អាជ្ញាធរខេត្តព្រះសីហនុផ្អាកដំណើរការសាងសង់អគារមួយ ក្រោយកឃើញថាប្រេះស្រុត

អាជ្ញាធរខេត្តចុះទៅជម្លៀសកម្មករចេញពីអគារ ក្រោយពីមានសេចក្តីរាយការណ៍ថា អគារដែលកម្មករទាំងនោះកំពុងសាងសង់បានប្រេះខឿនគ្រឹះហើយស្រុត នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ khmernews

អាជ្ញាធរខេត្តព្រះសីហនុ សម្រេចផ្អាកដំណើរការសាងសង់សំណង់អគារមួយកន្លែងជាកម្មសិទ្ធិរបស់ជនជាតិចិ​ន ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ក្រោយពីរកឃើញថា អគារនោះមានស្ថានភាពស្រុតចុះ និងប្រេះស្រាំខឿនគ្រឹះក្រោម។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់វីអូឌីថា កាលពីម្សិលមិញនេះ អាជ្ញាធរខេត្តចុះទៅជម្លៀសកម្មករចេញពីអគារ ក្រោយពីមានសេចក្តីរាយការណ៍ថា អគារដែលកម្មករទាំងនោះកំពុងសាងសង់បានប្រេះខឿនគ្រឹះហើយស្រុត។ លោកបន្ថែមថា៖

«ខាងជំនាញលោកកំពុងស្រាវជ្រាវ និងធ្វើការលម្អិតថា ក្រុមហ៊ុនណាគាត់ទទួលម៉ៅការសាងសង់។ នៅពេលជំនាញលោកចុះពិនិត្យរួចរាល់ហើយ លោកសម្រេចយ៉ាងណានោះ អាហ្នឹងយើងរងចាំរបាយការណ៍សម្រេចរបស់ជំនាញ ឥលូវយើងផ្អាកហើយមិនឲ្យធ្វើសកម្មភាពអីទេ»

លោក ឃាង ភារម្យ ឲ្យដឹងថា ម្ចាស់សំណង់ជាជនជាតិចិនដែលបានជួលដីពីពលរដ្ឋខ្មែរ គ្រោងសាងសង់អគារ៦ជាន់ និងមានកម្មករ៥១នាក់កំពុងបម្រើការងារក្នុងការដ្ឋានសំណង់នោះ។

វិស្វ័ករសំណង់ម្នាក់ លោក គង់ វាសនា មានប្រសាសន៍ថា តាមបច្ចេកទេសសំណង់ និងបទពិសោធន៍នៃការសិក្សាផ្នែកសំណង់ ប្រសិនបើសំណង់អគារខ្ពស់មានបញ្ហាបាក់ ឬស្រុតហើយ មិនអាចបន្តការសាងសង់ទៀតបានឡើយ។

វិស្វ័កររូបនេះបន្តថា តាមបច្ចេកទេស គឺគេកម្រិតឲ្យសំណង់អគារមួយស្រុតបានត្រឹមតែ៥ហ៊ុន ទៅ៧ហ៊ុនប៉ុណ្ណោះ ហើយថា ប្រសិនបើបង្ខំសាងសង់ វានឹងរលំ ឬបាក់ក្នុងរយៈពេលខ្លីណាមួយមិនខាន។ លោកបន្ថែមថា៖

«ព្រោះថា បើមានករណីអគារស្រុត គេមានកំណត់ឲ្យវាស្រុតត្រឹម៥ហ៊ុន ទៅ៧ហ៊ុនទេ បើវាស្រុតទៅដល់២ ទៅ៣តឹក វានឹងធ្វើឲ្យអាគារហ្នឹងប្រេះ ឬក៏បាក់។ អញ្ចឹងហើយយើងមិនអាចបន្តការសាងសង់បានទេ»

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ លោក សុខ គីន ជំរុញទៅរដ្ឋាភិបាល និងអាជ្ញាធរត្រូវបានមានវិធានការច្បាប់តឹងរឹងចំពោះម្ចាស់សំណង់អគារទាំងឡាយណាដែលមិនគោរពច្បាប់ ដោយថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់របស់កម្មករសំណង់។

លោក សុខ គីន កន្លងមកកម្មករសំណង់ជាច្រើនបានរងគ្រោះដោយសារការដ្ឋានសំណង់ដែលគ្មានគុណភាព និងគ្មានច្បាប់ទំលាប់ត្រឹមត្រូវ។ លោកបន្ថែមថា៖

« អញ្ចឹងជាគំនិតរបស់ខ្ញុំចង់ឲ្យអាជ្ញាធរដែលពាក់ព័ន្ធជំរុញទៅក្រុមហ៊ុនទាំងអស់ហ្នឹង អនុវត្តច្បាប់តែមួយជាគោល។ យើងត្រូវមានច្បាប់អនុញ្ញាតការសាងសង់ គុណភាពសំណង់ត្រូវមានតាមស្តង់ដារទៅតាមច្បាប់កំណត់ ការត្រួតពិនិត្យត្រឹមត្រូវ។ អញ្ចឹង ខ្ញុំគិតថា គោរពទៅតាមច្បាប់ទាំងអស់ហ្នឹង វាលែងមានបញ្ហាធ្លាក់ បាក់ស្រុតអាគារ លែងមានហើយ»

កាលពីខែមិថុនា មានហេតុការណ៍បាក់អគារកម្ពស់ ៧ជាន់នៅខេត្តព្រះសីហនុ ដោយបានសង្កត់មនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់ ក្រោយមករដ្ឋាភិបាលបានបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ក្នុងខេត្តនេះ ដើម្បីស្វែងរកសំណង់ខុសច្បាប់ និងសំណង់មិនគោរពស្តង់ដារសុវត្ថិភាព ដោយតម្រូវឱ្យរុះរើចេញជាបន្ទាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ