លោក ហ៊ុន សែន ជំរុញទៅក្រសួងរ៉ែរកដៃគូវិនិយោគបង្កើតរោងចក្រផលិតអគ្គិសនីដោយដុតសំរាម

ប្រមុខរដ្ឋាភិបាលបានជំរុញទៅក្រសួងរ៉ែ និងថាមពលឲ្យស្វែងរកដៃគូសម្រាប់វិនិយោគបង្កើតរោងចក្រផលិតអគ្គិសនីដោយដុតសំរាម ដើម្បីជំរុញឲ្យបរិស្ថានស្អាត។

ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាពនាព្រឹកនេះ លោកនាយករដ្ឋមន្ទ្រី ហ៊ុន សែន បានលើកឡើងអំពីបញ្ហា សំរាមក្នុងទីក្រុង ដោយក្នុងនោះលោកបានស្នើទៅក្រសួងរ៉ែ និងថាមពល ធ្វើការសិក្សា និងស្វែងរកដៃសាងសង់រោងចក្រផលិតអគ្គិសនីដោយដុតសំរាម។​ លោក បន្តថា​វិធីនេះនឹង​ចូលរួមរក្សាសោភ័ណ្ឌភាពទីក្រុង និងបរិស្ថានស្អាត។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ ឲ្យដឹងថាកន្លងមកមានក្រុមហ៊ុនឯកជនជាច្រើនបានមកសិក្សាក្នុងគោលបំណងចង់វិនិយោគរោងចក្រ ផលិតអគ្គិសនីដុតដោយសំរាមនេះ ហើយថារដ្ឋាភិបាលកំពុងសិក្សាដើម្បីរៀបចំដាក់ឲ្យដេញថ្លៃ។

លោកបន្ថែមថា៖«ប្រគល់ភារៈកិច្ចជូនក្រសួងរ៉ែ និងថាមពល ដើម្បីធ្វើការសិក្សាររៀបចំលក្ខខណ្ឌសម្រាប់ឈានទៅធ្វើការដេញថ្លៃរកដៃគូរឯកជនសាងសង់ និងដំណើរការរោងចក្រអគ្គីសនីដុតនៅលីលានចាក់សំរាមរាជធានីភ្នំពេញ ដោយហាមឃាត់ការនាំចូលសំរាមពីបរទសមកប្រើប្រាស់។ នេះជាវិធានការ ក្នុងចំណោមវិធានការជាកញ្ចប់ដដៃទៀត ដើម្បីធានាសោភណ្ឌភាពប្រទសយើងក៏បង្កើតឲ្យមានបរិស្ថានស្អានជូនប្រជាពលរដ្ឋ»

វីអូឌីមិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលលោក វិចទ័រសូណា បានទេ ដោយទូរសព្ទចូលគ្មានតែអ្នកទទួល។

ប្រធានក្រុមយុវជនសំរាម លោក សាន ដារ៉ាវីដ បានសាទរចំពោះរដ្ឋាភិបាលដែលគ្រោងបង្កើតឲ្យមានរោងចក្រផលិតអគ្គិសនីនេះ ដោយលោកសង្ឃឹមថា គម្រោងនេះនឹងជួយឲ្យជួយបរិស្ថានស្អាត ហើយពលរដ្ឋទទួលមានអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់។

ប៉ុន្តែយ៉ាងលោកថា ដើម្បីគ្រប់គ្រង និងទុកដាក់សំរាមឲ្យប្រសិទ្ធភាពនោះលុះត្រាតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ហើយរដ្ឋាភិបាលត្រូវចាត់វិធានការតឹងរ៉ឹងដោយបង្កើតច្បាប់ផាកពិន័យ។

លោក មានប្រសាសន៍ថា៖«ការដុតសំរាមទៅជាអគ្គិសនីហ្នឹងខ្ញុំគិតថា វាជាការល្អមួយដោយសារអគ្គិសនីនៅប្រទេសកម្ពុជា។យើងហ្នឹងវាថ្លៃបើយើងប្រៀបធៀបជាមួយប្រទេសជិតខាង។ ម៉្យាងទៀតខ្ញុំគិតថា វាជារឿងថ្មីមួយដែលអាចធ្វើឲ្យប្រជាជនយើងចេះបែងចែកសំរាមថា សំរាមណាខ្លះដែលអាចដុតបាន និងសំរាមណាខ្លះដែលយកទៅធ្វើជាជី និងច្នៃ​ជាអ្វីផ្សេងៗបាន»

របាយការណ៍​របស់​មូលិនិធិ​អាល្លឺម៉ង់ Konrad Adenauer Stiftung (KAS) ចេញ​ផ្សាយកាលពីខែកញ្ញា ឆ្នាំ២០១៩ ​នេះ​បាន​ឲ្យដឹង​ថា ​ប្រទេស​កម្ពុជា​ទាំង​មូលបង្កើត​កាក​​សំ​ណល់​​​សំរាម​ជាង១ម៉ឺន​​តោនជារៀងរាល់ថ្ងៃ ឬ​ជាង៣​លាន៦​សែន​តោន​​ក្នុងមួយឆ្នាំ ដែល​ក្នុង​នោះ​ជាង​៩០ភាគរយ​មិន​ត្រូវ​បាន​យក​ទៅ​កែច្នៃ​វិញ​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ