បទយកការណ៍៖ ជនជាតិដើមភាគតិចមកពីបណ្តាខេត្តមួយចំនួនបារម្ភពីការបាត់បង់អត្តសញ្ញាណដើមរបស់ខ្លួន

សំលៀកបំពាក់ជនជាតិដើម​ភាគតិច​មកពីខេត្តរតនៈគិរី​ដាក់បង្ហាញ​ក្នុងវេទិកាស្បៀងអាហារពិភពលោក ដែលរៀបចំឡើងដោយក្រុមស្រ្តីជនជាតិដើមភាគតិច ​នៅរាជធានៅភ្នំពេញ។ ថត នៅថ្ងៃទី ២៩ តុលា ២០១៩ (សូត សុខប្រាថ្នា)

ក្រុមជនជាតិដើមភាគតិច ត្រូវបានគេមើលឃើញថា ភាគច្រើនរស់នៅតំបន់ព្រៃភ្នំ ឬតំបន់ខ្ពង់រាបប្រទេសកម្ពុជា។ បណ្តាខេត្តដែលមាននៅមានជនជាតិដើមភាគតិចរស់នៅច្រើនជាងគេ មានដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ ខេត្តព្រះវិហារ និងខេត្តមួយចំនួនទៀត។

ពួកគេរស់នៅប្រមូលផ្តុំគ្នាជាក្រុមៗ ឬទៅរស់ទៅតាមអំបូររបស់ពួកគេ។ បច្ចុប្បន្នជនជាតិភាគតិចទាំងនោះក៏បានរស់នៅលាយឡំនឹងជនជាតិខ្មែរកណ្តាល ប៉ុន្តែ គេនៅអាចសម្គាល់អត្តសញ្ញាណដើម​របស់ពួកគាត់បានខ្លះៗ តាមរយៈភាសា ប្រពៃណី ទំនៀមទម្លាប់ របស់របរប្រើប្រាស់មួយចំនួនផង។

ផលិតផលឬ សម្ភារៈប្រើប្រាស់របស់​ក្រុមជនជាតិភាគ​តិចកួយ មកពីខេត្តព្រះវិហារ ​ដែលដាក់បង្ហាញ​ក្នុងវេទិកាស្បៀងអាហារពិភពលោក ដែលរៀបចំឡើងដោយក្រុមបណ្តាញស្ត្រីជនជាតិភាគតិច ​នៅរាជធានីភ្នំពេញ​កាលពីថ្ងៃទី ៣០ តុលា ២០១៩។ រូបភាព៖ សូត សុខប្រាថ្នា

យ៉ាងនេះក្តី ជនជាតិដើមភាគតិចមួយចំនួនបានបង្ហាញក្តីបារម្ភថា អត្តសញ្ញាណដើមរបស់ពួកគាត់ក៏ចេះតែបាត់បង់ពីមួយជំនាន់ទៅមួយជំនាន់ ពិសេសការបាត់បង់ដីធ្លី ឬដីព្រៃសមូហភាព ដែលជាកត្តាសំខាន់មួយ​ធ្វើឱ្យអត្តសញ្ញាណរបស់ពួកគាត់ត្រូវបានបាត់បង់ផងដែរ។

មានវ័យជាង៦០ឆ្នាំ ជាជនជាតិដើមភាគតិចកួយ មកពីសហគមន៍ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អ្នកស្រី ទេព ទឹម មានប្រសាសន៍ថា ការបាត់បង់ដីធ្លី ព្រៃឈើ គឺបានធ្វើឱ្យអត្តសញ្ញាណដើមរបស់ពួកគាត់ត្រូវបាត់បង់ ហើយបញ្ហាសន្តិសុខស្បៀងអាហារក៏កាន់តែប្រឈមដូចគ្នាដែរ។ អ្នកស្រីមានប្រសាសន៍ថា

«យើងមានជំនឿថា កាលណាបើរដ្ឋាភិបាល ឬសាធារណជនទាំងអស់​បាន​ដឹង​ឮ​ពីទុក្ខកង្វល់​របស់ជនជាតិដើមភាគតិច ពួកគាត់នឹងអាចជួយផ្សព្វផ្សាយ ឬគាំទ្រដល់ជនជាតិ​ភាគ​តិច ដោយធ្វើយ៉ាងណា​មានសុវត្ថិភាពរឿងដីធ្លី ដើម្បីការពារវប្បធម៌ ប្រពៃណីរបស់ជនជាតិដើមភាគតិច»។

ជនជាតិដើមភាគតិច អះអាងថា ដីធ្លី ព្រៃឈើ ជាប្រភពរក្សាអត្តសញ្ញាណរបស់ពួកគាត់មួយផ្នែក ដូចជាការរក្សាបាននូវប្រពៃណីធ្វើចម្ការវិលជុំ ប្រពៃណីរកផលអនុផលព្រៃឈើដូចជា រកឃ្មុំ បាចវល្លិ៍ ដងជ័រទឹក ផ្តៅ បរបាញ់សត្វ រកបន្លែបង្ការនានា។ វប្បធម៌សែនព្រេនដីចម្ការ ភូមិករ ឬអារុក្ខអារក្សអ្នកតារក្សាព្រៃព្រឹក្សា វប្បធម៌កប់សពដូនតា ជាដើម។

ក្រៅពីអត្តសញ្ញាណទាំងនេះ ពលរដ្ឋជនជាតិដើមភាគតិចដែលសម្គាល់បានថាជាក្រុមជនជាតិនេះ ឬជនជាតិនោះគឺសម្គាល់លើភាសាប្រើប្រាស់ របាំ និងសម្លៀកបំពាក់ប្រពៃណី ម្ហូបអាហារប្រពៃណី និងសម្ភារប្រើប្រាស់តាមជនជាតិនីមួយៗ។

មានវ័យជាង៥០ឆ្នាំ អ្នកស្រី ប៉ាវ ម៉ាច ដែលជាជនជាតិដើមភាគតិចទំពួនមកពីខេត្តរតនគិរី​ មានប្រសាសន៍ថា​​ប្រពៃណីវប្បធម៌ ដែលជាអត្តសញ្ញាណរបស់ពួកគាត់ពីដើមមក ​ចេះតែរសាត់ឆ្ងាយពីក្មេងជំនាន់ក្រោយប្រាកដមែន ដែលធ្វើឱ្យអ្នកស្រីកាន់តែព្រួយបារម្ភខ្លាចបាត់បង់។

អ្នកស្រីបន្តថា មូលហេតុនេះហើយបានជាអ្នកស្រីចេះតែខិតខំបង្ហាត់បង្រៀនក្មេងៗជំនាន់ក្រោយឱ្យចេះត្បាញក្រណាត់ ឬជាសម្លៀកបំពាក់ ឬសម្ភារប្រើប្រាស់ ដើម្បីជាគ្រឿងសម្គាល់អត្តសញ្ញាណជនជាតិរបស់ខ្លួនផង ម្យ៉ាងដើម្បីលក់ដូរគ្រាន់បានកម្រៃចិញ្ចឹមជីវិតផងដែរ។ អ្នកស្រីបន្ថែមថា

អ្នកស្រី ប៉ាវ ម៉ាច ជាជនជាតិដើម​ភាគតិច​ទំពួន​មកពីខេត្តរតនៈគិរី
អ្នកស្រី ប៉ាវ ម៉ាច ជាជនជាតិដើម​ភាគតិច​ទំពួន​មកពីខេត្តរតនៈគិរី ដាក់តាំងបង្ហាញ​ផលិតផលជាសំលៀកបំពាក់ជនជាតិដើមភាគតិចដែលត្បាយដោយក្រុមអ្នកស្រី ​ក្នុងវេទិកាស្តីពីស្បៀងអាហារពិភពលោក ដែលរៀបចំឡើងដោយក្រុមស្ត្រីជនជាតិដើមភាគតិច នៅរាជធានីភ្នំពេញ​កាលពីថ្ងៃទី ៣០ តុលា ២០១៩។ រូបភាព៖ សូត សុខប្រាថ្នា

«ព្រោះអីជនជាតិដើមភាគតិច​ទំពួន​របស់ពួកខ្ញុំ​ធ្លាប់​ត្បាញ​ ដោយទី១​ ត្បាញ​សម្រាប់​ប្រើ។ ទីពីរ​ ត្បាញ​សម្រាប់​លក់​គ្រាន់​រកថវិកាតិចតួចដើម្បីចិញ្ចឹមជីវិត។ ម្យ៉ាង​ដើម្បី​ការពារ​អត្តសញ្ញាណ​ជនជាតិ​ដើមភាគតិច កុំឱ្យក្មេងជំនាន់​ក្រោយ​ភ្លេចនូវ​វប្បធម៌ ប្រពៃណី​​ជនជាតិទំពួន ដែលជាអត្តសញ្ញាណសំខាន់»។

ជាកូនជនជាតិដើមភាគតិចក្រឹងកាត់ទំពួន មកពីខេត្តរតនគិរី ដោយស្លៀកសំលៀកបំពាក់ជាជនជាតិដើមភាគតិចផង យុវតី សេសាន្ត កុលាប រៀបរាប់ថា បច្ចុប្បន្ន​នាងបានរៀនចេះត្បាញសំលៀកបំពាក់ កន្សែងជនជាតិដើមភាគតិច ហើយប្តេជ្ញាថានឹងរៀនចំណេះជំនាញផ្សេងទៀត ដើម្បីជាការរួមចំណែកដល់ការរក្សាប្រពៃណី វប្បធម៌របស់ខ្លួនទៅមុខបន្តទៀត។ យុវតី កូលាប បន្តថា

យុវតី សេសាន្ត​កុលាប ជា​ជនជាតិដើមភាគតិចក្រឹង កាត់ទំពួន មកពីខេត្តរតនៈគិរី
យុវតី សេសាន្ត​កុលាប ជា​ជនជាតិដើមភាគតិចក្រឹង កាត់ទំពួន មកពីខេត្តរតនៈគិរី កំពុងអង្គុយលក់ផលិតផលិតជាអត្តសញ្ញាណជនជាតិដើមភាគតិច ដែលក្រុមខ្លួនបានផលិត នៅរាជធានីភ្នំពេញ ក្នុងវេទិកាស្តីពីស្បៀងអាហារពិភពលោក កាលពីថ្ងៃទី ៣០ តុលា ២០១៩។ រូបភាព៖ សូត សុខប្រាថ្នា

«គឺដោយសារតែយើងមិន​ចង់​ឱ្យ​ទំនៀមទម្លាប់​ប្រពៃណី​របស់​យើង​ត្រូវ​បាន​បាត់បង់​ ហើយ​ចង់ឱ្យ​វាគង់វង្ស​។ ណាមួយ​យើង​ជាជនជាតិ​ដើម​ភាគតិច​ បើថាយើងមិនរក្សា (ប្រពៃណី វប្បធម៌) ដោយខ្លួនឯង គឺគ្មាននរណាគេមកជួយរក្សាជំនួសយើងទេ»។

ថ្លែងក្នុងវេទិកា​ស្បៀងអាហារពិភពលោក ដែលរៀបចំឡើងដោយក្រុមស្ត្រីជនជាតិដើមភាគតិចកាលពីថ្ងៃទី ២៩ ខែតុលា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឯក ប៊ុនថា បានលើកឡើងថា ក្រសួងកន្លងមកក៏បានរៀបចំវេទិកា​ជួយ​ឱ្យជនជាតិដើមភាគតិចមានឱកាសបង្ហាញនូវអ្វីដែលជាអត្តសញ្ញាណរបស់ពួកគេដែរ។

ជាមួយគ្នានេះ លោកលើកទឹកចិត្តឱ្យក្រុមជនជាតិដើមហ៊ានតវ៉ាការពារនូវអ្វីដែលខ្លួនមាន ចេះសាមគ្គីគ្នា និងបណ្តុះគំនិតថែរក្សាអត្តសញ្ញាណប្រពៃណីរបស់ខ្លួនសម្រាប់មនុស្សជំនាន់ក្រោយ ដូចជាការបង្កើតជាកូនសារមន្ទីរវប្បធម៌នៅតាមសហគមន៍របស់ពួកគាត់ជាដើម។​លោកមានប្រសាសន៍ថា

«ទោះបីជានៅសហគមន៍របស់យើងហ្នឹង​មាន​ដីតូចក៏ដោយ យើងមានសហគមន៍ល្អ ព្យាយាម​រួមគ្នាធ្វើអ្វីមួយឱ្យបានបង្ហាញគេ។ ខ្ញុំមិនអាចទៅបង្ហាញ​ថា​ ត្រូវធ្វើអី្វនោះទេ តែខ្ញុំឧទាហរណ៍ កូនសារមន្ទីរតូចមួយ កូនផ្ទះតូចមួយដែលមានអ្វីទាំងអស់ ដើម្បីដាក់បង្ហាញគេឱ្យឃើញ ​»។

ប្រធានកម្មវិធីនៃអង្គការជនជាតិដើមភាគតិចកម្ពុជា និងជាជនដើមភាគតិចព្នង មកពីខេត្តមណ្ឌលគិរីផង លោក ភាព សុជា មានប្រសាសន៍ថា អត្តសញ្ញាណដើមរបស់ពួកគាត់បានបាត់បង់​បណ្តើរៗ ដូចជា ការប្រកបមុខរបរចិញ្ចឹមជីវិតលក្ខណៈប្រពៃណីដោយពឹងផ្អែកលើផលអនុផលធនធានធម្មជាតិ ឬការធ្វើចម្ការវិលជុំ។

ការបាត់បង់អត្តសញ្ញាណជាវប្បធម៌ ពិសេសភាសា ដែលជារឿងសំខាន់ត្បិតក្មេងជំនាន់ក្រោយពុំសូវនិយាយភាសាដើមច្រើន ឬខ្មាស់អៀនក្នុងការនិយាយជាសាធារណៈ ព្រមទាំងការប្រើប្រាស់សម្ភារ ឬសម្លៀកបំពាក់​សម័យទំនើបជំនួសឱ្យការប្រើប្រាស់សម្ភារ និងសម្លៀកបំពាក់បុរាណរបស់ក្រុមជនជាតិដើមភាគតិចនីមួយៗ។

យ៉ាងនេះក្តី លោក សុជា ថាខាងលោកនឹងបន្តជំរុញឱ្យមានការថែរក្សាអត្តសញ្ញាណដើម​របស់ជនជាតិ​ដើមភាគតិច ពិសេសតាមរយៈការផ្សព្វផ្សាយ អប់រំ និងចងក្រងជាឯកសារ ជាដើម។ លោកមានប្រសាសន៍ថា

ប្រធានកម្មវិធីអង្គការ​ជនជាតិ​ដើមភាគ​តិច​កម្ពុជា លោក ភាព សុជា
ប្រធានកម្មវិធីអង្គការ​ជនជាតិ​ដើមភាគ​តិច​កម្ពុជា លោក ភាព សុជា ​និងជាជនជាតិព្នង​មកពីខេត្ត មណ្ឌលគិរី ផ្តល់បទសម្ភាសន៍ជាមួយវីអូឌី ជុំវិញការព្រួយបារម្ភនៅពេលអត្តសញ្ញាណដើមរបស់ពួក​គាត់ចេះតែបាត់បង់។ នៅថ្ងៃទី ៣០តុលា ២០១៩ (រូបភាព៖ សូត សុខប្រាថ្នា)

«សម្រាប់អង្គការ​ជនជាតិ​ដើមភាគតិច​ ក៏ដូចជាអង្គការដៃគូ​ ខ្ញុំគិតថា ដូចអ្វីដែលយើងអាចធ្វើបាន គឺតាមរយៈការចងក្រង។ ចងក្រងភាសា ចងក្រងប្រវត្តិរបស់ពួកគាត់ឡើងវិញ ហើយព្យាយាមផ្សព្វផ្សាយ​ឱ្យពួកគាត់​មានមោទនភាពជាមួយ​ខ្លួនឯង​ ជាមួយវប្បធម៌ ជាមួយប្រពៃណី​។ យើងធ្វើនេះតាមរយៈការប្រារព្ធទិវាជនជាតិដើម​ភាគតិច​ជារៀងរាល់ឆ្នាំ ដោយណែនាំឱ្យពួកគាត់ធ្វើគ្រប់ភូមិគ្រប់អីហ្នឹង ​ដើម្បីឱ្យពួកគាត់មានស្មារតីភ្ញាក់រលឹក »។

លោក ភាព សុជា ស្នើឱ្យពលរដ្ឋទូទៅមិនត្រូវមានការរើសអើងដល់ក្រុមជនជាតិដើមភាគតិច ហើយលោកស្នើឱ្យស្ថាប័នជំនាញ និងអង្គការដៃគូបន្តលើកកម្ពស់វប្បធម៌ ប្រពៃណី ដែលជាអត្តសញ្ញាណរបស់ពួកគាត់ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

អង្គការទិន្នន័យអំពីការអភិវឌ្ឍកម្ពុជា កាលពីដើមឆ្នាំ២០១៧ បង្ហាញថា ជនជាតិដើមភាគតិចនៅកម្ពុជាមានចំនួន២៤ក្រុម ឬ២៤អំបូរ នៅខេត្តចំនួន១៥ ក្នុងនោះ ខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ មានចំនួនជនជាតិដើមភាគតិចរស់នៅច្រើនជាងគេ។

នាយកប្រតិបត្តិអង្គការជនជាតិដើមភាគតិចកម្ពុជា លោក ហ៊ាន ប៊ុនហៀង ធ្លាប់បញ្ជាក់ថា មិនទាន់មានទិន្នន័យជាក់លាក់បង្ហាញពីចំនួនជនជាតិដើមភាគតិចនៅឡើយទេ ប៉ុន្តែ លោកប៉ាន់ប្រមាណថា បច្ចុប្បន្នអាចមានចំនួនជនជាតិដើមភាគតិចប្រមាណ៤០ម៉ឺននាក់ ឬស្មើប្រមាណ២ភាគរយនៃប្រជាជនកម្ពុជាសរុប៕  ​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ