កងកម្លាំង​ប្រដាប់​អាវុធនៅខេត្តជាប់ព្រំដែន​ថៃចំនួន២ ផ្តើមហាត់សម​

កងកម្លាំងទាំង៣ប្រភេទរួមមាន កងរាជអាវុធហតខេត្ត្ថ កងទ័ព និងនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បើកការហ្វឹកហាត់រួមគ្នា ក្នុងគោលបំណងបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត។ រូបភាព៖ ហ្វេសប៊ុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

កម្លាំងប្រដាប់អាវុធនៅខេត្ត២ជាប់ព្រំដែនថៃផ្ដើមហាត់សមនៅថ្ងៃនេះ ដោយថា ដើម្បី​រក្សា​សន្តិសុខ និងសណ្តាប់ធ្នាប់​ ខណៈថ្ងៃកំណត់ចូលស្រុករបស់​លោក សម រង្ស៊ី ជិតមកចូល​មកដល់។

ទំព័របណ្ដាញសង្គមរបស់កងកម្លាំងប្រដាប់អាវុធ ខេត្តបន្ទាយមានជ័យ និងបាត់ដំបង បាន​ផ្សាយ​ជា​សាធារណៈនូវសកម្មភាពហ្វឹកហាត់របស់កងកម្លាំងនៅខេត្តជាប់ព្រំដែនថៃ​ទាំង​ពីរនេះ។ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តទាំងពីរបានដង្ហែរក្បួន បង្ហាញកាំភ្លើងខ្លីវែង អាវុធ​ធុនមធ្យម រថ​ពាសដែក រថក្រោះ និងកាំភ្លើងផ្លោងមួយចំនួនផង។

សេចក្តីប្រកាសព័ត៌មាន​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យដែល​ចេញ​កាលពីម្សិលមិញ បញ្ជាក់ថា ការហាត់សមនេះជាការត្រៀម​ដើម្បី​​រក្សា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​។

តំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន បានផ្សាយថា មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករង ឧត្តមសេនីយត្រី ជឹម ប៊ុនអាន បានដឹកនាំកម្លាំងហ្វឹក​ហាត់​រួមគ្នា​ជា​មួយ​កងកម្លាំងមកពីអាវុធហត្ថខេត្តបន្ទាយមានជ័យ ​និងកងកម្លាំងស្នងការ​នគរ​បាល​ខេត្ត។ លំ​ហាត់​សមនេះ ដឹកនាំដោយអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបដិសេធមិនធ្វើអត្ថាធិប្បាយ​ចំពោះ​លំហាត់​សមនេះទេ។

លោក អ៊ុំ រាត្រី៖ «សុំទោសណា ខ្ញុំអត់មានពេលនិយាយទេ ខ្ញុំជាប់ប្រជុំ»។

ចំណែកឯស្នងការនគរបាលខេត្តបាត់ដំបង ក៏បានរៀបចំហ្វឹកហាត់កម្លាំងនគរបាល​អន្តរាគមន៍នៅទូទាំងខេត្តដែរ។ ប្រភពពីស្នងការបញ្ជាក់ថា យ៉ាងហោចណាស់មានកម្លាំងចម្រុះរួមមានទា​ហាន កងរាជអាវុធហត្ថ សរុប​ជាង​៤០០នាក់ ហែរក្បួន និងស្ដា​ប់ការណែនាំរបស់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង។

ស្នងការនគរបាលខេត្តបាត់ដំបង បានផ្សាយតាមរយៈផេកហ្វេសប៊ុកខ្លួនថា៖ « កងកម្លាំងប្រដាប់អាវុធមានភារកិច្ចការពាររដ្ឋធម្មនុញ្ញ​ ការពារជាតិ​ សាសានា​ ព្រះមហាក្សត្រ។ ក្នុងពេលដែលកងកម្លាំងប្រដាប់អាវុធចេញដំណើរក្នុងភូមិសាស្រ្តក្រុងបាត់ដំបង​ ត្រូវបានមន្ត្រីរាជការ​ មហាជន​ ប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ ចេញមកទទួលអបអរសាទរ​ ព្រមទាំងបានផ្តល់នូវគ្រឿងឧបភោគ​ បរិភោគ​ បន្លែ​ ត្រីសាច់ទឹកបរិសុទ្ធជូនដល់កងកម្លាំងយើងផងដែរ។

ទោះជាយ៉ាងណាក្ដី ពលរដ្ឋក្រុងបាត់ដំបងថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឱ្យដឹងថា កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្តបាត់ដំបងនេះ បានរៀបចំហែរក្បួនសម្ញែងនៅក្នុងក្រុងតាមផ្លូវសំខាន់ៗមួយចំនួន  តាមសួនច្បារនាគបាញ់ទឹក សួនច្បារជុំវិញស្ទឹងសង្កែ។

ប្រជាពលរដ្ឋម្នាក់ពីបាត់ដំបងនិយាយថា៖ «តាមពិតគឺមានក្រុងរៀបចំឱ្យមានអ្នកហុចស្បៀងអាហារម្ហូបចំណីជូនកងកម្លាំងទាំងនោះ។ អ្នកដែលចូលរួមហុចម្ហូបចំណីបាយទឹកទាំងនោះ ជាក្រុមយុវជនសហព័ន្ធសហភាពយុវជនកម្ពុជាមន្ត្រីរាជការស៊ីវិលជុំវិញខេត្ត ព្រមទាំងសិស្សានុសិស្ស» ។

អភិបាលខេត្តបាត់ដំបង​ លោក ងួន រតនៈ មិនឆ្លើយតបនឹងសំណួរជុំវិញប្រតិបត្តិការនេះទេ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍​ថា ការប្រមូលផ្ដុំកម្លាំងទ័ព និងបង្ហាញសាច់ដុំកងទ័ពនៅខេត្តទាំងពីរនេះ គឺជាសញ្ញាមួយ​ដែល​នាំឱ្យប្រជាពលរដ្ឋព្រួយបារម្ភ។

លោក ស៊ឹង សែនករុណា និយាយថា៖ «គឺយើងចង់ឱ្យមានការរកដំណោះស្រាយណាមួយដោយសន្តិវិធី ដោយមិនចាំបាច់ប្រើកម្លាំទ័ព ឬកម្លាំងប្រជាពលរដ្ឋបែបនេះ វាមានហានិភ័យណាស់សម្រាប់​ប្រទេសជាតិយើង។ យើងសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាសម្របសម្រួល​ឱ្យស្ថានភាពតានតឹងនេះឱ្យធូរស្រាលវិញ»។

អ្នកឃ្លាំមើលបញ្ហានយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រ​សាសន៍​ថា ការត្រៀមកម្លាំង​ប្រដាប់អាវុធទាំងនេះ ហាក់ដូចជាត្រៀមធ្វើសង្គ្រាមជាជាង​ត្រៀមរក្សាសន្តិសុខ។

លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា៖ «គឺសម្តេចតេជោជាមេបញ្ជាការកងទ័ព បញ្ជាអ៊ីចឹងទប់ទល់ការវិលត្រឡប់​របស់ សម រង្ស៊ី ដោយចោទថា សម រង្ស៊ី ចង់ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល និងព្រះមហាក្សត្រ ដូច្នេះ វាជាសឹកសង្គ្រាមតែមិនប្រាកាសថាធ្វើសង្គ្រាមទេ»។

ទាក់ទងនឹងការរៀបចំសណ្ដាប់ធ្នាប់នេះ ​ក្រសួងមហាផ្ទៃបានចេញសេចក្ដីជូនដំណឹង​មួយ​កាល​ពីថ្ងៃទី៣០ ខែតុលា ដោយបញ្ជាឱ្យគណៈបញ្ជាការឯកភាពរាជធានីខេត្តទាំងអស់ ពង្រឹងនូវការត្រួតពិនិត្យ និងតាមដានមុខសញ្ញានានារឹតបន្តឹងការចរាចរណ៍​ចេញចូលរបស់​ពលរដ្ឋពីតំបន់មួយទៅតំបន់មួយ ពិសេសចាត់វិធានការចំពោះចលនាប៉ុនប៉ង​វិលមកប្រទេស​វិញ​របស់លោក សម រង្ស៊ី ដែលរដ្ឋាភិបាលចោទថា ជាចលនាឧទ្ទាមក្រៅច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ