សមត្ថកិច្ចជំនាញសន្និដ្ឋានថា ស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលបាត់ខ្លួននៅកោះរ៉ុង កាលពីចុងខែតុលា បានស្លាប់ដោយសារលង់ទឹក។
ស្ត្រីជាជនជាតិអង់គ្លេសដែលមានឈ្មោះ Amelia Bambridge ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះប្រទះឃើញសាកសពអណ្តែតលើផ្ទៃសមុទ្រ កាលពីម្សិលមិញ ស្ថិតនៅត្រង់ចំណុចកោះឆ្លាមក្បែរព្រំដែនសមុទ្រកម្ពុជា-ថៃ។
ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ លោក មួង សុធា ប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រុមការងាររបស់លោកបានត្រួតពិនិត្យ និងធ្វើកោសលវិច័យសព ជាមួយមន្ត្រីស្ថានទូតអង់គ្លេស មន្ត្រីជំនាញវះកាត់ និងឪពុកម្តាយជនរងគ្រោះ។ ក្រោយពីធ្វើកោសលវិច័យហើយ សមត្ថកិច្ចជំនាញរកឃើញថា សពស្ត្រីជនជាតិអង់គ្លេសនោះ ស្លាប់ដោយសារលង់ទឹក គឺមិនពាក់ព័ន្ធនឹងរឿងព្រហ្មទណ្ឌនោះទេ។
លោកមានប្រសាសន៍ថា៖ «គ្រួសារជនរងគ្រោះ គាត់បានឯកភាព បានបញ្ចប់នៅម៉ោង១១.៤៥នាទី ព្រឹកមិញនេះ អត់មានឃើញរឿងព្រហ្មទណ្ឌកើតឡើងទេ។ មូលហេតុស្លាប់ ដោយសារលង់ទឹក យើងបានធ្វើការវះកាត់គ្រប់កន្លែងហើយ សាកសពនេះប្រហែលយកមកបូជានៅភ្នំពេញ បានប្រគល់ឲ្យគាត់ និងខាងកុងស៊ុល ហើយឪពុកម្តាយរបស់គាត់ទទួលស្គាល់លទ្ធផលនៃការស៊ើបអង្កេតរបស់យើងហើយ»។
រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ស្ត្រីជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ បានចេញពីក្រុងព្រះសីហនុទៅកោះរ៉ុង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ហើយទៅដល់កោះរ៉ុងនៅម៉ោង៦ល្ងាច។ មុនបាត់ខ្លួន ជនរងគ្រោះរូបនេះបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨:១៥នាទីយប់ ថ្ងៃខែឆ្នាំដដែលក្នុងគោលបំណងទេសចរណ៍។
អភិបាលក្រុងកោះរ៉ុង លោក នួន ប៊ុនថុល បានប្រាប់វីអូឌី ថា នារីឈ្មោះ Amelia Bambridge បានបាត់ខ្លួនចាប់តាំងពីវេលាម៉ោង ៣ទៀបភ្លឺ ព្រឹកថ្ងៃទី២៤ ខែតុលា បន្ទាប់ពីគាត់បានជួបជុំរីករាយជាមួយមិត្តភក្តិរបស់គាត់ជាជនជាតិបរទេសនៅឯរមណីយដ្ឋានមួយស្ថិតនៅភូមិកោះតូច នៅលើកោះរ៉ុងនេះ៕