កម្មករជិត១ពាន់នាក់នៅក្រុងប៉ោយប៉ែតជំរុញថៅកែបើកប្រាក់ឈ្នួលឲ្យបានទៀងទាត់

កម្មកររោងចក្រMLនៅក្រុងប៉ោយប៉ែតតវ៉ានៅមុខរោងចក្រនៅថ្ងៃទី២៣ ខែតុលាឆ្នាំ២០១៩ ដើម្បីទៅថៅកែបើកប្រាក់ឈ្នួលទៀងទាត់ (រូបភាព៖ លោក ប៉ាវ ស៊ីណា)

កម្មករអះអាងថាពួកគេជិត១ពាន់នាក់បម្រើការងារនៅរោងចក្រមួយស្ថិតក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានផ្ទុះការតវ៉ាពីរថ្ងៃជាប់ៗគ្នា ដើម្បីទាមទារទៅថៅកែបើកប្រាក់ឈ្នួលជូនពួកគេឲ្យបានទៀតទាត់។

កម្មករផ្នែកដេរម្នាក់លោក វណ្ណ ចាន់លី ប្រាប់វីអូឌីថា កម្មករកម្មការនីប្រហែល៨០០នាក់បម្រើការងារនៅរោងចក្រ អឹមអិល (ML) ផលិត​ខោ​ទ្រនាប់ និង​អាវទ្រនាប់​ស្រីៗ ស្ថិតក្នុងភូមិអូរនាង ​សង្កាត់អូរជ្រៅ បានផ្ទុះការតវ៉ាទាំងអស់គ្នាតាំងពីល្ងាចថ្ងៃទី២២ និងបន្តដល់ថ្ងៃទី២៣ ខែតុលានេះទៀត ក្រោយពីគ្មានដំណោះស្រាយ ពីការទាមទារឲ្យបើកប្រាក់ឈ្នួលទៀងទាត់ ។

 លោក វណ្ណ ចាន់លី ឲ្យដឹងថា រយៈពេលកន្លះឆ្នាំហើយដែលថៅកែរោងចក្រ ML បើកប្រាក់ឈ្នួលឲ្យកម្មករមិនទៀងទាត់ ហើយបានបង្ខិតបង្ខំឲ្យកម្មករថែមម៉ោង បញ្ឈប់កម្មករ គ្មានមូលហេតុច្បាស់លាស់។លោកថាបន្ថែមពីនេះ អ្នកគ្រប់គ្រងមួយចំនួនប្រើប្រាស់ពាក្យសម្តីមិនសមរម្យទៅលើកម្មករជាដើម។

លោកបន្ថែមថា« កម្មករទាមទារឲ្យបើកប្រាក់ខែឲ្យពួកគាត់ឲ្យទៀងទាត់វិញ និងកុំឲ្យបញ្ឈប់ពួកគាត់ពេលដែលពួកគាត់ឈឺស្កាត់អត់បានទៅធ្វើការងារ»។

ប្រហាក់ប្រហែលគ្នានេះដែរ កម្មករផ្នែកដេរម្នាក់ទៀតគឺលោក ប៊ុន និច និយាយថា ករណីថៅកែបើកប្រាក់ឈ្នួលឲ្យកម្មករមិនទៀងទាត់នេះ បានធ្វើឲ្យពួកគេជួបការលំបាក ដោះស្រាយជីវភាពប្រចាំថ្ងៃ ដូចជាបង់សង់ធនាគារមិនទាន់ពេល ខ្វះលុយបង់ថ្លៃបន្ទប់ជួល និងការចំណាយផ្សេងៗក្នុងគ្រួសារជាដើម។

លោកបន្ថែមថា«ខ្ញុំសុំឲ្យភាគីពាក់ព័ន្ធជំរុញទៅថៅកែរោងចក្ររោងចក្រនេះធ្វើដូចរោងចក្រគេដទៃទៀតធ្វើការបើកលុយឲ្យកម្មករទៀងទាត់តាមច្បាប់ច្បាប់កំណត់។ សូម្បីតែប៉ះថ្ងៃបុណ្យសុំឲ្យគាត់បើកជូនកម្មករមុន កុំឲ្យគាត់លើកទៅថ្ងៃផ្សេង។ បើមិនអចឹងយើងផ្គត់ផ្គង់គ្រួសារអត់គ្រប់ ហើយណាមួយកម្មករភាគច្រើនជំពាក់លុយធនាគារ ពេលណាទៅធនាគារគេមកទារដល់ផ្ទះក៏មាន»

មន្ត្រីរដ្ឋបាលរោងចក្រ ML អ្នកស្រី កែម រ៉េន សុំមិនបកស្រាយករណីនេះទេ ដោយអ្នកស្រីថា ភាគីរោងច្រ មន្ទីរការងារខេត្តបន្ទាយមានជ័យ និងតំណាងកម្មករកំពុងតែជួបពិភាក្សារគ្នាដោះស្រាយបញ្ហានេះ។

ប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យលោក រស់ សារុំ មានប្រសាសន៍ថា ក្រោយក្រុមកម្មករផ្ទុះតវ៉ាអាជ្ញាធរពាក់ព័ន្ធបានចុះទៅសម្របសម្រួលដោះស្រាយរួចរាល់ហើយ។ លោកថា ភាគីក្រុមហ៊ុន សន្យាបើកប្រាក់ឈ្នួលជូនកម្មករឲ្យទៀងទាត់វិញ និងបើកប្រាក់ឈ្នួលឲ្យកម្មករនៅថ្ងៃនេះ។

លោក រស់ សារុំ បន្តថា ភាគីថៅកែបើកប្រាក់ឈ្នួលកម្មករមិនទៀតទាត់ដោយសារតែក្រុមហ៊ុនមានញ្ហាផ្នែកហិរញ្ញវត្ថុ ទើបមានការយឺតយាវ ក្នុងការបើកប្រាក់ឈ្នួលជូនកម្មករ។

លោកបន្ថែមថា« យើងបានរកឃើញកំហុសបច្ចេកទេសពីខាងនយោជក ដែលធ្វើឲ្យយឺតយាវហ្នឹង មិនមែនមកពីខាងផ្នែករដ្ឋ     បាល និងការគ្រប់គ្រងរបស់ក្រុមហ៊ុនទេគឺដោយសារតែបញ្ហាចរន្តគណនេយ្យរបស់ក្រុមហ៊ុនហ្នឹងមានការយឺតយ៉ាវ។ ចំណែកកម្មករគាត់ចង់បើកប្រញាប់។ ករណីទំនាស់នេះមិនមានអីធំដុំទេ ឥលូវយើងសម្របសម្រួលដោះស្រាយចប់ហើយ»

ប្រធានសហភាពចលនាកម្មករកម្ពុជាលោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា នេះមិនមែនជាលើកទី១ទេ ដែលរោងចក្រ ML បានរំលោភច្បាប់ដោយបើកប្រាក់ឈ្នួលជូនកម្មករ​មិនទៀតទាត់។ លោកថា បញ្ហានេះវាបានកើតឡើងស្ទើររាល់ខែទៅហើយ។

មេដឹកនាំសហជីពរូបនេះ ស្តីបន្ទោសថា ការបំពានសិទ្ធិកម្មករជាបន្តបន្ទាប់មកនេះ គឺដោយសារតែភាពកម្សោយរបស់មន្ត្រីអធិការកិច្ចការងារ នៃមន្ទីរការងារខេត្ត មិនបានយកចិត្តទុកពីផលលំបាករបស់កម្មករ។

លោកបន្ថែមថា«អធិការកិច្ចត្រូវតែចុះពិនិត្យមើលរោងចក្រនេះដោយតម្លាភាព។ គាត់ត្រូវចុះទៅអង្កេតរឿងហ្នឹង។ គាត់ត្រូវធ្វើការសម្ភាសន៍បងប្អូនកម្មករដោយធ្វើការជ្រើសរើសដោយខ្លួនគាត់ផ្ទាល់មិនមែនជាការរៀបចំដោយភាគីនយោជកអាហ្នឹងបានយើងរកឃើញចំណុចខុសឆ្គងរបស់ភាគីនយោជគ។ ហើយអធិការកិច្ចត្រូវធានាដល់កម្មករដែលហ៊ាននិយាយការពិតពីភាពមិនត្រឹមត្រូវរបស់ភាគីនយោជក។ អីចឹងទើបអាចធ្វើឲ្យចក្រហ្នឹងខាងមករកការអនុវត្តច្បាប់»។

បើតាមកម្មករ ការផ្ទុះការតវ៉ាទាមទារឲ្យថៅកែបើកប្រាក់ឈ្នួលបានទៀងទៀតនេះ មិនមែនជាលើកទី១ទេសម្រាប់រោងចក្រ អឹម.អិល (ML) នេះ កន្លងមក ក្រុមកម្មករធ្លាប់ផ្ទុះការវ៉ាម្តងរួមមកហើយដោយសារតែថៅកែ បើកប្រាក់ឈ្នួលជូនកម្មករមានភាពយឺតយ៉ាវនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ