ជនពិការម្នាក់ដែលគាំទ្រអតីត​បក្សប្រឆាំងនៅសៀមរាបត្រូវផ្តន្ទាទោស១ឆ្នាំកន្លះពីបទញុះញង់ឱ្យមានការរើសអើង

លោក ធុន យុទ្ធ អង្គុយលក់​វត្ថុអនុស្សាវរីយ៍នៅក្បែរទីសក្ការៈព្រះអង្គចេក ព្រះអង្គចម នាខេត្តសៀម​រាបដែល​បង្ហោះលើ​បណ្ដាញសង្គមហ្វេសប៊ុក​កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។ (រូបភាព៖ហ្វេសប៊ុក​)​

អតីតសកម្មជនគណបក្សសង្គ្រោះជាតិខេត្តសៀមរាប ជាជនពិការប្រកបរបរលក់វត្ថុអនុស្សាវរីយ៍ ត្រូវបានតុលាសាលាដំបូងខេត្ត ប្រកាសសាលក្រមនាថ្ងៃនេះ សម្រេចឱ្យជាប់ទោស១ឆ្នាំ៦ខែ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោក ធុន យុទ្ធ វ័យ៣៦ឆ្នាំ ជាជនពិការមួយរូបប្រកបរបរជាអ្នកលក់វត្ថុអនុស្សាវរីយ៍ នាខេត្តសៀមរាប ដោយអង្គុយលើរទេះរុញ ព្រោះពិការជើងទាំងពីរ ត្រូវសមត្ថកិច្ចខេត្តសៀមរាបចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែកក្កដា នៅផ្ទះជួលរបស់ខ្លួន ក្រោយវត្តកេសារារាម ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយចោទលោកថា បានប្រព្រឹត្តសកម្មភាពញុះញង់នាំឱ្យមានការរើងអើង និងជេរប្រមាថ។ ភស្ថុតាងដែលតុលាការយកមកដាក់បន្ទុកលោក គឺសុទ្ធសឹងដកស្រង់ចេញពីគណនេយ្យFacebookផ្ទាល់ខ្លួនរបស់លោក ដែលមានឈ្មោះថា «ខ្ញុំចង់បាននាយករដ្ឋមន្ត្រីថ្មី» មានសំណេរជាអក្សរ។ លោក បាន​ចែករំលែកអត្ថបទរិះគន់ពីរបៀបនៃការដឹកនាំរបស់រដ្ឋាភិបាលនាពេលបច្ចុប្បន្នពីមិត្តនៅក្នុងបណ្តាញទំនាក់ទំនងសង្គម(Facebook) ចែករំលែកវីដេអូ និងថតវីដេរអូនិយាយអំពីបញ្ហាមួយចំនួនកើតមាននៅក្នុងសង្គម ដូចជាការដកប្រព័ន្ធអនុគ្រោះពន្ធEBAរបស់សហភាពអឺរ៉ុបជាដើម។

លោកមេធាវី សំទិត្យ សីហា បានបញ្ជាក់ថា កាលពីព្រឹកមិញនេះលោកចៅក្រម សេង សុវណ្ណារតន៍ បានប្រកាសសាលក្រមសម្រេចសេចក្តីឱ្យកូនក្តីរបស់លោកជាប់ពន្ធនាគារ១ឆ្នាំ ៦ខែ តាមក្រមព្រហ្មទណ្ឌ ក្រោមបទចោទចំនួនពីរ គឺញុះញង់ឱ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ។ លោកមេធាវីបន្តថា លោកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួយជ្រោមជ្រែងកូនក្តីរបស់ខ្លួនប្តឹងទៅឧទ្ធរណ៍បន្តទៀត តាមការចង់បានរបស់ជនជាប់ចោទ និងជំហរចង់រកយុត្តិធម៌របស់ភរិយាជនរងគ្រោះ។

លោកមេធាវី សំទិត្យ សីហា បានរៀបរាប់ថា៖​ «អ្វីដែលខ្ញុំសង្ឃឹម គឺសង្ឃឹមថាសាលាឧទ្ធរណ៍នឹងពិនិត្យឱ្យបានដិតដល់មែនទែនទាក់ទងនឹងសំណុំរឿងនេះ។ ជាពិសេសក៏ស្នើរសុំផងដែរចំពោះស្ថប័នណាដែលធ្វើការទាក់ទងនឹងបញ្ហាជនពិការរួមគ្នាជួយធ្វើអន្តរាគមន៍យ៉ាងណាដើម្បីឱ្យគាត់បានរួចផុតពីការចោទ រឺអនុញ្ញាតឱ្យគាត់បាននៅក្រៅឃុំ ព្រោះថាគាត់ពិការពិបាករស់នៅហើយ ត្រូវជាប់ឃុំទៀតគាត់នឹងពិបាកកាន់តែខ្លាំង»។

ប្រពន្ធលោក ធុន យុទ្ធ គឺអ្នកស្រី មុំ វិត បានរៀបរាប់ទាំងសំឡេងអួលដើមកថា អ្នកស្រីមានអារម្មណ៍តក់ស្លុតខ្លាំងក្រោយពីបានស្តាប់ឮការសម្រេចសេចក្តីរបស់តុលាការខេត្តសៀមរាប។ អ្នកស្រីថា ការសម្រេចសេចក្តីនេះមិនបានផ្តល់យុត្តិធម៌ដល់ប្តីរបស់អ្នកស្រីឡើយ ព្រោះគាត់ជាជនពិការជើងទាំងពីរពីកំណើត មិនអាចទៅចូលរួមធ្វើសកម្មភាពអ្វីប្រឆាំងនឹងរដ្ឋាភិបាលឡើយ ហើយអ្វីដែលគាត់សរសេរ និងនិយាយ គឺរិះគន់ក្នុងនាមជាពលរដ្ឋធម្មតាម្នាក់ប៉ុណ្ណោះ។ អ្នកស្រីបញ្ជាក់ថា អ្នកស្រីនឹងប្តឹងទៅឧទ្ធរណ៍បន្តទៀត ដើម្បីរកយុត្តិធម៌ ទាមឱ្យប្តីបាននៅក្រៅឃុំរស់ជុំគ្រួសារវិញ។

អ្នកស្រី មុំ វិត បានបញ្ជាក់ថា៖ «ខ្ញុំនឹងប្តីសុទ្ធជាកូនកំព្រាដូចគ្នា គ្មានញាតិឯណាទេ។ បាត់ប្តីទៅ ខ្ញុំវាអត់មានថវិការចំណូលចិញ្ចឹមកូន ខ្វះខាតលុយកូនរៀន អត់លុយធ្វើដំណើរទៅមើលប្តី និយាយទៅវាពិបាកវេទនាណាស់បង។ កាលមុនទីពឹងប្តី ឥលូវប្តីជាប់គុកចឹង ទីពឹងខ្លួនឯងរស់នៅពីរនាក់កូន។ ឥលូវខ្ញុំនិយាយអីលែងចង់ចេញហ្មង គាត់ជាប់គុកយូរថ្ងៃចឹងពេក មិនដឹងនិយាយថាម៉េច?»។

ការសម្រេចសេចក្តីរបស់តុលាការខេត្តសៀមរាបទាក់ទងនឹងសំណុំរឿងរបស់លោក ធុន យុទ្ធ នាថ្ងៃនេះធ្វើឡើងក្រោយសាលាដំបូងខេត្តសៀមរាបបានបើកសាវនាការកាលពីថ្ងៃទី០៣ ខែតុលាកន្លងមក ហើយកំណត់ថ្ងៃប្រកាសសាលក្រមសម្រេចសេចក្តីត្រឹមថ្ងៃទី៣០ ខែសីហា ហើយក៏ត្រូវលើកពេលអូសបន្លាយប្រកាសលាលក្រមនាថ្ងៃទី៣១ ខែតុលានេះវិញ។ គិតចាប់តាំងពីថ្ងៃចាប់ខ្លួនដំបូងនាថ្ងៃទី១៨ ខែកក្កដា រហូតពេលនេះ លោក ធុន យុទ្ធបានជាប់ពន្ធនាគារចំនួន៣ខែ ១៣ថ្ងៃ នៃទោស១ឆ្នាំ ៦ខែ ដែលសម្រចសេចក្តីដោយតុលាការខេត្តសៀមរាបហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ