អតីតសមាជិកបក្សសង្គ្រោះជាតិ៥៧នាក់ ត្រូវបានចាប់ខ្លួនគិតត្រឹម​ចុងខែតុលានេះ

រូបថតសកម្មជននិងមន្ត្រីបក្សប្រឆាំងដែលត្រូវសមត្ថកិច្ចចាប់ខ្លួននាពេលកន្លងមក(រូបថតពីហ្វេសប៊ុកអ្នកស្រីមួរសុខហួរ) បង្ហោះថ្ងៃទី២៨ខែតុលាឆ្នាំ២០១៩

អតីតសមាជិក​គណបក្សសង្គ្រោះជាតិចំនួន​៥៧នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនគិតត្រឹមល្ងាចថ្ងៃទី២៨តុលាឆ្នាំ២០១៩។

អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ អ្នកស្រី មួរ សុខហួរ បានចងក្រងតារាងសកម្មជននិងមន្ត្រីមូលដ្ឋានរបស់បក្សប្រឆាំងដែលត្រូវបានចាប់ខ្លួន បង្ហោះតាមហ្វេសប៊ុកហើយមនុស្ស​ដែល​​​ត្រូវ​សមត្ថកិច្ចចាប់ខ្លួន ចំនួន៥៧នាក់ក្នុងនោះមានស្ត្រីចំនួន៦នាក់។

តាមរយៈទូរទស្សន៍ព្រះអាទិត្យអ្នកស្រី មួរ សុខហួរ  បានថ្លែងទៅកាន់អ្នកគាំទ្រខ្លួនថា ក្រុមមេដឹកនាំគណបក្សប្រឆាំងបានប្ដឹងទៅអន្តរជាតិ ជុំវិញសំណុំរឿងចាប់ខ្លួននេះហើយ។ អ្នកស្រីថែមទាំងប្តេជ្ញាចិត្តថា នឹងចូលមកប្រទេសកម្ពុជានៅថ្ងៃទី០៩វិច្ឆកា ជាកំណត់ផង។

អ្នកស្រី មួរ សុខហួរ មានប្រសាសន៍ ៖  «បងប្អូនជាសកម្មជនសកម្មនារី នៃគណបក្សសង្គ្រោះជាតិ​ដែលកំពុង​រងគ្រោះដោយភាពអយុត្តិធម៌ ដែលកំពុងជាប់នៅពន្ធនាគារបងប្អូនហ្នឹងហើយជាវីរៈជនវីរៈនារី​គណបក្សសង្គ្រោះ​ជាតិនឹងមិនបំភ្លេចនូវវីរៈភាព មិនបំភ្លេចនូវការគ្រោះថ្នាក់និង​ជីវិតដ៏លំបាក​របស់បងប្អូនទេ។ យើងនឹងធានាថាមិនទុករឿងហ្នឹងចោលទេ រឿងហ្នឹងយើងប្ដឹងនៅអន្តរជាតិ​ហើយ យើងបញ្ជូនមេធាវីជួយបងប្អូនហើយ។

ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា អាជ្ញាធរនឹងនៅតែបន្ដ​​អនុវត្តន៍​ច្បាប់ចំពោះអ្នកដែលចូលរួមក្នុងចលនាថ្ងៃ០៩វិច្ឆិកា​របស់លោក​សមរង្ស៊ី។ ប៉ុន្តែ​បើ​អ្នកណាចូលមកសារភាព នោះនឹងត្រូវបន្ធូរបន្ថយទោស ។

ជិន ម៉ាលីន លើកឡើងថា​៖ «មិនតិចជាង១០ទេដែលចូលមកសារភាព អ្នកសារភាពខ្លះបានចូល​សារភាព​មុន​ការចោទប្រកាន់បានចូលរួមសារភាពសហការណ៍ជាមួយនឹងសមត្ថកិច្ចគឺច្បាប់គឺផ្តល់ការ​អនុ​គ្រោះដោយមិនចោទប្រកាន់អីទេ។ ហើយមានមួយក្រុមទៀត បានសហការណ៍​ជាមួយ​សមត្ថ​កិច្ចក្រោយពេលចោទប្រកាន់ អាហ្នឹងក៏ច្បាប់​ផ្តល់ការអនុគ្រោះដែរ គឺផ្តល់ស្ថាន​សម្រាល​ឱ្យ​នៅ​ក្រៅឃុំ ប៉ុន្តែជាក់លាក់ប៉ុន្មាននោះមិនច្បាស់ទេតែមិនតិចជាង១០ទេ។

ទាក់ទងនឹងការចាប់ខ្លួន អតីតសមាជិកបក្សប្រឆាំងនេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បាន​ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីសប្ដាហ៍មុនថា ចលនារបស់លោក​សមរង្ស៊ីជាចលនា​ឧទ្ទាមហើយលោកប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ រៀបចំទ័ព​ចាត់​​វិធានការចំពោះរឿងនេះ។

អ្នកឃ្លាំមើលបញ្ហានយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការចាប់ខ្លួន​សកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់ជុំវិញសំណុំរឿងពាក់ព័ន្ធនឹងនយោបាយ បានធ្វើឱ្យពលរដ្ឋ​បាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

លោកឡៅ ម៉ុងហៃ មានប្រសាសន៍ថា៖ «វិធានការបែបនេះគឺមានការរំលោភសិទ្ធិមនុស្ស ដែលត្រូវបានធានា​ដោយ​​រដ្ឋធនុញ្ញរបស់កម្ពុជា ។ វាជាវិធានការដែលគេចាប់ប្រជាពលរដ្ឋ​នៅក្នុងសង្គម​កុម្មុនីស​ផ្តាច់ការ​ឬមូលធនផ្ដាច់ការ គឺដូចជាបាត់បង់ការទុកចិត្តចំពោះប្រជាជន​ហើយប្រជាជន​ក៏លែងទុក​ចិត្តវិញ​ដែរ»។

ក្រៅពីការចាប់ខ្លួន មនុស្សប្រមាណជាង១រយនាក់ផ្សេងទៀត​ក៏ស្ថិតក្នុងបញ្ជីតាមរក​ចាប់ខ្លួន​របស់តុលាការទូទាំងប្រទេសដែរក្នុងបទល្មើសរួមគំនិតក្បត់។ មនុស្សទាំងនោះបានរត់គេច​ខ្លួនចេញពីប្រទេសកំណើតទៅរស់នៅបរទេស។

សមាជិកសភាស៊ុយអែត៦រូប មកពីគណបក្សសង្គម​ប្រជាធិបតេយ្យចេញសេចក្តីថ្លែងការណ៍មួយកាលថ្ងៃទី១៦តុលា ដោយស្នើទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យអនុវត្តអនុសាសន៍អ្នករាយការណ៍ពិសេស UN ប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត ដែលបានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN លើកទី៤២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែមុន។

សេចក្តីថ្លែងការណ៍ដដែល ក៏ទាមទារឱ្យរដ្ឋាភិបាលផ្តល់សិទ្ធិធ្វើនយោបាយដល់មន្រ្តីជាន់ខ្ពស់អតីតបក្សសង្គ្រោះជាតិ១១៨រូប គោ​រពសិទ្ធិធ្វើមាតុភូមិនិវត្តន៍របស់មេដឹកនាំអតីតបក្សនេះ៧រូប ដែលកំពុងរស់នៅនិរទេសខ្លួន ស្តារលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសេរីភាពបញ្ចេញមតិក្នុងប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ