លោក​ សម​ រង្ស៊ី​ អំពាវនាវ​ឱ្យ​ពលករ​នៅ​ប្រទេស​ថៃ​អមដំណើរ​ចូល​កម្ពុជា​

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (FB: លោក សម រង្សុី)

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំងនិរទេស​ខ្លួន​ លោក​ សម​ រង្ស៊ី​ អំពាវនាវ​ឱ្យ​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ​ វិល​ចូល​កម្ពុជា​នៅ​ថ្ងៃទី៩វិច្ឆិកា​ ជាមួយ​លោក​ ដោយ​ថា​ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​លើទឹក​ដី​កំណើត​របស់​ខ្លួន​ ។

តាម​វីដេអូ​ឃ្លី​ម បង្ហោះ​លើប​ណ្តាញសង្គម នា​ថ្ងៃទី២៣តុលា​នេះ​  ​លោក​ សម​ រង្ស៊ី​ អះអាង​ថា​ ការ​អំពាវ​នេះ​ ដើម្បី​ឱ្យ​ពលរដ្ឋ​មានឱកាស​កសាង​អនាគត​ថ្មី​លើទឹកដី​កំណើត​របស់​ខ្លួន​ ដូចជាការបង្កើតការ​ងារ​មាន​ប្រាក់ឈ្នួល​សមរម្យ​ ទាមទារ​ដីស្រែ​ចម្ការ​ ដែល​បាន​បាត់បង់មកវិញ​ ការពារ​ធនធាន​ធម្មជាតិ​ និង​កសាង​សង្គម​មួយ​មាន​សន្តិភាព​ពេញជា​ដើម​ ដែលលោកចោTថា បក្សកាន់អំណាច កំពុងបើកដៃឲ្យក្រុមហ៊ុនបរទេសរំលោភបំពាន។

លោក​ថា​៖«សួ​មបងប្អូន​អញ្ជើញ​មក​រួម​ដំណើរ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ទាំង​រូប​ខ្ញុំ​ផង​ដែរ​សម​ រង្ស៊ី​ យើង​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ទៅ​កសាង​ជីវិត​ថ្មី​ អនាគត​ថ្មី​ នៅ​លើទឹក​ដី​កំណើត​របស់​យើង​។យើង​នឹង​រស់នៅ​យ៉ាង​សម្បូរ​សប្បាយលើទឹក​ដី​កំណើត​របស់​យើង​ ប្រកបដោយ​សន្តិភាព​ សន្តិភាព​រាងកាយ​ សន្តិភាព​ផ្លូវចិត្ត​ គឺ​អស់​មាន​កង្វល់​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​កម្ពុជា​សព្វថ្ងៃ​ទេ​»។

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​អ្នកគាំទ្រ​ជាង៣លាន​នាក់​ប្រហាក់​ប្រហែល​នឹង​បក្ស​កាន់អំណាច​ដែរ​នោះ​ ត្រូវ​បាន​តុលាការ​កំពូល​ចេញ​សាលដីកា​រំលាយ​កាលពី​ថ្ងៃទី១៦វិច្ឆិកា​ឆ្នាំ២០១៧មុន​ការបោះឆ្នោត​ជាតិ​មក​ដល់​តាម​បណ្ដឹ​ងរ​បស់​ក្រសួងមហាផ្ទៃ​ ។

សាល​ដីការ​នេះ​ ក៏បាន​ហាម​មន្ត្រី១១៨នាក់​មិន​ឱ្យ​ធ្វើនយោបាយ​រយៈពេល៥ឆ្នាំ​ផង​ដែរ​។

លោក​សម​ រង្ស៊ី​ ក្រៅពី​ការស្វែងរក​ការ​គាំទ្រ​ពី​ពលករ​ចំណាកស្រុក​នៃ​គម្រោង​វិល​ចូល​កម្ពុជា​នេះ​ លោក​ ក៏​ធ្លាប់​អំពាវនាវ​ទៅ​កងទ័ព​ឱ្យ​គាំទ្រ​លោក​ ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ​ផង​ដែរ​។

មេ​ដឹក​នាំបក្ស​កាន់អំណាច​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ ក្នុង​រាជធា​នី​ភ្នំពេញ​ កាលពី​ម្សិលមិញ​ បាន​ផ្ញើ​សារ​ទាំង​មិន​បញ្ចេញ​ឈ្មោះថា​ កា​រកៀរ​គរ​មនុស្ស​ដើម្បី​ប្រឆាំង​លោក​នៅ​ថ្ងៃទី៩វិច្ឆិកា​អាច​នឹង​បរាជ័យ​។

លោក​ថា​៖«សង្ឃឹម​យកឈ្នះ​ ហ៊ុន​ សែន​ យ៉ាងម៉េច​បើ​វាយតម្លៃ​សភាព​ការ​ខុស​ ឥឡូវ​ឧទាហរណ៍​ថា​មនុស្ស​រាប់​លាន​នាក់​លើសលុប​ ទាហាន​លើសលុប​ រង់ចាំ​តែ​ផ្តួល​ ហ៊ុន​ សែន​ ទេ​ ។ចុះបើ​អ៊ីចឹង​មែន​ម៉ិ​ចក៏​មិន​មក​ ចាប់​បាច់​ដល់​ថ្ងៃណា​ទៀត​[ចាំ​បាច់​ដល់​ថ្ងៃទី៩វិច្ឆិកា​]»។

ក្រសួង​យុត្តិធម៌​តាមរយៈ​សេច​ក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃទី២០កញ្ញា​ចាត់ទុក​ ទង្វើ​របស់​លោក​ សម​ រង្ស៊ី​ ថា​ ជា​ទង្វើ​ខុសច្បាប់​ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​ និង​បាន​គំរាម​ថា​ អ្នកគាំទ្រ​ចលនា​នេះ​ នឹង​ជាប់ពន្ធ​នា​គារ​ពី៥ទៅ១០ឆ្នាំ​ ពី​បទ​«ឧបឃាត​ »។

មកដល់ពេលនេះ​តុលាការ​បាន​ចេញ​ដី​កា​បង្គប់​ឱ្យ​ឃុំខ្លួន​អតីត​កម្ម​ជន​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាង៥០នាក់​ហើយ​ ចោទ​ពី​បទ​« រួមគំនិតក្បត់​»។

​ពលករ​នៅ​ប្រទេស​ថៃ​មួយ​រូប​ ឱ្យ​VOD​ដឹង​ថា​ ពលករ​នៅ​ប្រទេស​ថៃ​ជាង២លាន​នាក់​ ពួកគេ​ភាគច្រើន​នឹង​វិល​ចូល​កម្ពុជា​ តាម​ការ​អំពាវនាវ​របស់​លោក​ សម​ រង្ស៊ី​ មិន​បា​រម្ម​ពី​ការ​ចាប់ខ្លួន​ ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​ទេ​។

តំណាង​ពលករ​រូប​នេះ​ អះអាង​ថា​ ការ​អមដំណើរ​លោក​ សម​ រង្ស៊ី​ ចូ​លម្ពុ​ជា​ ជា​ការជំរុញ​ឱ្យ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន​ សែន​ ស្តារប្រ​ជា​ធិប​តេយ្យ​ តប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ មិនមែន​ជា​ការ​ធ្វើ​រដ្ឋប្រហារ​ដូច​ការចោទប្រកាន់​ទេ​។

លោក​ថា​៖«រដ្ឋធម្មនុញ្ញ​របស់​យើង​មាត្រា៣៥បាន​ចែងថា​ពលរដ្ឋ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ​។ ចុះ​ហេតុ​អី​គ្រាន់តែ​យើង​ទៅ​គាំទ្រ​មនុស្ស​ដែល​យើង​ស្រឡាញ់​ទៅ​ទួល​មនុស្ស​ដែល​យើង​គាំទ្រ​ ហេតុ​អី​បាន​ជា​ហាមឃាត់​រារាំង​ រហូត​ចោទប្រកាន់​យើង​ថា​យើង​ក្បត់ជាតិ​ចង់​ធ្វើ​រដ្ឋប្រហារ​។សួរ​ថា​ រដ្ឋប្រហារ​យ៉ាងម៉េច​បើ​យើង​អត់មាន​អាវុធ​នៅក្នុង​ដៃ​ផង​ហ្នឹង​»។

អ្នកវិភាគ​នយោបាយ​លោក​ បណ្ឌិត​ ឡៅ​ ម៉ុង​ហៃ​ បង្ហាញ​ការយល់ឃើញ​ថា​ ដើមចម​នៃជ​ម្លោះ​នយោបាយ​ កើត​ចេញពី​ការ​លោភ​អំណាច​ មិន​គោរព​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ជាតិ​ ។

លោក​ថា​៖«ប្រភព​នៃជ​ម្លោះ​នឹង​គឺ​ការ​លោភ​អំណាច​និង​លោភ​ទ្រព្យសម្បត្តិ​ហ្នឹងហើយ​»។

សហភាព​អឺរ៉ុប​ បាន​ប្រើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ស្ដារប្រ​ជា​ធិប​តេយ្យ​ឡើងវិញ​ ក្នុង​នោះ​អឺរ៉ុប​បាន​ទាមទារ​ឱ្យ​ដោះលែង​ លោក​ កឹម​ សុខា​ និង​ត្រូវ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​តាម​យន្តការ​ប្រជាធិបតេយ្យ​មាន​គណបក្ស​ប្រឆាំង​ដែល​បាន​រំលាយ​ទៅ​ហើយ​នោះ​បាន​ចូលរួម​ប្រកួត​ឡើងវិញ​។

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​GMAC​ បង្ហាញ​ក្ដី​បារម្ភ​ថា​ បើ​កម្ពុជា​មិន​អាច​រក្សាទុក​EBA​ របស់​សហភាព​អឺរ៉ុប​បាន​ កម្មករ​ក្នុង​វិស័យ​កាត់ដេរ៧៥ម៉ឺន​នាក់​នឹង​ប៉ះពាល់​ដល់​ផ្ទាល់​ និង​ពលរដ្ឋខ្មែរ​ជាង៣លាន​គ្រួសារ​ផ្សេងទៀត​ប៉ះពាល់​ដោយប្រយោល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ