លោក​ ហោ​ ណាំ​ បូរ៉ា​ រារាំង​លោកស្រី​ មូរ​ សុខ​ហួរ​ មិន​ឱ្យ​ធ្វើសន្និសីទ​នៅ​ឥណ្ឌូ​នេ​ស៊ី​មិនបាន​សម្រេច​

ឯកអគ្គ​រាជទូត​ខ្មែរ​ប្រចាំប្រទេស​ឥណ្ឌូ​នេ​ស៊ី​ លោក​ ហោ​ ណាំ​ប៉ូ​រា​ បានរារាំង​លោកស្រី​មិន​ឱ្យ​ធ្វើសន្និសីទ​សារព័ត៌មាន​ ពី​បំណង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់ដឹកនាំបក្សនេះ​មក​កម្ពុជា​។ រូបភាព៖ ផ្ដល់ឱ្យ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោកស្រី​ មូរ​ សុខ​ហួរ​ អះអាង​ថា​ ឯកអគ្គ​រាជទូត​ខ្មែរ​ប្រចាំប្រទេស​ឥណ្ឌូ​នេ​ស៊ី​ លោក​ ហោ​ ណាំ​ប៉ូ​រា​ បាន​បរាជ័យ​ក្នុង​ការ​ចូល​ទៅ​រារាំង​លោកស្រី​មិន​ឱ្យ​ធ្វើសន្និសីទ​សារព័ត៌មាន​ ពី​បំណង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់ដឹកនាំបក្សនេះ​មក​កម្ពុជា​។

អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​និរទេស​ខ្លួន​ គឺ​លោកស្រី​ មូរ​ សុខ​ហួរ​ ប្រាប់​ VOD​ តាម​បណ្តា​ញសង្គម ​WhatsApp​ ថា​ នៅ​ថ្ងៃពុធ​នេះ​ លោកស្រី​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើសន្និសីទ​សារព័ត៌មាន​មួយ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដើម្បី​ប្រាប់​ទៅ​អ្នកកាសែត​អន្តរជាតិ​ពី​គោលបំណង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ថ្នាក់ដឹកនាំ​មកកាន់​កម្ពុជា​ ។

លោកស្រី​ មូរ​ សុខ​ហួរ​ បន្ត​ថា​ ពេល​កំពុង​ធ្វើសន្និសីទ​ លោក​ ហោ​ ណាំ​បូរ៉ា​ បាន​ចូល​ទៅ​ទាញ​ក្បាល​ម៉េ​ក្រូ​​មិន​ឱ្យ​លោកស្រី​ថ្លែង​សារ​ទៅកាន់​អ្នកសារព័ត៌មាន​ទេ​ ដោយ​ថា​ លោកស្រី​ជា​ទណ្ឌិត​ដែល​អាជ្ញាធរ​ខ្មែរ​កំពុង​ត្រៀម​ចាប់ខ្លួន​។

លោកស្រី​ មូរ​ សុខ​ហួរ​ បន្ត​ទៀត​ថា​ ក្រៅពី​រារាំង​មិន​ឱ្យ​ធ្វើសន្និសីទ​ ឯកអគ្គ​រាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​រូប​នេះ​ បា​នប​ណ្ដេញលោកស្រី​ឱ្យ​ត្រឡប់ទៅ​អាមេរិក​វិញ​ ដោយ​ថា ​លោកស្រី​មាន​សញ្ជាតិ​អាមេរិក​។

បើ​តាម​លោកស្រី​ មូរ​ សុខ​ហួរ​ អាជ្ញា​ធរ​ឥណ្ឌូ​នេ​ស៊ី​ មិនបាន​ធ្វើតាម​សំណើ​របស់​លោក​ ហោ​ ណាំ​បូរ៉ា​ ទេ​ តែ​ឱ្យ​លោកស្រី​បាន​ធ្វើសន្និសីទ​រហូត​ចប់​សព្វគ្រប់​ពី​បំណង​​នៃ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​នេះ​។ តែ​លោក​ ហោ​ ណាំ​ បូរ៉ា​ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នៅ​អង្គុយ​ស្ដា​ប់​ និង​បាន​ឡើង​ប្រតិកម្ម​តប​ពេល​លោកស្រី​ថ្លែង​ចប់​។ លោកស្រី​ថា​៖

«ដល់​ចុងក្រោយ​ទៅ​ គាត់ ​[ ហោ​ ណាំ​បូរ៉ា​ ] បដិសេធ​អ្វី​ដែល​ខ្ញុំ​និយាយ​ ដូចដែល​ខ្ញុំ​និយាយ​ថា​ ពួក​យើង​ត្រឡប់ទៅវិញ​ដើម្បី​រក​សន្តិភាព​រក​លទ្ធិប្រជាធិបតេយ្យ​ តែ​គាត់​ថា​ ពួក​ខ្ញុំ​ទៅ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​»។

បើ​តាម​លោកស្រី​ មូរ​ សុខ​ហួរ​ ការ​ហាម​ពួកគាត់​ មិន​ឱ្យចូល​ប្រទេសកំណើត​របស់​ខ្លួន​ ជា​ការបំពាន​រដ្ឋធម្មនុញ្ញ​។

រដ្ឋធម្មនុញ្ញ​មាត្រា៣៣​ ចែងថា ​« ពលរដ្ឋខ្មែរ​ មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ​ និរទេស​ ឬចាប់​បញ្ជូន​ទៅ​ឱ្យ​ប្រទេសក្រៅ​ណាមួយ​ឡើយ​ លើកលែងតែ​មាន​កិច្ច​ព្រមព្រៀង​ជាមួយគ្នា​ទៅវិញទៅមក​»

VOD​ មិន​អាច​សុំ​ការ​ពន្យល់​ពី​ឯកអគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ លោក​ ហោ​ ណាំ​បូរ៉ា​ បានទេ​ ប៉ុន្តែ​ បើ​តាម​លិខិត​ផ្ញើ​ទៅកាន់​ប្រធាន​អង្គការ​ដែល​បាន​រៀបចំ​ឱ្យមាន​សន្និសីទ​នេះ ​លោក​ ហោ​ ណាំ​បូរ៉ា​ ចាត់ទុកថា​ ការ​ផ្តល់​ឱកាស​ឱ្យទណ្ឌិត​ដែល​តុលាការ​កម្ពុជា​កំពុង​ស្វែងរក​ចាប់ខ្លួន​ថា​ ជា​រឿង​មិន​ត្រូ​មត្រូវ​ ។

អ្នកវិភាគ​នយោបាយ​ លោក​ ឯម​ សុវណ្ណ​រ៉ា​ ពន្យល់​ថា​ ជា​ការអនុវត្ត​គោលនយោបាយ​ការទូត​ ភាគី​កម្ពុជា​មិន​អាច​ចូល​ទៅ​រារាំង​សកម្មភាព​ណាមួយ​លើទឹក​ដី​ឥណ្ឌូ​នេ​ស៊ី​ ក្រៅពី​ដែនដី​នៅក្នុង​ស្ថានទូត​របស់​ខ្លួន​បានទេ​។លោក​ថា​៖

«កម្ពុជា​អាច​ធ្វើ​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរ​ទេស​ឥណ្ឌូ​នេ​ស៊ី​ទៅ​ ហើយ​ឥណ្ឌូ​នេ​ស៊ី​គេ​អាច​មាន​វិធានការ​ ឬគ្មាន​វិធានការ​អាស្រ័យ​លើ​ឥណ្ឌូ​នេ​ស៊ី​ជា​ម្ចាស់ផ្ទះ​ហ្នឹង​ធ្វើការ​សម្រេច​ខ្លួនឯង​ ហើយ​កាលណា​យើង​ទៅ​អន្តរាគមន៍​ផ្ទាល់​ បានន័យ​ថា​ ហាក់ដូចជា​យើង​ជា​អាជ្ញាធរ​មានសមត្ថកិច្ច​»។

គម្រោង​វិលត្រឡប់​មក​កម្ពុជា​វិញ​ របស់​អតីត​ក្រុម​មេ​ដឹក​នាំបក្ស​ប្រឆាំង​នេះ​ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាសមិន​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ី​វិល​ទាំងអស់​ដឹកនាំ​ពួកគេ​ចូលចុះ​ចត​លើទឹក​ដី​កម្ពុជា​ទេ​ ដោយ​ព្រមាន​ពី​បទ​«រួមគំនិតក្បត់​»

ជាង​នេះ​ទៅទៀត​ ខេត្ត​មួយចំនួន​ជាប់​ព្រំដែន​ថៃ​ មាន​ខេត្តបាត់ដំបង​ បន្ទាយមានជ័យ​ និង​ឧត្តមា​នជ័យ​ ជាដើម​ ត្រូវ​បាន​គេដាក់​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ​ឈរជើង​តាម​ច្រក​របៀន និង​ច្រក​អន្តរជាតិ​ ក្រោម​បទបញ្ជា​ទប់ស្កាត់​ក្រុម​ផ្តួល​រំលំ​រដ្ឋាភិបាល​ ដែល​ថា​ដឹកនាំ​ដោយ​លោក​ សម​ រង្ស៊ី​។

ទោះជាយ៉ាងណា​ អ្នក​ជំនា​ញសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ​លោកស្រី​ រ៉ូ​ណា​ ស្មី​ត ​កាលពី​ខែកញ្ញា​ ​បាន​អំពាវនាវ​តាម​សេច​ក្ដី​ថ្លែងការណ៍​ ឱ្យ​អ្នកនយោបាយ​ខ្មែរ​ផ្តោត​លើ​ការ​ជជែកគ្នា​ដោយ​ការស្ថាបនា​ ដើម្បី​ធានា​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ដោយ​លើកឡើង​ថា​ សំឡេងឆ្នោត​ចំនួន​ ៤២ភាគរយ​នៃ​ចំនួន​ប្រជាជន​បោះឆ្នោត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្នាក់​ឃុំ​-សង្កាត់​ នៅតែ​ត្រូវ​បាន​បដិសេធ​ចោល​ មិនទាន់​ដោះស្រាយ​នៅឡើយ​។

 ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ