មនុស្សរាប់រយនាក់ ចូលរូម​​ក្នុងខួបទី២៨នៃ​​កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស

ក្រុមអង្គការសង្គមស៊ីវិល និង ពលរដ្ឋរាប់រយនាក់បានជួបជុំគ្នារំលឹកខួបលើទី ២៨ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា នៅទីលានប្រជាធិបតេយ្យនាព្រឹកថ្ងៃទី២៣ តុលា ឆ្នាំ២០១៩

ក្រុមអង្គការសង្គមស៊ីវិល អ្នកនយោបាយ សហជីព កម្មករ អ្នករត់ម៉ូតូឌុបរាប់រយនាក់បានជួបជុំគ្នារំលឹកខួបលើទី២៨នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការប្រារព្ធពិធីផ្លូវការនេះធ្វើឡើងនៅទីលានប្រជាធិបតេយ្យនាព្រឹកថ្ងៃទី២៣តុលាឆ្នាំ២០១៩នេះ។

ក្រុមសង្គមស៊ីវិលនិងប្រជាពលរដ្ឋប្ដេជ្ញាថា នឹងបន្ដរំលឹកខួបនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងបារីសនេះ នៅឆ្នាំបន្ទាប់បើទោះបីជារាជរដ្ឋាភិបាលលុបថ្ងៃ២៣តុលាចេញពីប្រតិទិនឈប់សម្រាកប្រចាំឆ្នាំក៏ដោយ។

ប្រធានអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លោកមឿន តុលា មានប្រសាសន៍ថា ការជួបជុំនេះ ជាសារមួយផ្ញើរទៅកាន់អ្នកនយោបាយឱ្យគោរពស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺនាំកម្ពុជាដើរតាមគន្លងប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្ស។

លោក តុលា មានប្រសាសន៍ថា៖ «សព្វថ្ងៃនេះគេកំពុងដើរឆ្ងាយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសពិសេសត្រង់ការគោរពច្បាប់និងសិទ្ធិមនុស្ស។ យើងនៅតែប្រារព្ធបើទោះជាគេលែងឱ្យឈប់ថ្ងៃ២៣តុលាក៏ដោយ»

ពិធីជួបជុំ រំលឹកខួបលើទី២៨នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅព្រឹកមិញនេះ ស្ថិតក្រោមការឃ្លាំមើលពីសំណាក់ភ្នាក់ងាររាជរដ្ឋាភិបាល រួមមានកម្លាំងសមត្ថកិច្ចឯកសណ្ឋានស៊ីវិលនិងកម្លាំងសន្តិសុខសាលារាជធានីភ្នំពេញ។ អភិបាលរងសាលារាជធានីភ្នំពេញលោក កើត ឆែ មានវត្តមានដឹកនាំកម្លាំងឃ្លាំមើលពិធីនេះ ។ ភារធារីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា លោកម៉ៃឃើល ញូបៀល ក៏បានចូលអង្គុយស្ដាប់វាគ្មិនបកស្រាយដែរ។

អ្នកលក់បន្លែ អ្នកស្រីព្រំ បុប្ផា បានផ្អាកលក់ដូរមួយព្រឹកដើម្បីចូលរួមពិធីនេះ។ អ្នកស្រី រៀបរាប់ថា គាត់មកចូលរួមរំលឹកខួបនេះដោយសារគាត់ចង់ឱ្យកម្ពុជា មានការគោរពច្បាប់ហើយច្បាប់ការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋ។

អ្នកស្រីព្រំ បុប្ផា មានប្រសាសន៍ថា៖ «ទិវាហ្នឹងតាមពិតទៅផ្តល់ភាពកក់ក្ដៅ ឱ្យប្រជាជនយល់ន័យខ្លឹមសារថាអ្វីដែលល្អអ្វីដែលអាក្រក់ ។មកប្រារព្ធពិធីនេះ ខ្ញុំនឹកសម្ដេចតា(សម្ដេចសីហនុ)ដល់ហើយ»

អតីតបេក្ខជនតំណាងរាស្ដ្របក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ថាកិច្ចព្រមព្រៀងទីក្រុងបារីសនេះ ជាឬសគល់នៃការកសាងនិងអភិវឌ្ឍន៍ប្រទេសនៅកម្ពុជា។លោកថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវផ្សព្វផ្សាយខ្លឹមសារឯកសារនេះឱ្យបានទូលំទំលាយ បើទោះបីជាបក្សកាន់អំណាចព្យាយាមបំភ្លេចគុណតម្លៃក៏ដោយ។

លោក មាជ សុវណ្ណា លើកឡើងថា៖ «អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសវាយ៉ាងម៉េច គឺបញ្ញវ័ន្តគឺគាត់យល់ច្បាស់ ជាមួយអន្តរជាតិជាប្រទេសហត្ថលេខីហ្នឹងគេដឹងគ្រប់គ្នាតើ។ អារឿងអ្នកនយោបាយដែលមានចេតនាចង់ បំភ្លេចអីអាហ្នឹងជាសិទ្ធិរបស់ពួកគាត់តែមិនអាចបំភ្លៃការពិតបានទេ»

នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានថ្លែងកាលពីថ្ងៃម្ស៊ិលមិញថា ខ្លឹមសារនៅក្នុងកិច្ចព្រៀមទីក្រុងប៉ារីស មិនបានចែងពីចំណុចកាត់ទោសមេដឹកនាំខ្មែរក្រហមឡើយ។

លោក ហ៊ុន សែន​ ថ្លែងថា៖ «បើគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺទាល់តែដោះលែងលោក ខៀវ សំផន វិញ»

ទោះយ៉ាងណាក៏ដោយនៅថ្ងៃនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែនក៏បានអបអរសាទរទិវានេះដែរ ដោយបានផ្សាយពីប្រវត្តិនិងដំណើរដើមទងនៃការចចារបង្កើតកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ដោយបញ្ជាក់ថា ទោះបីមានកិច្ចព្រមព្រៀង សន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។

លោក ហ៊ុន សែន ក៏បានលើពីគុណសម្បត្តិនយោបាយ ឈ្នះ-ឈ្នះ របស់ខ្លួនដោយថាវាបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលពលរដ្ឋកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ ។

ទោះយ៉ាងក៏ដោយទំព័រហ្វេសប៊ុក​លោក ហ៊ុន សែន មិនបានរៀបរាប់លម្អិតពីខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលផ្តាច់ជំនួយយោធា ដែលនាំឱ្យខ្មែរក្រហមដើរដល់ទីទ័លច្រកឈានទៅចាញ់សង្គ្រាមស៊ីវិលឆ្នាំ១៩៩៨នោះឡើយ។

ស្ថាបនិកក្រុមយុវជនអនាគតកម្ពុជាអាស៊ានដែលដឹកនាំយុវជនបកស្រាយខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសតាមបណ្ដាញសង្គម លោក ស្រ៊ុន ស្រ៊ន មានប្រសាសន៍ថា ពលរដ្ឋខ្មែរមិនគួរណាតែចាំឬរំលឹកកិច្ចព្រមព្រៀងនេះទេ ប៉ុន្តែយុវជនស្រករក្រោយចាំបាច់ត្រូវចេះនិងយល់ពីខ្លឹមសារទាំងនេះទើបមានប្រយោជន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ