អង្គការសិទ្ធិមនុស្ស​រកឃើញថាសំណុំរឿង២៥ភាគរយ​ត្រូវ​បាន​ជំនុំជំរះ​ដោយមិនមានមេធាវីការពារក្តី

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) (រូបដោយ៖ ជន ចាន់រ៉ែន)

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) បានឲ្យដឹងថា តុលាការជាន់ខ្ពស់ជំ​នុំជម្រះសំណុំរឿងព្រហ្មទណ្ឌ២៥ភាគរយ ក្នុង​ចំនួននៃសំណុំរឿង២១៣ ដោយមិនមានមេធាវីការពារក្តី។  

ក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពី «សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា ការសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍»  ដែល​ចេញនៅថ្ងៃទី២១ ខែតុលាម្សិលមិញនេះ ម.ស.ម.ក  បានឲ្យដឹងថា ការជំនុំជម្រះក្តីនៅសាលាឧទ្ធរណ៍លើសំណុំរឿងនៃបទល្មើសមជ្ឈឹម ចាប់ពីថ្ងៃទី១​វិច្ឆិកា ឆ្នាំ២០១៧ ដល់ថ្ងៃ៣១តុលា ឆ្នាំ២០១៨ ជនជាប់ចោទជានីតិជនប្រហែលជា២៥ភាគរយ ក្នុងចំណោម២១៣សំណុំរឿង មិនមានមេធាវីតំណាងឡើយ។ អង្គការ​សិទ្ធិមនុស្ស​មួយនេះ ចាត់ទុកការអនុវត្តបែបនេះថា មិនស្របតាមបទដ្ឋាន នៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ ហើយធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមូលដ្ឋានរបស់ជនជាប់ចោទ ។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា នៅក្នុងច្បាប់សិទ្ធិមនុស្សអន្តរជាតិចែងថា ជនជាប់ចោទដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ត្រូវមានសិទ្ធមានមេធាវី។

អ្នកសម្របសម្រួលគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅមជ្ឈមមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហ៊ុន ស៊ាងហាក់ មានប្រសាសន៍បន្ថែមលើសេចក្តីថ្លែងការណ៍ថា សវនាការនៅសាលាឧទ្ធរណ៍ដោយពុំមានមេធាវីការពារក្តីឲ្យជនជាប់ចោទ ធ្វើឲ្យផ្ទុយពីបទដ្ឋានអន្តរជាតិ ដែលកម្ពុជាយល់ព្រមផ្តល់សច្ចាប័ន។

លោក ស៊ាងហាក់ ស្នើទៅរដ្ឋាភិបាល ធ្វើវិសោធនកម្មមាត្រាច្បាប់មួយចំនួនរបស់កម្ពុជា និង​ផ្តល់​ថវិកាជំនួយផ្នែកច្បាប់ ដើម្បីឲ្យស្របតាមបទដ្ឋានអន្តរជាតិ ទើបធ្វើឲ្យការជំនុំជម្រះក្តីមួយប្រកបដោយយុត្តិធម៌។

«រដ្ឋាភិបាលគាត់ពិនិត្យលើច្បាប់ជាតិរបស់ខ្លួន ក្នុងការធ្វើវិសោធនកម្មឲ្យស្របទៅតាមបទដ្ឋានអន្តរជាតិ ទីពីរនៅក្នុងដំណាក់កាលមិនទាន់ធើវិសោធនកម្ម រដ្ឋាភិបាលគួរតែផ្តល់ថវិកាជំនួយផ្នែកច្បាប់ ដើម្បីបង្កើនឡើងឲ្យគណៈមេធាវី បើសិនជាមានមេធាវីគ្រប់គ្រាន់ គាត់អាចផ្តល់មកបទល្មើសមជ្ឈឹមផងដែរ បានន័យថា ជាការលើកកម្ពស់សិទ្ធិទទួលបានមេធាវី ហើយក្នុងដំណើរការរឿងក្តី បានប្រព្រិត្តទៅគោរពទៅតាមសិទ្ធិទទួលបានយុត្តិធម៌»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាឧទ្ធរណ៍លោក ទូច ថារិទ្ធិ និងអ្នកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព និងលោក ជិន ម៉ាលីន បានទេ នៅព្រឹកនេះ។

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក សួន វិសាល ពន្យល់ជាទូទៅថា ច្បាប់អន្តរជាតិដែលតម្រូវឲ្យជនជាប់ចោទដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌត្រូវតែមានមេធាវីនោះ គ្រាន់តែជាគោលការណ៍ចែងជាទូទៅតែប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងច្បាប់កម្ពុជាជនជាប់ចោទដែលប្រព្រឹត្តបទល្មើសមជ្ឈឹម អាចរកមេធាវីជួយការពារក្តី ឬមិនរកក៏បាន អាស្រ័យលើសិទ្ធិរបស់ជនជាប់ចោទនោះជូនដំណឹងទៅតុលាការ។

«ជាគោលការណ៍ទូទៅនៅពេលប្រជាពលរដ្ឋមានរឿងប្តឹងទៅតុលាការ ច្បាប់ផ្តល់សិទ្ធិឲ្យប្រជាពលរដ្ឋមានសិទ្ធិមានមេធាវី កាលណាមានសិទ្ធិគេអាចប្រើប្រាស់សិទ្ធិរបស់គេ ឬគេអត់ប្រើប្រាស់សិទ្ធិគេ ប៉ុន្តែបើប្រជាពលរដ្ឋគាត់ត្រូវការចាំបាច់ត្រូវមានមេធាវី គេ[តុលាការ]ចាំឲ្យមានមេធាវី ប៉ុន្តែបើអត់ទេ យើងមិនអាចបង្ខំគេបានទេ»

ផ្ទុយទៅវិញលោក សួន វិសាល អះអាងថា បទឧក្រិដ្ឋក្នុងច្បាប់តម្រូវឲ្យមានមេធាវីការពារក្តី ទើបតុលាការដំណើរការនីតិវិធីជំនុំជម្រះក្តីបានដោយ​យុត្តិធម៌។ លោក សួន វិសាល បន្តទៀតថា បច្ចុប្បន្ននេះគណៈមេធាវីមានមេធាវីជួយការពារក្តីឲ្យជនក្រីក្រជាង១ពាន់នាក់ ដែល​បានជួយការពារក្តីចំនួនជាង៣ពាន់ករណីក្នុងមួយឆ្នាំៗ។

គម្រោង​យុត្តិធម៌​ពិភពលោក​ World​ Justice​ Pr​oject ​បាន​ចេញ​របាយការណ៍​កាលពីដើម​ឆ្នាំ២០១៩​  ដោយបានវាយតម្លៃ​ថា​ ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ស្ថិតនៅ​ជិត​បាត​តារាង​ក្នុង​ចំណោម​ប្រទេស១១៣លើ​ពិភពលោក​ ។ របាយការណ៍​បញ្ជាក់​ថា​ចំណាត់ថ្នាក់​យុត្តិធម៌​របស់​កម្ពុជា​ គិត​ក្នុង​ឆ្នាំ​ ២០១៧​ និង​ ២០១៨​ ជាប់​ចំណាត់ថ្នាក់​ទី​ ១១២​ ក្នុងចំណោម​ ១១៣ប្រទេស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ