៅច្បាប់ វាឥតប្រយោជន៍ទេ គាត់គ្មានសិទ្ធិអ្វីទាមទារ ឬដាក់សំណូមពរមកឲ្យរាជរដ្ឋាភិបាលត្រួតពិនិត្យទេ ពីព្រោះនៅក្នុងប្រទេសកម្ពុជាវាមានអង្គភាពប្រឆាំងអំពើពុករលួយ មានក្រុមប្រឹក្សាប្រឆាំងអំពើពុករលួយរួចហើយ»។

លោកស្រី​ មូរ សុខហួរ លើកឡើង​ក្នុង​សាររបស់លោកស្រី​ ដោយ​លើកឡើង​ដែរថា​ អង្គភាពប្រឆាំងអំពើពុករលួយនឹងមិនហ៊ានស៊ើបអង្កេតលើសាច់ញាតិ​របស់​លោកនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់របស់លោកនោះទេ។ លោកស្រី​ចោទថា ស្ថាប័ននេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។

វីអូឌីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បានទេនៅព្រឹក​ថ្ងៃ​ច័ន្ទនេះ។

ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យប្រឆាំងអំពើពុករលួយ លោកស្រី ម៉ម ស៊ីថា គាំទ្រឲ្យរដ្ឋាភិបាល និងស្ថាប័នប្រឆាំងអំពើពុករលួយស៊ើបអង្កេតលើមន្ត្រីនិងសាច់ញាតិលោកនាយករដ្ឋមន្ត្រី។​ លោកស្រីអះអាងថា បើរដ្ឋាភិបាលនិងអង្គភាពប្រឆាំងអំពើពុករលួយមិនធ្វើការស៊ើបអង្កេតលើករណីនេះទេ នឹងធ្វើឲ្យមានភាពអយុត្តិធម៌សង្គម៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ