អាជ្ញាធរឃាត់ខ្លួនជនសង្ស័យ​៤នាក់នាំចូលគ្រឿងញៀន៤០គីឡូក្រាមពីប្រទេសថៃ

ជនសង្ស័យទាំង៤នាក់ (រូប៤នាក់កណ្តាល។ ជនជាតិថៃម្នាក់ និងកម្ពុជា៣នាក់) រួមវត្ថុតាងគ្រឿងញៀន៤០កញ្ចប់ ស្មើនឹង៤០គីឡូក្រាម។ (រូបថតផ្តល់ដោយៈ សមត្ថកិច្ច)

អាជ្ញាធរខេត្តកំពង់ធំ សហការជាមួយមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃច័ន្ទទី២១តុលា បានឃាត់ខ្លួនបុរ​ស៤នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនចំនួន៤០គីឡូក្រាមឆ្លងដែនពីប្រទេសថៃ។

យោងតាម​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន ជនសង្ស័យទាំង៤នាក់ បាននាំចូលគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីន ICE ចំនួន៤០កញ្ចប់ ស្មើនឹង៤០គីឡូក្រាម តាមច្រកព្រំដែនជាំ ស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ ហើយត្រូវកម្លាំ​ងសមត្ថកិច្ចចម្រុះឆ្មក់ព័ទ្ធចាប់ឃាត់ខ្លួននៅរសៀ​លថ្ងៃទី២១តុលា ត្រង់ចំណុចភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

អគ្គនាយករងអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក មាស វីរិទ្ធិ ឱ្យដឹងតាមប្រព័ន្ធ Telegram ថា ជនសង្ស័យម្នាក់ដែលជាជនជាតិថៃ មានឈ្មោះ សាក់ សេងសង អាយុ ៣២ឆ្នាំ និង៣នាក់ទៀតមានឈ្មោះ សុខប៊ុន សិរីឆៃ អាយុ ៤២ឆ្នាំ ឈ្មោះ គង់ វណ្ណៈ អាយុ៤០ឆ្នាំ និងឈ្មោះ លី តឹក អាយុ៥៣ឆ្នាំ។

អគ្គស្នងការរងនគរបាលជាតិ លោក ម៉ក់ ជីតូ ឱ្យដឹងបន្ថែមថា ជនសង្ស័យទាំង៤នាក់ បានទុក​ថ្នាំញៀនក្នុងវ៉ាលីស្ព័រធំចំនួន២ ដឹកតាមរថយន្ត២គ្រឿង។ លោកបន្តថា សមត្ថកិច្ចជំនាញកំពុងសួរចម្លើយជនសង្ស័យ និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែម។

លោក ម៉ក់ ជីតូ មានប្រសាសន៍ប្រាប់ វីអូឌី តាមទូរសព្ទថា៖«ឥឡូវយើងកំពុងធ្វើការ ហើយស្រាវជ្រាវបន្ត ព្រោះឥឡូវយើងយកបាន៤នាក់ និងថ្នាំញឿ​​​ន​។ ប៉ុន្តែ យើងត្រូវបន្តសហការជាមួយសមត្ថកិច្ចថៃដើម្បីស្រាវជ្រាវខាងដើម[ប្រភពថ្នាំញៀន] ខាងដើមដែលវាចេញមក​។ មានមេខ្លោងនៅថៃ វាទាក់ទងណាទៀត យើងនៅបន្តស្រាវជ្រាវថែមទៀត»

លោកបញ្ជាក់បន្ថែមថា សមត្ថកិច្ចមានពេល២៤ម៉ោងដើម្បីឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យទាំង៤នាក់ មុននឹងបញ្ជូនពួកគេទៅជំរំជម្រះនៅសាលាដំបូងខេត្តកំពង់ធំ។

វីអូឌី មិនអាចទាក់ទងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក អ៊ិត សុធា ដើម្បីសុំការបញ្ជាក់ពីដំណើរការចោទប្រកាន់ និងជំរំជម្រះជនសង្ស័​យទាំង៤នាក់បានទេ គិតត្រឹមព្រឹកថ្ងៃពុធនេះ ដោយទូរសព្ទហៅចូលមិនមានអ្នកទទួល។ ប៉ុន្តែនៅរសៀលថ្ងៃម្សិលមិញ លោកបានប្រាប់ថា លោកកំពុងជំរំជម្រះក្តី។

អគ្គស្នងការ​នគរបាលជាតិ លោក នេត សាវឿន លើកឡើងនាពេលកន្លងមកថា កម្ពុជាសព្វថ្ងៃលែងត្រឹមជាទីតាំងដែលគ្រឿងញៀនឆ្លងកាត់ទៀតហើយ តែជាកន្លែងដែលឈ្មួញគ្រឿងញៀនជ្រើសយកដើម្បីនាំចូលវត្ថុធាតុដើមកែច្នៃជាគ្រឿងញៀនសំយោគរួច ចែកចាយក្នុងស្រុក និងនាំចេញបន្តទៅបរទេស។

របាយការណ៍ក្រសួងមហាផ្ទៃបង្ហាញថា ក្នុងរយៈពេល៥ខែឆ្នាំ២០១៩ កម្លាំងអនុវត្តច្បាប់បានបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន ៣ ៣៣៥ ករណី ឃាត់ខ្លួន​ ៧ ០៩៧នាក់ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ៣១0 គីឡូក្រាម កញ្ឆាស្រស់ ៤៧ ១០៣ដើម រួមនឹងមធ្យោបាយសម្ភារ វត្ថុតាងមួយចំនួនទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ