សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បង្កើត «គណៈកម្មាធិការកម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន» ហៅកាត់ថា «ស៊ីម៉ា» ដោយថាដើម្បីជួយលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ឲ្យស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) លោក ហ៊ុយ វណ្ណៈ មានប្រសាសន៍ថា ក្រុមការងាររបស់លោក បានសម្រេចបង្កើត «គណៈកម្មាធិការកម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន» ហៅកាត់ថា «ស៊ីម៉ា» នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។ លោកបន្តថា គណៈកម្មការថ្មីនេះ នឹងចាប់ដំណើរការនៅដើមឆ្នាំ២០២០។
លោក ហ៊ុយ វណ្ណៈ បញ្ជាក់ថា «គណៈកម្មាធិការកម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន» នេះ មានសារៈសំខាន់ ក្នុងការជួយប្រមូលព័ត៌មានអំពីបញ្ហាប្រឈមនានា និងអនុសាសន៍ គ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើជាសេចក្តីថ្លែងការណ៍រួមក្នុងមួយឆ្នាំម្តង ដើម្បីបញ្ជូនទៅក្រសួងព័ត៌មានជួយរកដំណោះស្រាយ ឲ្យស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
លោកមានប្រសាសន៍ថា៖ «របាយការណ៍នេះមានលក្ខណៈជាវិទ្យាសាស្ត្រ ផ្នែកស្រាវជ្រាវសុទ្ធ ហើយយើងនិងណូតគ្រប់ ឧទារហណ៍បណ្តឹងទៅផ្នែកណាមួយក៏មានដែរ។ គេសរសេរខុស គេសុំកែ ក៏មានគូស១ ២ ៣ ៤ និង៥ដែរ កាសែតនេះ គេសុំកែប៉ុន្មានដង។ ប៉ុន្តែរបាយការណ៍យើងមិនមែនសរសេរដើម្បីក្រសួង សរសេរដើម្បីអន្តរជាតិ ប៉ុន្តែយើងសរសេរដើម្បីទាំងអស់ ប្រទេសកម្ពុជា និងបរទេសគាត់អាចមើលបាន»។
លោក ហ៊ុយ វណ្ណៈ មានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះ សមាជិកដែលចូលរួមក្នុងគណៈកម្មាធិការ កម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន មិនតិចជាង១៥០នាក់នោះទេ។ ប៉ុន្តែលោកអំពាវនាវទៅអ្នកសារព័ត៌មាន ប្រធានអង្គភាព ប្រធានសមាគម និងគ្រូបង្រៀនផ្នែកសារព័ត៌មានចូលរួម ចំណាយពេលវេលា ចំណេះដឹងទាំងអស់គ្នា ដើម្បីជួយឲ្យវិស័យសារព័ត៌មាននៅកម្ពុជាកាន់តែមានភាពរីកចំរើននៅថ្ងៃអនាគត។
វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានទេនៅរសៀលថ្ងៃនេះ។
ប្រធានសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ម៉ៃ ទិត្យថារ៉ា មានប្រសាសន៍គាំទ្រនឹងការបង្កើត «គណៈកម្មាធិការកម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន» នៅកម្ពុជា។ ប៉ុន្តែលោកបង្ហាញការព្រួញបារម្ភ ជុំវិញគុណភាពនៃរបាយការណ៍នោះ បើសិនជាមិនមានការសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ។
លោក លើកឡើងបែបនេះថា៖ «បើសិនជាមានការចូលរួមពីគ្រប់បជ្ឈដ្ឋានទាំងអស់ហើយ ហើយរបាយការណ៍សរសេរទៅតាមគ្រប់មជ្ឈដ្ឋានទាំងអស់លើកឡើង ខ្ញុំគិតថា គួរតែយកមកប្រើប្រាស់ ហើយអ្នកប្រើប្រាស់គេនឹងគិតថា វាល្អកម្រិតណា។ ហើយប្រសិនជាយើងស៊ើបអង្កេតមួយដោយមិនគ្រប់ជ្រុងជ្រោយ ហើយយើងចេញរបាយការណ៍មួយដោយមិនមានការវាយតម្លៃពីគណៈកម្មាធិការផ្សេងៗ វាអាចនៅមានបញ្ហា»។
របាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៩ បានចាត់ថ្នាក់ប្រទេសកម្ពុជាក្នុងលំដាប់លេខ១៤៣ លើ១៨០ ដែលបង្ហាញថា សេរីសារព័ត៌មាននៅក្នុងប្រទេសនេះស្ទើរតែគ្មានសេរីភាពទាល់តែសោះ នឹងបានធ្លាក់ចុះជាបន្តបន្ទាប់ពី១៤២ នៅឆ្នាំ២០១៨ និង១៣៧ ក្នុងឆ្នាំ២០១៧៕