កឹម មនោវិទ្យា៖ ការសន្យាវិលត្រឡប់របស់លោក សម រង្ស៊ី គឺគ្រាន់តែចង់បានចំណាប់អារម្មណ៍

កញ្ញា កឹម មនោវិទ្យា (រូបភាពពីហ្វេសប៊ុកកញ្ញា កឹម មនោវិទ្យា)

កូនស្រីរបស់លោក កឹម សុខា មេបក្សប្រឆាំងដែលត្រូវបានឃុំខ្លួននិងជាអ្នកនាំពាក្យរបស់អតីតគណបក្សសង្គ្រោះជាតិ បានហៅការសន្យាវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅខែក្រោយនេះថាគ្រាន់តែជា «ការទាក់ទាញចំណាប់អារម្មណ៍របស់មហាជន​» តែប៉ុណ្ណោះ។

កញ្ញា កឹម មនោវិទ្យា អគ្គនាយករង​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិបានប្រាប់ VOD កាលពីថ្ងៃអាទិត្យថា «គ្មានផែនការពិតប្រាកដសម្រាប់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិណាម្នាក់ ដើម្បីវិលត្រឡប់មកប្រទេសកម្ពុជានៅថ្ងៃទី៩ខែវិច្ឆិកានោះទេ»។​

កញ្ញា មនោវិទ្យា បានឲ្យដឹងតាមរយៈសារជាអេឡិចត្រូនិចថា វាគ្រាន់តែជាការទាក់ទាញចំណាប់អារម្មណ៍ថ្មីមួយទៀតពីអ្នកដែលមិនបានធ្វើអ្វីសោះក្នុងរយៈពេលពីរឆ្នាំកន្លងទៅ ក្រៅ តែពីបង្កើតរឿងទាក់ទាញចំណាប់អារម្មណ៍ ដើម្បីព័ត៌មានចុះផ្សាយ។ កញ្ញាបន្តថា ពួកគេចាត់ទុកបណ្តាញព័ត៌មាននិងអ្នកគាំទ្ររបស់ខ្លួនជាមនុស្សល្ងីល្ងើម្តងហើយម្តងទៀត”។

កញ្ញា មនោវិទ្យា ដែលកំពុងរស់នៅសហរដ្ឋអាមេរិកស្ថិតក្នុងចំណោមថ្នាក់ដឹកនាំជាន់ខ្ពស់១១៨រូប របស់អតីត​គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលហាមឃាត់កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេលប្រាំឆ្នាំ។

តុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកាឆ្នាំ២០១៧  បន្ទាប់ពីលោក កឹម សុខា ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋា ភិបាលដោយមានការគាំទ្រពីអាមេរិក។ លោកបដិសេធការចោទប្រកាន់ទាំងនេះ។

ប្រាំបីខែក្រោយមក គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះការបោះឆ្នោតស្របពេលអវត្តមានគូប្រជែងខ្លាំងមួយ ដោយទទួលបានអាសនៈទាំង ១២៥ របស់សភា និងប្រែក្លាយកម្ពុជាទៅជារដ្ឋឯកបក្ស។

លោក កឹម សុខា មិនត្រូវបានអនុញ្ញាតឲ្យជួបជាមួយមន្ត្រីសង្គ្រោះជាតិផ្សេង ទៀតរួមទាំងកូនស្រីរបស់លោកគឺកញ្ញា កឹម មនោវិទ្យា ផងដែរ ហើយលោក​បន្តស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។ ក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនតាម អំពើចិត្តកាលពីឆ្នាំមុនបានហៅការឃុំខ្លួននេះថា «ធ្វើឡើងតាមអំពើចិត្ត» និងក្រោម «ហេតុផលនយោបាយ»។

កញ្ញា កឹម មនោវិទ្យា បានប្រាប់  VOD បន្ថែម​ទៀត​ថា ឆាកជីវិតនយោបាយរបស់លោក សម រង្ស៊ី ជាសហស្ថាបនិកគណបក្សសង្គ្រោះជាតិហើយដែលកំពុងនិរទេសខ្លួននោះ គឺចប់អស់ហើយ ដោយសារតែលោកខ្វះការប្តេជ្ញាចិត្ត ធ្វើការសម្រេចចិត្តភ្លាមៗបែបអត្តនោម័ត ហើយសំខាន់ជាងនេះទៅ ទៀតគឺខ្វះទស្សនៈវិស័យបែបយុទ្ធសាស្ត្រ។ កូនស្រីរបស់លោក កឹម​ សុខា​ រូបនេះ លើកឡើងទៀតថា​ទាំងនេះបានជួយឲ្យលោក ហ៊ុន សែន បញ្ចប់ឆាកជីវិតនយោបាយរបស់លោក សម រង្ស៊ី រួចទៅហើយ ក៏ដូចជា​បានជួយឲ្យលោក ហ៊ុន សែន កាន់អំណាចបន្តទៀត”។

លោក សម​ រង្ស៊ី បានរស់នៅបរទេសចាប់តាំងពីឆ្នាំ ២០១៥ ដើម្បីគេចពីការផ្តន្ទាទោសបទឧក្រិដ្ឋច្រើនករណី ដែលលោកអះអាងថា ជារឿងនយោបាយ។

លោក សម រង្ស៊ីបានប្រាប់  VOD តាមអ៊ីម៉េលកាលពីថ្ងៃច័ន្ទថា វាគ្មានតម្លៃក្នុងការឆ្លើយតបនឹងការវាយប្រហាររបស់កញ្ញា កឹម មនោវិទ្យា នោះទេ។

ក្នុងអ៊ីម៉េលបន្ទាប់មកកាន់  VOD លោក សម រង្ស៊ី បានបន្ថែមថា មិនថា អង្គការណានោះទេ រួមទាំងគណបក្សនយោបាយផងដែរ ទស្សនៈខុសគ្នាឬប្រឆាំងគ្នា អាចកើតមាន ប៉ុន្តែមានវិធានបែបប្រជាធិបតេយ្យ ដើម្បីដោះស្រាយជម្លោះផ្ទៃក្នុង។ លោក  បាននិយាយថា ទាក់ទិនគណបក្សសង្គ្រោះជាតិ ក្នុងពេលអវត្តមានប្រធាន កឹម សុខា ការសម្រេចចិត្តណាមួយគឺផ្អែកលើអនុប្រធានទាំងបីរបស់គណ បក្សនិងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង២៦រូប។

លោក សម រង្ស៊ី និយាយថា៖«រាល់ការសម្រេចចិត្តថ្មីជាយុទ្ធសាស្ត្រនេះ ត្រូវបានអនុម័តដោយអនុប្រធានពីររូប( មូ សុខហួរ និង អេង ឆៃអ៊ាង) ចំណែកអនុប្រធានទី៣ (ប៉ុល ហំម) បានប្រាប់យើងខ្ញុំថា បច្ចុប្បន្នលោកស្ថិតក្នុងប្រទេសកម្ពុជា មានន័យថា ក្រោមការគំរាមរបស់លោក ហ៊ុន សែន។ គាត់មិនអាចបញ្ចេញយោបល់របស់លោកបានទេ»។

លោក សម​ រង្ស៊ី និយាយថា សមាជិក១៥រូបក្នុងចំណោមគណៈកម្មាធិការអចិន្ត្រៃយ៍២៦រូបបានគាំទ្រការសម្រេចចិត្តជាយុទ្ធសាស្ត្រនេះដែលធ្វើឡើងនៅសហរដ្ឋអាមេរិកតាំងពីខែធ្នូឆ្នាំ២០១៨ម៉្លេះ។

លោកស្រី មូ សុខហួរ ដែលកំពុងរស់នៅបរទេសផងដែរហើយបានប្តេជ្ញាវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ខែវិច្ឆិកានោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការលើកឡើងរបស់កញ្ញា កឹម មនោវិទ្យា។

កញ្ញា មនោវិទ្យា បាននិយាយថា ការប្រកាសអំពីការសន្យាវិលត្រឡប់របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមានន័យថា លោក សម រង្ស៊ី គឺជា «មនុស្សតែម្នាក់គត់ដែលជាអ្នកសង្គ្រោះប្រទេសកម្ពុជា»។      

កញ្ញា មនោវិទ្យា បានសរសេរថា៖ «ការពិតគឺថា បើកាលណាមានគេជជែកពីបញ្ហានេះ នោះវាគឺជាជោគជ័យរបស់គាត់ ហើយវាគឺជាលទ្ធផលដែលគាត់ចង់បាន។ ដូច្នេះរាល់ពេលដែលលោកជន្លដាក់បណ្តាញព័ត៌មាននិងអ្នកគាំទ្ររបស់គាត់ជាមួយនឹងការវិលត្រឡប់របស់គាត់នោះ គោលដៅរបស់គាត់គឺចង់ឲ្យគ្រប់គ្នាជជែកអំពីរឿងនេះ  ដើម្បីឲ្យគេភ្ជាប់លោកចូលក្នុងរឿងនោះ»

លោកស្រី Katrin Travouillon ជាអ្នកស្រាវជ្រាវពីនយោបាយកម្ពុជានិងជាសាស្ត្រាចារ្យផ្នែកកិច្ចការអាស៊ីប៉ាស៊ីហ្វិកនៅសាកលវិទ្យាល័យ  Australian National University បាននិយាយថា លោកស្រីយល់ស្របនឹងការលើកឡើងនេះ។

លោកស្រី បាននិយាយថាដោយសារតែគ្មានកងទ័ពនិងគ្មានគណបក្ស នៅពេលនេះលោក សម រង្ស៊ី ពឹងផ្អែកទាំងស្រុងលើការអាណិតស្រឡាញ់ដែលជាធនធានយោបាយរបស់លោក។ លោកស្រី បន្តថា ការបង្កហេតុរបស់លោកគឺសំដៅបង្កើតកំហឹងក្នុងចំណោមមហាជនដែល​វាគឺជាយុទ្ធសាស្ត្រដ៏អន្ទះសានិងដ៏គ្រោះថ្នាក់។

សមាជិកនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង៣០នាក់ត្រូវបានឃុំខ្លួន ចាប់តាំងពីពាក់កណ្តាលខែសីហានៅពេលលោក សម រង្ស៊ី ប្រកាសថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

សមាជិកជាច្រើនត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ទាក់ទិននឹងការគាំទ្ររបស់ពួកគេចំពោះផែនការវិលត្រឡប់របស់លោក សម រង្ស៊ី។ យ៉ាងហោចណាស់មានបុរសពីរនាក់ដែលស្និទ្ធនឹងគណបក្សសង្គ្រោះជាតិ រួមមានអតីតអង្គរក្សផ្ទាល់របស់លោក សម រង្ស៊ី និងអតីតមេឃុំរបស់គណបក្សនេះរងរបួសហូរឈាមពេញខ្លួន បន្ទាប់ពីរងការវាយប្រហារពីជនមិនស្គាល់មុខទាំងកណ្តាលថ្ងៃ។

កញ្ញា មនោវិទ្យា បាននិយាយថា៖ «គួរឲ្យស្តាយ ការទាក់ទាញចំណាប់អារម្មណ៍នេះបាននាំមកនូវការចាប់ខ្លួននិងការវាយប្រហារ។ ថ្នាក់ដឹកនាំដែលលេងល្បែងដ៏គ្រោះថ្នាក់នេះ ដើម្បីទទួលបានការចាប់អារម្មណ៍នឹងមិនទទួលរងផលវិបាកនោះទេ ប៉ុន្តែអ្នកគាំទ្រសង្គ្រោះជាតិក្រីក្រនៅតាមមូលដ្ឋានទៅវិញទេដែលរងផលវិបាក»

កាលពីខែកុម្ភៈ សហភាពអឺរ៉ុបចាប់ផ្តើមដំណើរការពិនិត្យមើលការទទួលបានការអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងអាវុធហៅកាត់ថា EBA ដោយអះអាងថា មានភស្តុតាងបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារជាលក្ខណៈប្រព័ន្ធនិងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា ជាពិសេសសិទ្ធិក្នុងការចូលរួមឆាកនយោបាយព្រមទាំងសិទ្ធិសេរីភាពនៃការជួបជុំ ការសម្តែងមតិនិងសិទ្ធិសមាគមជាដើម។ លទ្ធផលនៃការពិនិត្យវាយតម្លៃនេះគ្រោងនឹងចេញនៅខែកុម្ភៈ២០២០។

អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបបានថ្លែងតាមអ៊ីម៉េលកាលពីថ្ងៃច័ន្ទថា អាជ្ញាធរកម្ពុជាត្រូវបានជូនដំណឹងឲ្យធ្វើការកែលម្អដ៏ចាំបាច់ ដើម្បីរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធ  EBA ។

លោកស្រី Travouillon បាននិយាយថា កន្លងមក លោក ហ៊ុន សែន និងរដ្ឋា ភិបាលរបស់លោក តែងតែទទួលបានជោគជ័យក្នុងការធ្វើសម្បទានតិចតួច ជាថ្នូរនឹងប្រយោជន៍ធំមកវិញក្នុងការដោះស្រាយជាមួយរដ្ឋាភិបាលនិងម្ចាស់ជំនួយបស្ចិម ប្រទេស។

លោកស្រី Travouillon បាននិយាយថា ការដោះលែងលោក កឹម សុខា ដើម្បីរក្សា  EBA ហាក់ដូចជាសាកសមនឹងយុទ្ធសាស្ត្រនេះណាស់។

កញ្ញាកឹម មនោវិទ្យា បាននិយាយថា៖« សហភាពអឺរ៉ុបបាន បញ្ជាក់យ៉ាងច្បាស់ថា ការដោះលែងលោក កឹម សុខា គឺសំខាន់ណាស់ ដូច្នេះវាអាស្រ័យលើរដ្ឋាភិបាល ក្នុងការសម្រេចចិត្តថា តើត្រូវឆ្លើយតបនឹងអនុសាសន៍របស់សហភាពអឺរ៉ុបឬយ៉ាងណា»

ប៉ុន្តែកាលពីខែមិថុនាឆ្នាំនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ជាបក្សកាន់អំណាចបានច្រានចោលការអំពាវនាវរបស់សហភាពអឺរ៉ុបឲ្យប្រទេសម្ពុជា បង្ហាញការកែលម្អពិតប្រាកដនិងគួរឲ្យទុកចិត្តបានជុំវិញបញ្ហាសិទ្ធិ​មនុស្សនិងសិទ្ធិការងារ ប្រសិនបើខ្លួនមិនចង់បាត់បង់  EBA ។

លោក សុខ ឥសាន បានប្រាប់វិទ្យុអាស៊ីសេរីជាភាសាខ្មែរថា៖«យើងមិនបានធ្វើអ្វីខុសទេ ដូច្នេះខ្ញុំគិតថា យើងមិនចាំបាច់ធ្វើអ្វីនោះទេ ដោយបានបន្ថែមថា រដ្ឋាភិបាលកំពុងកែលម្អ ដើម្បីប្រកួតប្រជែងជាមួយទីផ្សារនាំចេញសេរី[…]នៅពេលគេដក  EBA» ។

អ្នកនាំពាក្យគណបក្សប្រជាជនរូបនេះបាននិយាយថា បំណងរបស់សហភាពអឺរ៉ុបគឺបង្ខំឲ្យកម្ពុជាដោះលែងលោក កឹម សុខា និងឲ្យគណបក្សប្រឆាំងដែលស្លាប់ទៅហើយរស់ឡើងវិញ ដើម្បីឲ្យគណបក្សនេះអាច “ចូលរួមការបោះឆ្នោតនាពេលអនាគត”។

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិធ្លាប់បានអះអាងថា គោលដៅរបស់ខ្លួនគឺការដោះលែងលោក កឹម សុខា និងកិច្ចសន្ទនាពិតប្រាកដមួយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សប្រឆាំង ក៏ដូចជាការដឹកនាំចលនា “អំណាចពលរដ្ឋ” ដែលគ្មានអាវុធ ហើយដែលអាចបង្ខំឲ្យលោក ហ៊ុន សែន លាលែងពីតំណែង។

ស្របពេលលោកស្រី មូ សុខហ៊ួ បានប្រាប់  VOD កាលពីសប្តាហ៍មុនថា គ្មានការចរចាជាសម្ងាត់រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិនោះ ទាំងលោក សម រង្ស៊ីនិងកញ្ញា កឹម មនោវិទ្យា មិនបានឆ្លើយឲ្យចំទៅនឹងសំណួរអំពីថា តើមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីបក្សប្រឆាំងនៅក្រៅច្បាប់មានជជែកគ្នាអំពីលក្ខខណ្ឌនៃលទ្ធភាពដោះលែងលោក កឹម សុខា ដែលអាចជួយឲ្យកម្ពុជារក្សាកិច្ចព្រមព្រៀងអនុគ្រោះពន្ធ EBAឬយ៉ាងណានោះទេ។ 

មនោវិទ្យា បាននិយាយថា សំណួរនេះមិនត្រូវនឹងអង្គហេតុ ហើយថា គ្មានប្រយោជន៍អ្វីដែលក្រុងភ្នំពេញចរចាជាមួយគណបក្សសង្គ្រោះជាតិនោះទេ។

កញ្ញាបាននិយាយថា គ្មានហេតុផលណាមួយដែលរបបនេះចរចាជាមួយនរណាម្នាក់នៅក្នុងគណបក្សប្រឆាំងនៅពេលនេះ នោះទេ ស្របពេលដែលសហភាពអឺរ៉ុបឯណោះទេដែលជាអ្នកមានឥទ្ធិពល។

កញ្ញា មនោវិទ្យា បានបន្ថែមថា កិច្ចព្រមព្រៀង EBA គឺធ្វើឡើងរវាងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានិងសហភាពអឺរ៉ុប។

កញ្ញាថា៖ «ទោះបីជាសហភាពអឺរ៉ុបចាត់វិធាន ការណ៍អ្វីក៏ដោយ គឺផ្អែកលើឥរិយាបថរបស់របបនេះក្នុងការគោរពលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ហេតុអ្វីក៏របបនេះត្រូវដោះស្រាយជាមួយគណបក្សប្រឆាំង?»

ធនាគារពិភពលោកបានលើកឡើងថា ផលប៉ះពាល់ពីការបាត់បង់ប្រព័ន្ធអនុ គ្រោះពន្ធទៅកាន់ទីផ្សារអឺរ៉ុបអាចនឹងមានតម្លៃយ៉ាងហោចណាស់ពី ៥១៤ លានដុល្លារទៅ ៦៥៤លានដុល្លារ។ ការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះអាចនឹងធ្វើឲ្យរោងចក្រកាត់ ដេរបិទទ្វារនិងការបញ្ឈប់ពីការងារ ដែលប៉ះពាល់ដល់កម្មកររាប់ម៉ឹនាក់នៅក្នុងវិស័យនេះ។

ទាំងលោកស្រី Travouillon និងអ្នកវិភាគនយោបាយលោក អ៊ូ វីរៈ សុទ្ធតែបានអះអាងថា សម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ដែលបានសន្យាវិលត្រឡប់មកប្រទេសកម្ពុជាវិញនោះ ការត្រូវបានរារាំងនៅព្រំដែនកម្ពុជាកឺជាសេណារីយ៉ូដ៏ប្រសើរមួយ។

លោកស្រី Travouillon បាននិយាយថា៖«ប្រសិនបើពួកគេឡើងជិះយន្តហោះ ហើយអាជ្ញាធរកម្ពុជាបដិសេធមិនអនុញ្ញាតឲ្យយន្តហោះចូលចត វានឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ ហើយបង្កើតបានជារឿងរ៉ាវមួយដែលពួកគេចង់បាន។ សំណួរគឺថា តើរដ្ឋាភិបាលកម្ពុជានឹងជួយសម្រេចបំណងពួកគេចឹងមែនឬយ៉ាងណា?»។

លោក វីរៈ បានទស្សទាយថា ថ្ងៃ៩ខែវិច្ឆិកានឹងក្លាយជា «ថ្ងៃដ៏ធុញទ្រាន់»

លោក វីរៈ បាននិយាយថា ការវាយតម្លៃរបស់កញ្ញា មនោវិទ្យា អំពីភវនីយ​ភាពដ៏ស្តួចស្តើងនៃការវិលត្រឡប់របស់លោក សម រង្ស៊ី គឺត្រឹមត្រូវភាគច្រើន។

លោក វីរៈ បានឲ្យដឹងតាមអ៊ីម៉េលថា៖ «ខ្ញុំគិតថា លោក សម រង្ស៊ី នឹងមិនចូលមកប្រទេសកម្ពុជានៅថ្ងៃនោះទេ។ គាត់នឹងប្រើប្រាស់ការឃោសនាបំផ្លើស ដើម្បីបន្ថែមកម្លាំងចិត្តដល់មូលដ្ឋានគាំទ្ររបស់លោកនៅប្រទេសកូរ៉េខាងត្បូង។ ការទស្សទាយរបស់ខ្ញុំគឺថា តើគាត់នឹងស្ថិតនៅទីណារយៈមួយឬពីរសប្តាហ៍មុនថ្ងៃ៩ខែវិច្ឆិកា»

លោកបានទស្សទាយថា លោកស្រី មូ សុខហួរ ប្រហែលជាព្យាយាមចូលប្រទេសកម្ពុជាតាមព្រំដែនគោក ហើយអាចនឹងត្រូវរារាំងនៅប្រទេសថៃ ប៉ុន្តែលោកសង្ស័យថា លោក សម រង្ស៊ី ឬអនុប្រធានលោក អេង ឆៃអ៊ាង នឹងព្យាយាមធ្វើដូចគ្នាដែរ។

លោក វីរៈ បាននិយាយថា៖«សេណារីយ៉ូដ៏ទំនងបំផុតនោះ គឺថា នឹងមានភាពមិនច្បាស់លាស់ជុំវិញអ្វីដែលនឹងកើតឡើងពិតប្រាកដចំពោះឥស្សរជនទាំងនេះ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគាត់នឹងបង្ហាញមុខនៅកម្ពុជាឬជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជានោះទេ»

ទាក់ទិននឹងការរិះគន់របស់កញ្ញា មនោវិទ្យា មកលើថ្នាក់ដឹកនាំកំពូលរបស់គណបក្សខ្លួន លោក វីរៈ បាននិយាយថា ការលើកឡើងនេះគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ។ លោកនិយាយថា ទស្សនៈរបស់កញ្ញាត្រូវបានគេដឹងឮជាសាធារណៈហើយ។

លោកបន្ថែមថា៖ «អ្នកឃ្លាំមើលគណបក្សប្រឆាំងភាគច្រើននឹងកត់សម្គាល់អំពី ការវាយប្រហារគ្នាទៅវិញទៅមករវាងលោក សម រង្ស៊ីនិងក្រុមរបស់លោក កឹម សុខា។ ពួកគេប្រឆាំងគ្នាខ្លាំងក្លាដូចដែលពួកគេធ្វើជាមួយគណបក្សកាន់អំណាចដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ