លោក ហ៊ុន សែន ជំរុញឱ្យចិនពន្លឿនការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ​លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យចិនពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីឱ្យបានឆាប់ ដើ​ម្បី​ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។  

យោងតាមការថ្លែងឱ្យដឹងពីរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ការជំរុញនេះធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង កាលពីថ្ងៃអាទិត្យ អំឡុងកិច្ចប្រជុំអាស៊ានលើកទី៣៥ នាទីក្រុងបា​ង​​កក ប្រទេសថៃ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី​ លោក កៅ គឹមហួន បានថ្លែងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃម្សិលមិញ ដោយស្រង់សម្តីលោក ហ៊ុន សែនថា៖

«សម្តេចក៏បានស្នើធ្វើយ៉ាងណាឱ្យចិននៅតែបន្តវិនិយោគ ជាពិសេសក្នុងការជំរុញការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុនេះ ហើយក៏បានស្នើដែរគឺធ្វើយ៉ាងណាជំរុញឱ្យយើងបង្កើនតំបន់សេដ្ឋកិច្ច គេហៅថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិននាពេលខាងមុខនេះឱ្យបានឆាប់»។

ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺជាការបើកចំហសេដ្ឋកិច្ចកម្ពុជាសម្រាប់ប្រទេសចិន ដែលនឹងជំរុញកំណើននៃការនាំចេញ-នាំចូលទំ​និញរវាងប្រទេស​ទាំងពីរ។ លោក គី សេរីវឌ្ឍន៍ ៖

«ធម្មតានៅក្នុងប្រទេសមួយៗគេត្រូវបើកឱ្យមានការបើកចំហនៃសេដ្ឋកិច្ច។ ចឹងការបើកចំហសេដ្ឋកិច្ចគឺការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ដើម្បីឱ្យទំនិញ ឬក៏ការចរាចរនាំចេញនាំចូលនៃទំនិញហ្នឹងឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀតកាន់តែច្រើន។ ចឹងកាលណាកម្ពុជាចុះកិច្ចព្រមព្រៀងកាន់តែច្រើនជាមួយប្រទេសដទៃៗ មានន័យថា កម្ពុជាបានបើកច្រកសម្រាប់នាំចេញនូវផលិតផលរបស់ខ្លួន ហើយនិងនាំចូលផលិតផលពីបរទេសមកកម្ពុជាវិញ»។  

ប្រធានសហព័ន្ធសហគ្រាសខ្នាតតូច និងមធ្យមកម្ពុជា លោក តែ តាំងប៉ លើកឡើងថា ការជំរុញឱ្យមានលំហូរពាណិជ្ជកម្មសេរីជាមួយប្រទេសចិន នឹងជួយដល់ការនាំចេញ និងនាំចូលរបស់សហគ្រាសខ្នាតតូច និងមធ្យម (SME) នៅកម្ពុជា ប៉ុន្តែ លោកបារម្ភលើបញ្ហា​ប្រកួតប្រជែងតម្លៃទំនិញ។លោក តែ តាំងប៉ ៖

«វិស័យ​ SMEs អាច​មាន​ផល​ចំណេញ​ច្រើន​ដែរ ព្រោះ​​ថា ​ទំនិញ​វត្ថុ​ធាតុ​ដើម គ្រឿង​ម៉ាស៊ីននាំ​ចូល​ពី​ប្រទេស​ចិន​មាន​តំលៃ​ថោក យើង​យក​មក​ពង្រីក​អាជីវកម្ម​បាន​ឆាប់​រហ័ស។ មួយ​វិញ​ទៀត ​ទំនិញ​របស់ ​SMEs ក៏​នឹង​អាច​នាំ​ចេញ​ទៅកាន់ប្រទេស​ចិន​បាន​ស្រួល​ផង​ដែរ ព្រោះ​ថា​ របាំង​បច្ចេកទេស ​(Technical Barrier) ចំពោះ​ទំនិញ​កែ​ច្នៃ​រួច​ វា​មាន​ភាព​ងាយ​ស្រួល​នាំ​ចេញ​ជាងវត្ថុ​ធាតុ​ដើម​ពី​កសិកម្ម។ តែ​អ្វី​ជា​ការ​ព្រួយ​បារម្ភ​នោះ លំហូ​រទំនិញ​ពី​ប្រទេស​ចិន​អាច​ធ្វើ​ឱ្យ​ផលិត​ផល​ក្នុង​ស្រុក​ពិបាក​ប្រកួត​ប្រជែង​ផង​ដែរ ដោយ​សារ​តែ​​ផលិត​ផល​របស់​គេ​ថោក​ជាង​យើង​ច្រើន»។

សាស្រ្តាចារ្យរងផ្នែកការទូត និងកិច្ចការពិភព លោក លោក​ អៀ សុផល យល់ឃើញថា ការជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ជាជំហានថ្មីមួយទៀតនៃការពង្រឹងទំនាក់ទំនងរបស់កម្ពុជាជាមួយមហាអំណាចសេដ្ឋកិច្ចលំ​ដាប់ទី២របស់ពិភពលោក។ លោក អៀ សុផល ៖

«ពាណិជ្ជកម្មសេរីកម្ពុជា-ចិន មានន័យថា ប្រទេសទាំ​ងពីរនឹងអាចនាំទំនិញចេញ និងចូលទៅវិញទៅមកបានដោយមិនជាប់កាតព្វកិច្ចពន្ធ។ ដូច្នេះ ទំនិ​ញផ្សេងៗរបស់ចិននឹងហូរចូ​លមកកម្ពុជាកាន់តែច្រើន រាប់ទាំងទំនិញខុសច្បាប់។ លើសពីនេះ ក្រុមហ៊ុន Union Development Group និងគម្រោងវិនិយោ​គដទៃ នឹងពឹងផ្អែកទំនិញនាំចូលពីប្រទេសចិន។ ទំនិញទាំងនោះ អាចនឹងមិនជាប់កាតព្វកិច្ចពន្ធ»

យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម កម្ពុជានាំទំនិញទៅចិនមានទំហំទឹកប្រាក់ចំនួន ៧៥៦លានដុល្លារ ឯចិនវិញនាំទំនិញចូលកម្ពុជាមានទំហំទឹកប្រាក់ចំនួន ៥ ៥៥៣លានដុល្លារ នេះគិតត្រឹមរយៈពេល៩ខែដំបូងឆ្នាំ២០១៩។ ដោយឡែក នៅឆ្នាំ២០១៨ ការនាំចេញរបស់កម្ពុជាទៅចិនមាន ៨៦៤លានដុល្លារ កើនពី ៧៥៣លានដុល្លារ នៅឆ្នាំ២០១៧ ឯចិនវិញនាំចូលមកកម្ពុជាបានចំនួន ៦ ១៤៤ពាន់លានដុល្លារ កើនពី៥ ២៨៧ ពាន់លានដុល្លារនៅឆ្នាំមុន។  

ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ចិន​កាល​ពី​ខែមករា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​ថា រូប​លោកផ្ទាល់ និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិនភីង បានប្ដេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​ដល់​ចំនួន ១០​ពាន់​លាន​ដុល្លារ​ នៅ​ត្រឹម​ឆ្នាំ​២០២៣​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ