លោក ហ៊ុន សែន ប្រាប់ឱ្យលោក សម រង្ស៊ី ជិះយន្តហោះផ្ទាល់មកកម្ពុជា

លោក ហ៊ុន សែន និងលោក សម រង្ស៊ី។

លោក ហ៊ុន សែន នៅព្រឹកនេះ បានប្រាប់ឱ្យលោក សម រង្ស៊ី ជិះយន្តហោះពីប្រទេសបារាំងចូលទឹកដីកម្ពុជាដោយផ្ទាល់ មិនបាច់ត្រូវឆ្លងកាត់ប្រទេសថៃនោះទេ។​

នៅក្នុងកម្មវិធីមួយនៅព្រឹកនេះ លោក ហ៊ុន សែន ថ្លែងថា លោក សម រង្ស៊ី បានពន្យារពេលនៃការចេញដំណើរពីប្រទេសបារាំងពីថ្ងៃទី៧ ទៅថ្ងៃទី៩វិញ។ លោក បន្តថា ជំហានបន្ទាប់លោក សម រង្ស៊ី នឹងប្រាប់អ្នកគាំទ្រថា មិនអាចចូលកម្ពុជាបានទេ ដោយសារតែរដ្ឋាភិបាលថៃមិនឱ្យឆ្លងកាត់។​

លោក ហ៊ុន សែន បញ្ជាក់ថា បើលោក សម រង្ស៊ី ពិតជាចង់ចាប់រូបលោកមែនគួរធ្វើដំណើរតាមយន្តហោះដោយផ្ទាល់ចូលកម្ពុជា ដោយមិនចាំបាច់ត្រូវឆ្លងកាត់ប្រទេសថៃនោះទេ។​លោក ហ៊ុន សែន​៖

«ឥឡូវបងប្អូនគិតមើល៎! ថា មកថ្ងៃ៧ មកដល់ថៃថ្ងៃ៨ ហើយចូលកម្ពុជាថ្ងៃ៩។ ឥឡូវដូរយន្តហោះចេញថ្ងៃ៩ មកពីសាដឺហ្គោលមកសុវណ្ណភូមិបាងកក។ ចឹងបានន័យថា ម៉េចអ្នកគាំទ្រទាំងឡាយ ជឿជាក់បានអត់? តិចទៀត នឹងប្រកាសថា មិនមកទេ ដោយសារថៃមិនឱ្យចូល។ ចុះបើថៃមិនឱ្យចូលម៉េចមិនជិះយន្តហោះមកចុះនៅសៀមរាប ចុះនៅភ្នំពេញ នៅនេះតែម្តងទៅ ម៉េចក៏ចាំបាច់មកតាមហ្នឹង។»

រដ្ឋាភិបាលកម្ពុជាបានផ្ញើលិខិតទៅកាន់ប្រទេសជាសមាជិកអាស៊ាន ឱ្យប្រឆាំងមេដឹកនាំរបស់គណបក្សប្រឆាំងដែលចោទថា ប៉ុនប៉ងចូលកម្ពុជាផ្តួលរំលំរដ្ឋាភិបាល។​​ ទន្ទឹមនឹងនេះកម្ពុជាក៏បានហាមក្រុមហ៊ុនដឹកអ្នកដំណើរតាមយន្តហោះចំនួន​៤៧ មិនឱ្យដឹកលោក សម រង្ស៊ី ចូលកម្ពុជាទេ ហើយថា បើក្រុមហ៊ុនណាហ៊ានល្មើស នឹងត្រូវមានទោសពីបទ«រួមគំនិតក្បត់ជាតិ»។

កាលពីថ្ងៃពុធម្សិលមិញ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ហើយថា មិនអនុញ្ញាតឱ្យលោក សម រង្ស៊ី ចូលទឹកដីថៃទេ ដោយផ្អែកលើការទំនាក់ទំនងជាមួយកម្ពុជា និងគោលការណ៍របស់អាស៊ាន។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ