សាលារាជធានីព្រមានអ្នកបន្លំសម្លៀកបំពាក់សមត្ថកិច្ច ប្រឈមចាប់បញ្ជូនទៅតុលាការ

ទិដ្ឋភាពទីតាំងមួយកន្លែង ក្នុងក្រុងភ្នំពេញ មុនថ្ងៃប្រារព្ធពិធីបុណ្យអុំទូកមួយថ្ងៃ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ ជន ចាន់រ៉ែន

​សាលារាជធានីភ្នំពេញព្រមានចាត់វិធានការច្បាប់ឈានដល់បញ្ជូនទៅតុលាការ ចំពោះសាធារណជនបន្លំស្លៀកពាក់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ ឬប្រហាក់ប្រហែលនៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងថ្ងៃបុណ្យអុំទូក ដែលនាំឲ្យមានការភាន់ច្រឡំថាជាសមត្ថកិច្ច ហើយអាចបង្កឲ្យមានចលា​ចល​ក្នុងសង្គម។

ក្នុងសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញចុះផ្សាយកាលពីថ្ងៃទី៥ ខែវិច្ឆិកា ម្សិលមិញនេះថា សាធារណជន និងអាជីវករទាំងអស់ក្នុងរាជធានីភ្នំពេញ មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធ ឬប្រហាក់ប្រហែល ដែលមានអក្សរ POLICE PM ARMY ឬប្រើវិទ្យុទាក់ទង ឬឧបករណ៍ផ្សេងៗ ដោយគ្មានការអនុញ្ញាត ធ្វើឲ្យមហាជនមានការភាន់ច្រឡំថាជាសមត្ថកិច្ច ហើយអាចបន្លំខ្លួនប្រព្រឹត្តបទល្មើសផ្សេងៗបង្កចលាចលក្នុងសង្គមជាដើម។

ករណីនេះ សាលារាជធានីព្រមានថា បើសាធារណជន និងអាជីវកររូបណា ដែលមិនធ្វើតាមការណែនាំទេ ស្ថាប័ននេះនឹងចាត់វិធានការច្បាប់។ សេចក្តីជូនដំណឹងមានខ្លឹមសារថា៖

«ប្រសិនបើពិនិត្យឃើញថា មានសកម្មភាពនេះកើតឡើង ត្រូវចាត់វិធានការអប់រំ ណែនាំ ឲ្យបញ្ឈប់លក់ដូរ ការទិញ។ ក្នុងករណីបង្កជាបទល្មើសជាក់ស្តែង ត្រូវឃាត់ខ្លូន និងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់​»។

ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធទៅចាប់​ពីថ្ងៃទី១០ ដល់ ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា សមត្ថកិច្ចនឹងត្រូវដាក់ពង្រាយនៅថ្ងៃបុណ្យអុំទូក ការពារសុវត្ថិភាពប្រជាពលរដ្ឋមានចំនួនជិត២ម៉ឺននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ